យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីជនជាតិជប៉ុន វ័យ ៣៥ឆ្នាំ អាយូមី ហាម៉ាសាគី (Ayumi Hamasaki) នឹងរៀបការជាមួយនឹង បុរសជនជាតិអាមេរិកម្នាក់ ដែលមានវ័យក្មេងជាងនាង ១០ឆ្នាំ។

កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ តារាស្រីអាយូមី បានប្រកាសនៅលើវេបសាយផ្ទាល់ខ្លួនរបស់នាង អំពីការភ្ជាប់ពាក្យរវាងនាង និងបុរសជនជាតិអាមេរិក ដែលមានវ័យ ២៥ឆ្នាំ និងជានិស្សិតបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យ UCLA (University of California, Los Angeles) មកពីសហរដ្ឋអាមេរិក។

ប្រភពដដែលបានបន្តទៀតថា គូសេ្នហ៏មួយគូនេះបានជួបគ្នា ដោយសារមិត្តភក្តិណែនាំឲ្យស្គាល់គ្នាទៅវិញទៅមក នៅក្នុងថ្ងៃឈប់សំរាកចូលឆ្នាំថ្មី កាលពីខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ។ បន្ទាប់ពីបានស្គាល់គ្នារួចមក អាយូមី បានចាប់ផ្តើមណាត់ជួបគ្នា ជាមួយនឹងបុរសជនជាតិអាមេរិករូបនោះ នៅនិទាឃរដូវ។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរនាក់បានភ្ជាប់ពាក្យ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ប៉ុន្តែពួកគេមិនបានសម្រេចឲ្យប្រាកដក្នុងចិត្តថា នឹងត្រូវរៀបការនៅថ្ងៃណាឡើយ។

ទោះបីជាយ៉ាងណា តារាស្រី អាយូមី ធ្លាប់រៀបការម្តងរួចមកហើយ ជាមួយនឹងតារាសម្តែងប្រុស ជនជាតិអូស្រ្តាលី មានឈ្មោះថា Manuel Schwarz ដែលធ្លាប់សម្តែងនៅក្នុងវីដេអូចម្រៀងជាមួយនាង កាលពីខែមករា ឆ្នាំ២០១១ មកម្ល៉េះ ប៉ុន្តែក្រោយមកក៏បានលែងលះគ្នាវិញ នៅក្នុងខែមករា ឆ្នាំ២០១២។

គួររំលឹកផងដែរថា អាយូមី ហាម៉ាសាគី គឺជាអ្នកនិពន្ធ តារាម៉ូដែល តារាសម្តែង ដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសជប៉ុន ហើយនាងត្រូវបានអ្នកគាំទ្រហៅថា អាយូ និងដាក់រហ័ស្សនាមឲ្យថា “Empress of Pop”៕



ប្រភព ៖ lollipop

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]