ភ្នំពេញៈ តារាចម្រៀងសំឡេង ក្រអួនក្រអៅ រាងតូចច្រឡឹង មានឈ្មោះបោះសំឡេង នៅក្រៅប្រទេស កញ្ញា យ៉ុង ច័ន្ទកណ្ណិកា និង អ្នកនាង កែវ ច័ន្ទសម្ផស្ស កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅនេះ ពួកគេទាំងពីរ បានដឹកដៃគ្នា ចេញទៅសម្តែង និងច្រៀងនៅប្រទេសឡាវ រយៈពេល១សប្តាហ៍ ដោយត្រឡប់មកវិញ ជាមួយភាពជោគជ័យ ឲ្យប្រទេស ថែមទៀតផង ។ តារាចម្រៀង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ LookingTODAY តាមបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា នាងនិងមិត្តភក្តិ រួមអាជីព គឺអ្នក នាងកែវ ច័ន្ទសម្ផស្ស បានដឹកដៃគ្នា ចេញទៅសម្តែង នៅប្រទេសឡាវ រយៈពេល១សប្តាហ៍ ។

ក្នុងដំណើរ ចេញទៅសម្តែង នៅក្រៅប្រទេសលើកនេះ ទោះជាមានរយៈពេលខ្លី ក៏ពិតមែន តែនាងគិតថា ទទួលបាន ជោគជ័យខ្លាំង មិនចាញ់ ការចេញ ទៅសម្តែង នៅក្រៅប្រទេស លើកមុនៗទេ ។ ម្ចាស់បទ “វាចាស្រីឡង់សេ” រូបស្រស់សោភា កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានប្រាប់ឲ្យដឹងថា “នៅក្នុងដំណើរចេញ ទៅសម្តែងនេះ ខ្ញុំ និងក្រុមការងារ ទទួលបាន ភាពជោគជ័យខ្លាំង។ មិនតែប៉ុណ្ណោះ ខ្ញុំក៏ត្រូវបានគេ នាំដើរលេង នៅកន្លែងជាច្រើន នៅប្រទេសឡាវ ប៉ុន្តែគួរឲ្យស្តាយត្រង់ថា ការសម្តែងលើកនេះ មានរយៈពេលត្រឹមតែ ១សប្តាហ៍ ហើយនៅ ថ្ងៃស្អែកនេះ ខ្ញុំ និងសម្ផស្ស រួមជាមួយ ក្រុមការងារ នឹងត្រឡប់ ទៅប្រទេសខ្មែរ វិញហើយ ” ។

បើទោះជា កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានបង្ហើបប្រាប់ ពីជោគជ័យរបស់នាង និងតារាចម្រៀង កែវ ច័ន្ទសម្ផស្ស ក្នុងដំណើរចេញ ទៅសម្តែងនៅ ក្រៅប្រទេស ក៏ដោយតែនាងមិនបាន និយាយអ្វីច្រើន ទាក់ទងនឹង ដំណើរចេញ ទៅសម្តែងលើកនេះឡើយ សូម្បីតែមុនចេញ ដំណើរទៅសម្តែង នាងមិនបាននិយាយ បើកចំហរប្រាប់ សារព័ត៌មាន ក្នុងស្រុកណាមួយឡើយ ទំនងជានាងចង់ចេញ ទៅស្ងាត់ៗ ហើយមើលទៅ.. ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]