រាជធានីភ្នំពេញ ៖ ក្នុងពេលដែលនាងស្វែង សុជាតា កំពុងតែបារម្ភពីជំងឺដុះ សាច់ក្នុងខួរក្បាលរបស់ខ្លួន កូនរបស់នាងបានសរសេរសំបុត្រមួយច្បាប់ ជូនទៅនាងបង្ហាញពីការព្រួយបារម្ភជាពន់ ពេកប្រសិនបើថ្ងៃណាមួយគេ បាត់បង់ម្តាយជាទីស្រឡាញ់នោះ ។

ការបញ្ចេញសំបុត្រកូនរបស់ខ្លួនសរសេរ ដោយផ្ទាល់ដៃនេះឡើងរបស់នាងស្វែង សុជាតា  បន្ទាប់ពីនាងបង្ហោះរូបភាពមួយ ចំនួនបង្ហាញពីស្ថានភាពបច្ចុប្បន្ន ព្រោះតែសក់ដែលធ្លាប់ជាទីទាក់ទាញរបស់ នាងត្រូវជ្រុះស្ទើរពាក់កណ្ដាលទៅហើយ ខណៈដែលវេជ្ជបណ្ឌិតប្រាប់ថា ដោយសារតែខួរក្បាល របស់នាងមានសភាពក្ដៅខ្លាំងពេក ។

បើទោះបីជាការសរសេរក្នុងសំបុត្រមើលទៅ ពិបាកអានបន្តិចក៏ដោយ ប៉ុន្តែតាមការពិនិត្យពីអត្ថន័យ របស់ក្មេងតូចម្នាក់នោះសរសេរ គឺបង្ហាញពីការស្រឡាញ់ និងការព្រួយបារម្ភពីអាការជំងឺ និងការបាត់បង់ម្តាយរបស់ខ្លួន ។ក្នុងសំបុត្រនោះសរសេរថា «កូនខ្លាចថ្ងៃណាមួយអ្នកម៉ាក់ឈប់បើកភ្នែករហូត កូនខ្លាចថ្ងៃណាមួយគ្មានអ្នកម៉ាក់ថើបទៀត កូនខ្លាចថ្ងៃណាមួយគ្មាន អ្នកម៉ាក់សម្រាន្តជិតកូន ពេលកូនភ្ញាក់ឡើង កូនចង់ឃើញអ្នកម៉ាក់ឈប់យំ កូនស្អប់ថ្ងៃដែលគ្មានអ្នកម៉ាក់ កូនស្អប់ជំងឺដែលចូលមកក្នុងខ្លួនរបស់អ្នកម៉ាក់ និងឃ្លាចុងក្រោយបានសរសេរថា កូនស្រឡាញ់អ្នកម៉ាក់ សូមពេលវេលាកុំយកអ្នកម៉ាក់ខ្ញុំទៅណា ចាំខ្ញុំធំសិន» ។

តាមអត្ថន័យនៃសំបុត្រនេះបានបង្ហាញយ៉ាងច្បាស់ថា ជំងឺដុះសាច់ក្នុងខួរក្បាលរបស់ស្វែង សុជាតា កំពុងតែធ្វើឲ្យក្រុម គ្រួសាររបស់នាងបារម្ភយ៉ាងខ្លាំង ខណៈពេលដែលជំងឺដ៏អាក្រក់នេះធ្វើឱ្យ រូបរាងកាយរបស់នាងស្គមស្គាំងខុសពីធម្មតា ។តារាសម្តែងអភ័ព្វស្នេហ៍រូបនេះបាន ដឹងយ៉ាងច្បាស់ពីស្ថានភាពជំងឺរបស់នាងនាពេលនេះហើយនាង ក៏ធ្លាប់បញ្ចេញឲ្យមិត្តភក្តិនិងអ្នកគាំទ្ររបស់នាង បានដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។

ជាក់ស្តែងកាលពីពេល ថ្មីៗនេះនាងស្វែង សុជាតា បានបង្ហោះរូបភាពបង្ហាញពីការ ជ្រុះសក់ក្បាលរបស់នាងដោយសារតែជំងឺ អមដោយសារជាភាសាអង់គ្លេសបញ្ជាក់ ប្រាប់ពីស្ថានភាព ជំងឺរបស់នាងដល់មិត្តភក្តិ និងអ្នកគាំទ្ររបស់នាង ។សារដែលនាងស្វែង សុជាតា សរសេរនោះមានន័យថា សក់ក្បាលរបស់នាងមាន បញ្ហាមានន័យថា ខួរក្បាលរបស់នាងមិនប្រសើរឡើយ ហើយគ្រូពេទ្យបានប្រាប់ថា ក្បាលរបស់នាងមានសភាពក្តៅ ។ ដូច្នេះសក់ក្បាលរបស់នាងលែងស្អាតទៀតហើយ ព្រោះនាងបានបាត់បង់សក់ច្រើនណាស់ ប៉ុន្តែនាងមិនមានការភ័យខ្លាចឡើយ ពោលគឺនាងនៅតែរឹងមាំ ហើយនាងត្រូវតែឈ្នះជំងឺទាំងនេះ ។

បន្ទាប់ពីបង្ហោះរូបភាព និងសារនោះមកមានមិត្តភក្តិក្នុងហ្វេសប៊ុក ប្រហែលជិត២០០នាក់នាំគ្នាចូលមើល ហើយ ម្នាក់ៗសុទ្ធតែបានស ម្តែងការសោកស្តាយ និងអាណិតអាសូរដល់រូបនាង ខណៈពេលដែលមួយចំនួនទៀតបាន ជូនពរនាងឲ្យបានឆាប់ជាសះស្បើយ ។
ស្វែង សុជាតា បានឆ្លើយតបថា «ខ្ញុំអាចគេងជារៀងរហូត ប៉ុន្តែខ្ញុំមិនខ្វល់ ។ វេជ្ជបណ្ឌិតប្រាប់ថា ថ្នាំពិសេសបំផុតគឺអ្នកនៅក្បែរ មិនអាចធ្វើឲ្យខ្ញុំឈឺចាប់ ឬប៉ះពាល់ស្មារតីទេ»។ សុជាតា បានអះអាងប្រកបដោយជំនឿចិត្តថា នាងត្រូវតែរឹងមាំ ហើយត្រូវតែឈ្នះជំងឺនេះជាដាច់ខាត ។ នាងមានកូនប្រុសស្រីបីនាក់ដែលត្រូវចិញ្ចឹមថែរក្សាក្នុងបន្ទុក ។

ស្វែង សុជាតា បញ្ជាក់ថា«ប្រសិនបើមានសំណាងល្អ ខ្ញុំអាចរស់នៅបាន២ ឬ៣ឆ្នាំក្រោយប៉ុន្តែបើសំណាងអាក្រក់នោះ គឺមិនអាចរស់នៅបន្តបានទេ និងមានតែពាក្យលាលោកនេះជារៀងរហូតប៉ុណ្ណោះ» ។ តារាឆ្នាសឆ្នើមរូបនេះមិនបានផ្ដេកផ្ដួល ទៅតាមអាការរួមរឹតនៃសុខភាពនោះ ឡើយដោយព្យាយាមទទួលការ ព្យាបាលពីវេជ្ជបណ្ឌិត និងលេបថ្នាំទៀងទាត់យ៉ាងហោច ៤៧គ្រាប់ក្នុងមួយដង ដើម្បីជំនួយខួរក្បាល ។ នាងស្វែង សុជាតា ជាតារាមួយរូបដែលធ្លាប់ទទួល ការកោតសរសើរថា មានទេពកោសល្យសម្ដែងបានល្អ ជាពិសេសតួឆ្នាសឆ្នើម ហើយនាងជាម្ចាស់ពាននៃកម្មវិធី«អាណាចក្រតារា»ពីរជំនាន់ជាប់គ្នា ។

តារារូបនេះស្ងប់ស្ងាត់ពីវិស័យសិល្បៈនៅមួយរយៈ ចុងក្រោយនេះមិនសូវលេចមុខនៅក្នុងកម្មវិធីសិល្បៈ ឬសម្ដែងភាពយន្តឡើយ បើទោះជាវិស័យនេះកំពុងរីកដូចផ្សិតយ៉ាងណាក្ដី ។ ភាពស្ងប់ស្ងាត់របស់ ស្វែង សុជាតា អាចបណ្ដាលមកពីបញ្ហាសុខភាពធ្ងន់ ដែលអ្នកសិល្បៈភាគច្រើនមិនបានដឹងនេះឯង ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]