រាជធានីភ្នំពេញ​​​ ៖ ចោរ​មួយ​ក្រុមគាស់​ដំបូល​ការិយាល័យ​​រដ្ឋ​បាល​​រោង​ចក្រ​កាត់​ដេរ​មួយ​ ​​ចូល​ទៅ​រើកកាយ​លួច​​យក​លុយ​អស់​ជិត​ពី​រ​ម៉ឺន​ដុល្លារ ដែល​គេ​ទុក​នៅ​ក្នុង​ថត​តុ​​​ រួច​គេច​ខ្លួន​​ទៅ​បាត់​ ដោយ​បន្ស​ល់​ទុក​វត្ថុ​តាង​​ គឺ​​ធុង​ខ្យល់​ និង​ធុង​ហ្គាស​​សម្រាប់​ផ្សារ​កាត់​ទូ​ដែក​​នៅ​នឹង​កន្លែង​​កើត​ហេតុ ។

ហេតុការណ៍​នោះ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ២០១២ ​នៅ​ក្នុង​​​រោង​ចក្រ​​កាត់​ដេរយី​ហោ ហុង​តិច ​មាន​ទី​តាំង​​​ស្ថិត​ក្នុង​ភូមិ​​ត្រពាំង​​ពោធិ៍​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានីភ្នំពេញ ។ ស្រ្តី​​ឈ្មោះ​​ឈិន លី​ជូ អាយុ​២៨​ឆ្នាំ​ ជា​​​ប្រធាន​​រដ្ឋ​បាល​​​រោង​ចក្រ​​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​​៨ ឧសភា ​នាង​ត្រូវ​ថៅ​កែ​ប្រើ​ឱ្យ​ទៅ​បើក​លុយ​ពី​ធនាគារ​មួយ​ ដើម្បី​យក​ទុក​បើក​ឱ្យ​កម្មករ​​​កម្មការិនី ។ ​លុយ​បើក​ចេញ​​ពី​ធនាគារ​​នោះ​មាន​ចំនួន​៦៤.០០០ដុល្លារ ។ ​បន្ទាប់​ពី​បើក​លុយ​បាន​ និង​នាំ​យក​ទៅ​ដល់​រោង​ចក្រ​ដោយ​សុវត្ថិភាព ក៏​​បាន​រំលែក​​​​វេច​ខ្ចប់​ដាក់​ក្នុង​ស្រោម​​​សំបុត្រ​តាម​ឈ្មោះ​​កម្មករ​ -កម្មការិនី ​នីមួយៗ​សរុប​ជាង​៥០០​ស្រោម​សំបុត្រ​​ និង​​គិត​ទៅ​អស់​ចំនួន​៥១.០០០​ដុល្លារ ។

ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា ក្រោយ​ពេល​វេច​ខ្ចប់​រួច ថៅ​កែ​បញ្ជា​ឱ្យ​យក​លុយ​នោះ​ទៅ​ទុក​នៅ​បន្ទប់​​ផ្សេង​​ត្រៀម​បើក​ឱ្យ​កម្មករ ​នៅ​ថ្ងៃ​ទី​១០ ឧសភា ឯ​លុយ​ដែល​នៅ​សល់​​ពី​ការ​​វេច​ខ្ចប់​ជា​ង​១ម៉ឺន​ដុល្លា រួម​ជា​មួយ​លុយ​ដែល​មាន​ស្រាប់​​មួយ​ចំនួន​ទៀត​សរុប​​ជិត​២​ម៉ឺន​ដុល្លារ​​ ទុក​ក្នុង​ថត​តុ​ក្នុង​បន្ទប់​រដ្ឋ​បាល ហើយ​ក៏​មាន​​ទូ​ដែក​មួយ​មាន​លុយ​ជាង​៨.០០០​ដុល្លារ​ នៅ​ក្បែរ​នោះ​ដែរ ។ ដោយ​សារ​កន្លង​មក​​មិន​ធ្លាប់​មាន​ការ​បាត់​បង់​​បែប​នេះ​ ទើប​មិន​មាន​ការ​ភ័យ​ខ្លាច​ ហើយ​បន្ទាប់​​ពី​ចប់​​​ម៉ោង​ធ្វើ​ការ​​ នាង​បាន​ទៅ​ផ្ទះ​​ដូច​សព្វ​ដង​​ ។ រហូតដល់​វេលា​ព្រឹក​​ថ្ងៃ​ទី​៩ ឧសភា ​ពេល​ដែល​ស្ត្រី​ជន​ជាតិ​ភូមា​ម្នាក់ ដែល​ជា​បុគ្គលិក​​រដ្ឋបាល​នៅ​ទី​នោះ​​​ដែរ ​ចាក់​សោ​ទ្វារ​បន្ទប់​ចូល​ទៅ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោឡោ​ឡើង​​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​​​ឱ្យ​ដឹងថា ក្រុម​ចោរ​មាន​គ្នា​ចា​ប់​ពី​២​នាក់​ឡើង​ទៅ​ និង​ស៊ើប​ដឹង​យ៉ាង​ច​្ប​ាស់​ថា នៅ​ក្នុង​បន្ទប់​​រដ្ឋបាល​​នោះ​មាន​ទុក​ប្រាក់​ ។ពេល​មាន​ការ​ភ្ញាក់​​ផ្អើល​មុន​ដំបូង​​គេ​បាន​ប្រទះ​​សម្ភារ​​នៅ​ក្នុង​បន​ ្ទប់​​រដ្ឋ​បាល​នោះមាន​សភាព​រញ៉េ​រញ៉ៃ​ ឯ​ថត​តុ​មិន​មាន​ស្នាម​គាស់​​ឡើយ គឺ​ចោរ​មាន​​សោចាក់​ត្រូវ​ មិន​តែ​ប៉ុណ្ណោះ​កូន​សោ​នោះ​គឺ​ជា​កូន​សោពិសេស​ ដែល​អាច​​ចាក់​ត្រូវ​ស្ទើរ​តែ​គ្រប់​សោ​ទៀត​ផង ។ ប្រភព​ដដែល​បន្ត​​ទៀត​ថា ក្រៅ​ពី​នេះ គេ​បាន​ដឹង​ថា ក្រុម​ចោរ​គឺ​ឡើង​គាស់​ដំបូល និង​ពិតាន​ចូល​ទៅ​ក្នុង​បន្ទប់​​ដាក់​លុយ​នោះ ព្រោះ​នៅ​ក្នុង​ប​ន្ទប់​​នោះ​ត្រូវ​​គេ​ពិនិត្យ​ឃើញ​មាន​ស្នាម​គាស់​ដំបូល និង​​ពិតាន ។ ចំពោះ​​លុយ​សម្រាប់ទុក​​បើក​​​ឱ្យ​កម្មករ​ត្រូវ​​បាន​គេ​យក​ទៅ​ទុក​នៅ​ កន្លែង​ផ្សេង​​ បើ​ទុក​នៅ​ក្នុង​បន្ទប់​ជា​មួយ​គ្នា​ប្រាកដ​​ជា​ត្រូវ​ក្រុម​ចោរ​​លួច​យក​ ទាំង​អស់។ មិន​តែ​ប៉ុណ្ណោះ​​​ក្រុម​ចោរ​​បាន​នាំ​យក​ឧបករណ៍​​សម្រាប់​​កាត់​ទូដែកចូល​​ ទៀត​ផង ប៉ុន្តែ​ដោយ​សារ​ពួកគេ​​លួច​យក​បាន​លុយ​មួយ​ចំនួន​ធំ​នៅ​ក្នុង​ថត​តុហើយ​នោះ ​ ទើប​អត់​​កាត់​ទូ​ដែក​នោះ​ទេ ប៉ុន្តែ​​បាន​យក​ចេញ​ពី​ក្នុង​បន្ទប់​ទៅ​​ទុក​ចោល​នៅ​ក្បែរ​របង​ខាង​ក្រោយ​ បន្ទប់​​រដ្ឋបាល​​ រួច​យក​តែ​លុយ​ដែល​ងាយ​ស្រួល​​យក ​ហើយ​គេច​​ខ្លួន​ទៅ​បាត់​ស្រមោល​ចោល​ឧបករណ៍​​ទាំង​នោះ​តែ​ម្តង។

ទាក់​ទិន​ទៅ​នឹង​ហេតុការណ៍​​នោះ ខាង​រដ្ឋ​បាល​​រោង​ចក្រ​បាន​ប្តឹង​​សមត្ថកិច្ច​​​ព្រហ្មទណ្ឌ​​ខណ្ឌ​ពោធិ៍​ សែន​ជ័យ ឱ្យ​ទៅ​ពិនិត្យ​រក​មើល​​ភស្តុតាង​​ផ្សេងៗ​​ ប៉ុន្តែ​​ហាក់​ដូច​ជា​មិន​មាន​លទ្ធ​ផល​អ្វី​ទេ ហើយ​គេ​ក៏​គ្មាន​​សង្ឃឹម​ថា ប៉ូលិសរក​ឃើញ​​មុខ​ចោរ​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]