ខេត្តកំពត៖ ចោរដៃ​ឆៅអាច​មានគ្នា​៤នាក់​បានបាញ់​សម្លាប់​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​កាមរី ​បាឡែន​ច្រាន​ទម្លាក់ចេញ​ពីរថយន្ដ​ដេកដួល​កណ្ដាលថ្នល់​ប្លន់​យក​រថយន្ដ​ នោះរត់​គេចខ្លួន​ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ ធ្វើឱ្យ​ប៉ូលិសដេញ​ប៉ផាប់​ចាប់ពភីង​ ដែលហេតុ​ការណ៍នេះ​បានកើត​ឡើងកាល​ពីវេលា​ម៉ោង៦និង​១០នាទី​ល្ងាច​ ថ្ងៃទី១០​ឧសភា ​២០១២​ ស្ថិតក្នុង​ភូមិថ្មី​ ឃុំថ្មី ស្រុកទឹកឈូ គឺប៉ូលិស​ដេញតាំង​ពីខេត្តកំពត​រហូត​មកដល់​ខេត្តកំពង់ស្ពឺ។

បុរសរង​គ្រោះឈ្មោះ​សើ ឌៀត​ អាយុ៤២​ឆ្នាំ ជាជន​ជាតិ​ខ្មែរអ៊ិស្លាម​ ជាអ្នករត់​តាក់ស៊ី​ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង​ សង្កាត់កំពង់បាយ ក្រុងកំពត... រថយន្ដ​ដែលចោរ​ប្លន់យក​ទៅនោះ​ម៉ាកកាមរី​បាឡែន ពណ៌ទឹក​មាស។ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹងថា​​ ក្រុមចោរ​៤នាក់​នោះបាន​ជួល​រថយន្ដ​របស់លោក​សើ ឌៀត​ ជិះ​ ​ដោយលោក​​សើ ឌៀត ជាអ្នក​បើកបរ​ជូនដំណើរពួកគេ លុះដល់​កន្លែងកើតហេតុ ពួកចោរបាន​ប្រើល្បិច​ថា​ ឈប់ឡានមួយ​ភ្លែត​ដើម្បីបត់ជើង​តូច។​ ពេលឡាន​ឈប់មិនបាន​ប៉ុន្មានផង​ ចោរម្នាក់បាន​ដកកាំភ្លើង​បាញ់ម្ចាស់​រថយន្ដ៤គ្រាប់​តែម្ដង​​ បណ្ដាល​ឱ្យត្រូវ​៣គ្រាប់​ រួចហើយ​ ច្រានសើ ឌៀត ទម្លាក់ពីលើរថយន្ដ​តែម្ដងឱ្យដេកដួល​ក្នុងថ្លុកឈាម​កណ្ដាលថ្នល់​។

ក្រោយបាញ់សម្លាប់ម្ចាស់ឡានហើយ​ ពួកចោរបាន​បើកឡាន​ទៅ​​មុខបាន​ប្រហែល​​៣០០-​៤០០ម៉ែត្រ ក៏ត្រឡប់​ឡានមកក្រោយវិញ​ សំដៅទៅរាជធានី​ភ្នំពេញ ដែលខណៈនោះបានបែក​ការណ៍ផ្អើល​ឆោឡោ​ដល់ប៉ូលិស​ និងប្រជាពលរដ្ឋ​ ហើយបានទាក់ទងទៅគ្រប់​សមត្ថកិច្ច​ទាំងអស់ឱ្យ​ស្ទាក់ចាប់​។ រថយន្ដកាមរីបាឡែន​ដែលក្រុម​ចោរបើករត់​ត្រូវបាន​គេប្រទះឃើញ​ នៅម្ដុំផ្សារថ្នល់ទទឹង​ ភូមិដំណាក់អម្ពិល​ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប៉ូលិសដេញ​ប្រមាញ់​រហូតដល់ភូមិ​ត្រពាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ហើយពេល​នោះក្រុម​បានបើកទ្វារ​រថយន្ដចុះ​ និងបាញ់តដៃជាមួយ​ប៉ូលិស​​មួយប្រាវ មុន​ពេលរត់​ចូលព្រៃ​លាក់​ខ្លួន។

រថយន្ដ​កាមរី​បាឡែន​ដែលចោរ​ទុកចោល​កណ្ដាលផ្លូវ ត្រូវបាន​ប៉ូលិស​នាំយក​មករក្សា​ទុកនៅ​ទីបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ ខេត្តកំពង់ស្ពឺ​ ដើម្បីស៊ើបអង្កេតបន្ដ​ទៀត​ ព័ត៌មាន​លំអិត​នឹងផ្សាយជូន​នៅពេលក្រោយ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]