ខេត្ត​រតន​គិរី​ ៖ ទូ​មាស​មួយ​នៅផ្សារ​បាន​លុង​​ ត្រូវ​ក្រុម​ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចូល​ប្លន់​យក​​​គ្រឿង​អលង្ការ ​សរុប​អស់ជាង​១០០តម្លឹង​​មាស​ ហើយ​រត់​គេច​​ខ្លួន​បាត់ដោយ​សុវត្ថិភាព​ ។ ​អំពើ​ប្លន់​នេះ​បាន​កើតឡើង​ខណៈ​ជន​រងគ្រោះ​ជាអាជី​ករ​កំពុង​អង្គុយ​​​លក់​ គ្រឿង​អលង្ការ​នៅ​មុខ​ផ្ទះ​ម្នាក់​ឯង​​នាវេលា​ម៉ោង​ប្រហែល​​៤​និង​៣០​នាទី​ ល្ងាច​ថ្ងៃទី​៩ ឧសភា​ ។

សាក្សី​លក់​ដូរ​នៅជិត​ខាង​ទូ​មាស​និយាយ​ថា​ ​ក្រុម​ចោរ​​​ប្រ​ដាប់​ដោយ​កាំភ្លើង​​​មាន​គ្នា​៦​នាក់​ និង​បាន​បាញ់​គម្រាម​​ចំនួន​ពីរគ្រាប់​​​ ព្រម​ទាំង​កាប់​នឹង​ពូថៅ​ផង​ដែរ​ ​បណ្តាល​ឱ្យ​ម្ចាស់​ទូមាស​​​រង​​របួស​ក្បាល​ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​ ភ្លាម​ៗ​ ។ ​

តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ម្ចាស់​ ទូ​មាស​ដែល​រងគ្រោះ​ឈ្មោះ​ឡុង​ សំណាង​ ហៅ​តាម៉ាប់​ ភេទ​ប្រុស​ អាយុ​ជាង​៥០​ឆ្នាំ​ ជាអា​ណិក​​ជន​ខ្មែរ​ នៅ​អូស្ត្រាលី​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ ដោយប្រកប​​របរ​លក់​មាស​​ ដូរ​ប្រាក់​នៅផ្សារ​បានលុង​ ហើយ​ផ្ទះ​ដែល​ស្នាក់​នៅ​បាន​​បើក​កន្លែង​លក់​មាស​នៅមុខ​ផ្ទះ​ ​​មាន​ចំនួន​ពីរ​គ្រួសារ​ ១-ឈ្មោះ​ឡុង សំណាង​ ជនរងគ្រោះ​ និងក្រុម​គ្រួសារ​ ២-​ឈ្មោះសុខ​ គីម​សន​ ភ្នាក់​ងារ​ទូរ​ទស្សន៍​បា​យ័ន​ប្រចាំ​ខេត្ត​រតន​គិរី​ ដែល​​ត្រូវជា​ប្អូន​ថ្លៃ​ជន​រងគ្រោះ​ ហើយ​មាន​មុខ​របរ​​ជា​អ្នក​​លក់​គ្រឿង​អលង្ការ​​ដែរ​ ​នៅក្នុងផ្សារ​បាន​លុង​ ។

គួរ​កត់​សម្គាល់​ថា​ នៅ​ចំណុច​កើត​ហេតុ​នោះ​​​មាន​ផ្ទះ​លក់​មាស​តែ​មួយ​កន្លែង​នេះ​ទេ​ ។ ​នៅជុំ​វិញ​នោះ​មាន​លក់​របស់​របរ​ផ្សេង​ជាច្រើន​ទៀត​ ​នៅ​ជាប់​ៗ​គ្នា​ ។ ​តាម​ការ​រៀប​រាប់​របស់​ជនរង​គ្រោះ​បាន​​និយាយ​​ថា​ ​មុន​ពេល​កើត​ហេតុ​ការណ៍​​ប្លន់​នេះ​ ​​គាត់​​អង្គុយ​លក់​មាស​ម្នាក់​ឯង​ នៅ​មុខ​ផ្ទះ​ស្រាប់​តែ​ឃើញ​មនុស្ស​មួយ​​ក្រុម​មាន​គ្នា​៦​នាក់​ សម្រុក​ចូល​មក​សំដៅ​រូបគាត់​ រួចជន​ម្នាក់​​បាន​យក​កាំភ្លើង​​ភ្ជង់គាត់​ ហើយ​ម្នាក់​ទៀត​ចូល​ទៅ​​ភ្ជង់​ប្រពន្ធ​របស់​គាត់​នៅក្នុងផ្ទះ​​។ ឯ​ពីរ​នាក់​ទៀ​ត​ កាន់​ពូថៅ​ ម្នាក់​មួយ​បាន​វាយបំបែក​កញ្ចក់​ទូរ​មាស​លាន់​ប្រាវ​អត់​ញញើត​ដៃ​ រួច​​ប្រមូល​យក​គ្រឿង​អលង្ការ​ក្នុង​ទូ​​ដាក់​ស្បោង​ និង​ម្នាក់​ទៀត​ប្រវាយ​ប្រតប់​ជាមួយ​ម្ចាស់​ទូ​មាស​ឈ្មោះ​ឡុង​ សំណាង​ ​​ដែល​គាត​់ត​ដៃ​ និង​កាប់​ចំក្បាល​​ត្រូវ​បញ្ជិត​បន្តិច​ ​​។ មាន​គ្នា​ម្នាក់​ទៀត​ ​កំពុង​ឈរ​បញ្ជេះ​ម៉ូតូ​ចាំ​នៅ​មាត់​ច្រក​ចេញ​​ចូល​ផ្ទះ​កើត​ហេតុ​ជា​ស្រេច​ ។ ​សាច់​ញាតិ​ជន​រងគ្រោះ​បាន​បន្ត​ថា​ ​ក្រុម​ចោរ​ប្លន់​វាយបំបែក​ទូយក​គ្រឿង​អលង្ការ​ ​ប្រាក់​ដុល្លារ​ និង​ប្រាក់​រៀល​​​សរុប​អស់​ចំនួន​ជាង​មួយ​រយ​តម្លឹង​​មាស​ ​។

ក្រុមគ្រួសារ​ដែល​រស់​នៅ​ក្នុងផ្ទះ​កើត​ហេតុ​នេះ​ក៏​ ធ្លាប់​រងគ្រោះ​ដោយ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​ចំនួន​៣​លើក​មក​ហើយ​​ ដែល​លើក​ទី​១​ចោរ​ប្លន់ផ្ទះ​កន្លែង​កើត​ហេតុ​នេះ​ ​នៅ​ឆ្នាំ​២០០៧​ តែ​ក្រុ​ម​ចោរ​ប្លន់​ក៏​ត្រូវ​បាន​បង្ក្រាប។​ លើក​ទី​ពីរ​ប្លន់​ផ្ទះ​លោក​សុខ​ គឹ​ម​​សន​ ភ្នាក់ងារ​ទូរទស្សន៍​បាយ័ន​​ក្នុងឆ្នាំ​២០១០​ ស្ថិត​ក្នុងភូមិ​១​ សង្កាត់​ឡាបាន​សៀក​ ស្រុក​បាន​លុង​ ដែល​នៅខាង​លិច​ផ្សារ​ រំលង​មួយ​ផ្លូវ​ ​។ ​លុះ​ក្រោយ​មក​លោក​សុខ​ គឹម​សន ​បាន​ជួល​ផ្ទះ​នោះ​ឱ្យ​អ្នក​ផ្សេង​រស់​នៅ​ ឯ​ខ្លួន​និង​ក្រុម​គ្រួសារ​បាន​មក​រស់​នៅ​ជាមួយ​បងថ្លៃ​ ដែល​ជាជន​រង​គ្រោះ​ ក៏​ត្រូវ​ក្រុម​ចោរ​ចូល​ប្លន់​​ជា​លើក​ទី​៣​នេះ​ ។

ប្រភព​ព័ត៌​មា​ន​បន្ត​ថា​ ​នៅ​ពេល​ដែល​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្ម​ភាព​​ប្លន់​នោះ​​ អ្នកនៅ​ជុំ​វិញ​​បាន​ឃើញ​ក្រុម​ចោរ​​​ស្រែក​គម្រាម​អ្នក​លក់​នៅ​ក្បែរ​នោះថា ​ ​បើ​ខ្លាច​ងាប់​នាំ​គ្នា​ក្រាប​ កុំ​ចូល​មក​ ហើយ​​មនុស្ស​ម្នា​ក្បែរ​នោះ​ខ្លះ​រត​់​ចេញ​ ​ខ្លះ​ក្រាប​នៅនឹងដី​ ព្រោះ​ខ្លាច​អំណាច​ចោរ​ ​។ ​បន្ទាប់ពី​ប្រមូល​បានគ្រឿង​អលង្ការ​ហើយ​​ក្រុម​ចោរ​បាន​បាញ់​ឡើងលើ​ចំនួន​ ពីរ​គ្រាប់​ ហើយ​អាមេ​គ្រាប់​កាំភ្លើង​ស្អុយ​ដែល​មិន​ផ្ទុះ​ចេញ​ចំនួន​៥​គ្រាប់​ គឺ​ជាគ្រាប់​កាំ​ភ្លើង​AK ដែល​គេសង្ស័យ​ថា​ ​ជា​កាំភ្លើង​​​អាកា​​ច្នៃ​ដោយ​កាត់​កាណុង​ កាត់​ស្វាយ​ ។

​សូម​បញ្ជាក់​ថា​ ក្រុម​ចោរ​ប្លន់​មានចំនួន​៦​នាក់​ ជិះ​ម៉ូតូ​ចំនួន​ពីរគ្រឿង​ ពីរនាក់​ភ្ជង់​កាំ​ភ្លើង​ប្តី​ពី​ចម្ងាយ​ ពីរនាក់​​ទៀត​​កាន់​ពូថៅ​ចូល​ទៅ​វាយ​ទូ​មាស​​​ និងបាន​​ប្រវាយ​ប្រតប់​ជាមួយប្តី​​គាត់​ ម្នាក់​ទៀត​ភ្ជង់​កាំភ្លើង​ប្រពន្ធ​ និង​ម្នាក​់​ទៀត​​បញ្ជេះ​ម៉ូតូ​ចំ​​ផ្លូវ​ដែល​ពួក​វា​ចាត់​ចែង​ទុក​​មុន​ ជាស្រេច​​ ។ ពេល​វាយ​ទូ​មាស​បែក​កញ្ចក់​ហើយ​ ពួក​វា​​ប្រមូល​គ្រឿង​អលង្ការ​ដាក់​ស្បោង​​រួច​រត់​ប្រសេច​ប្រសាច​ខ្លាច​មាន ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ ​។

​លោក​ឯម​ វុន​ ​អធិការ​​​នគរ​បាល​ក្រុង​បាន​លុង​បាន​និយាយ​ថា ​ក្រុម​ចោរ​ប្លន់​អាច​មក​ពី​ស្រុក​ក្រោម​ ដែល​ពេល​នេះ​លោក​កំពុង​​ចាត់​កម្លាំង​តាម​​ស្រាវ​ជ្រាវ​គ្រប់​ច្រក​ល្ហក​ ​និង​តាម​បណ្តា​ខេត្ត ​ជាប់​ព្រំប្រទល់​។ ​លោក​បាន​បង្ហើ​ប​ថា​ ​ក្រុម​ចោរ​ប្លន់​អាច​កំពុង​រត់​គេច​ទៅ​ទិស​ខាង​ជើង​​​ផ្សារ​បាន​លុង​ត្រង់​ ច្រក​ផ្លូវ​ភូមិ​ធួយ​អំពិល​ ក្នុងស្រុក​អូរជុំ​ ហើយ​លោក​កំពុង​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ​។

​ករណី​ប្លន់​នៅ​វេលា​ល្ងាច​បែប​នេះ​មាន​ពីរ​ករណី​ហើយ​ ដូច​ជា​នៅចំណុច​ភូមិ​៧​ សង្កាត់​ឡា​បាន​​សៀក​ ក្រុង​បាន​លុង​ ​លើ​ទួល​កម្សាន្ត​ ប្រដាប់​ដោយ​កំាភ្លើង​AK​ ​យក​បាន​ខ្សែ​.ក​១តម្លឹង​ ​និងកាបូប​លុយ​ គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ។ជន​រង​គ្រោះ​ឈ្មោះ​សាស​ សុខ​ហ៊ាង ​ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ត្រូវ​ក្រុម​ចោរបាញ់​ត្រូវពោះ​របួស​ធ្ងន់​ ​​កំពុង​​សម្រាក​ព្យាបាល​នៅ​ប្រទេ​ស​វៀត​ណាម​ ​។

ជុំវិញ​អំពើ​ប្លន់​ដ៏​កក្រើក​នៅក្រុង​បាន​លុង​នេះ​ នៅ​រសៀល​ថ្ងៃទី​១០​ ឧសភា​ មា​នព័ត៌មាន​ឱ្យ​ដឹង​ថា​ ​សមត្ថ​កិច្ច​បាន​រក​ឃើញ​ម៉ូតូ​ចោរប្លន់​​២គ្រឿង​លាក់​ក្នុង​ព្រៃ​ចំណុច​ ក្រោយ​វត្ត​ស្វាយ​ចម្ងាយ​២​ទៅ​៣​គីឡូម៉ែត្រ​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​កាចាញ​ ​ក្រុង​បាន​លុង​ ជា​តំបន់​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ធួយ​អំពិល​ ឃុំ​ចាអ៊ុង​ ស្រុក​អូរ​ជុំ​ ។ ម៉ូតូ​ទាំង​២​គ្រឿង​ដែ​ល​បាន​ប្រទះ​ឃើញ​នេះ​មួយ​គ្រឿង​ម៉ាក​វីវ៉ា​ ពណ៌​ខ្មៅ​ និង​មួយ​គ្រឿង​ទៀត​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ​ ​។ ម៉ូតូ​ទាំង​២​គ្រឿង​នេះ​ត្រូវបាន​ពួក​ចោរ​កាច់​ស្លាក​លេខ​ចេញ​។ ក្រៅ​ពី​ការប្រទះ​ឃើញ​ម៉ូតូចោរ​ដែល​លាក់​ចោល​ក្នុង​ព្រៃ​ សមត្ថ​កិច្ច​ក៏​បាន​រក​ឃើញ​អាវធំ​​១​​និង​មួក​សុវត្ថិភាព​១​ដែរ​ ។ អាវ​ធំ​នោះ​​គឺ​ពួ​ក​ចោរ​ពាក់​ងាយ​ស្រួល​លាក់កាំភ្លើង​ ។ បើ​គិត​​​ចម្ងាយ​ពី​ផ្សារ​បាន​លុង​ទៅ​ដល់​ចំណុច​ព្រៃ​ដែល​ចោរលាក់​ម៉ូតូ​​​ គឺប្រមាណ​៥​ទៅ​៦​គីឡូ​ម៉ែត្រ​ ​។

អំពើ​ប្លន់​អ្នកលក់​មាស​នេះ បាន​ធ្វើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​បញ្ជូន​ក្រុម​មន្ត្រី​ពី​នាយ​ក​​ដ្ឋាន​កណ្តាល ​យុត្តិ​ធម៌​ទៅ​ចូលរួម​​ស្រាវ​ជ្រាវ​​​យ៉ាង​ក្តៅ​គគុក​​ក្នុងការ​តាម​​ ប្រមាញ់​ក្រុម​ចោរ​នោះ​ផង​ដែរ​ ព្រោះ​​សកម្មភាព​របស់​ក្រុម​ចោរ​មាន​ភាព​កាន់​តែ​ព្រហើន​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]