ភ្នំពេញ៖ អ្នកតាមដាន សកម្មភាពតារាខ្មែរ បានធ្វើការកត់សម្គាល់ឃើញថា កន្លងមកស្រ្តីម្នាក់នៅបារាំង បានចេញមុខបកអាក្រាត កេរ្តិ៍ឈ្មោះ របស់តារាចម្រៀង អភិរក្សនិយម បទបុរាណៗ លោក ឯក ស៊ីដេ ពាក់ព័ន្ធនឹង តារាភ្នែកតឹងរូបនេះ បានផ្ញើសារសុំលុយ ពីស្រ្តីនៅបារាំងនោះ ចំនួន៥០០០ដុល្លារ តែមិនបានសម្រេច ដែលធ្វើឲ្យលោក ឯក ស៊ីដេ ខឹងដាច់ក្បាលដាច់កន្ទុយ និងបានផ្ញើសារ ទៅស្រ្តីនោះ ដោយពាក្យពេចន៍ មិនសមរមជាច្រើន។ ប៉ុន្តែរឿងរ៉ាវទាំងអស់នេះ នៅមិនទាន់ចប់ សព្វគ្រប់នៅឡើយទេ ខណៈដែលថ្មីៗនេះ លោក ឯក ស៊ីដេ ហាក់នៅតែផ្ទុះកំហឹងឆេះងំ ដាក់ស្រ្តីនៅបារាំង ឈ្មោះ ប៉ែន វ៉ាន់សាវី នោះដដែល ហើយបានផ្ញើសារ ទៅនាង ជាបន្តបន្ទាប់ ដោយបានប្រើពាក្យសម្ដី គ្រោតគ្រាត ជាច្រើន បើទោះបីជានាង ប៉ែន វ៉ាន់សាវី ធ្វើព្រងើយកន្តើយ ឈប់ឆ្លងឆ្លើយ និងបានផ្ដាច់ ទំនាក់ទំនងគ្នារួចហើយក្ដី។

ពិតហើយថា សង្គ្រាមពាក្យសម្ដី តាមបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ពេញនិយម ហ្វេសប៊ុក រវាងតារាចម្រៀងអភិរក្ស និយមបទពីដើមៗ លោក ឯក ស៊ីដេ និង ស្រ្តីជាអានិកជន រស់នៅក្នុងប្រទេសបារាំង មានឈ្មោះថា ប៉ែន វ៉ាន់សាវី ដែលគេ អះអាងថា ជាអតីតសង្សារ ឆ្លងទ្វីបរបស់លោក កាលពីពេលថ្មីៗ កន្លងទៅនេះ គឺនៅមិនទាន់ ផុតរលត់ភ្លើងសម្ដី ឆ្លើយឆ្លងនៅឡើយទេ បើទោះបីជាភាគីទាំងពីរ បានទាញយកត្រូវរៀងៗខ្លួន ប៉ុន្តែរឿងនេះប្រៀបបី ដូចជាស្រមោល អន្ទោលតាមប្រាណ មិនបានស្ងប់ក្នុងចិត្ត ទៅលើភាគី ណាមួយឡើយ។

ថ្មីៗនេះប្រភពព័ត៌មានពីនាង ប៉ែន វ៉ាន់សាវី បានថ្លែងបញ្ជាក់ពីប្រទេសបារាំងឲ្យ LookingTODAY ដឹងថា "ខ្ញុំឆ្ងល់ណាស់ ហេតុអ្វី បានជាគាត់(ឯក ស៊ីដេ) នៅតែតាមរករឿងខ្ញុំ មិនចេះចប់មិនចេះហើយបែបនេះ..? គាត់នៅតែផ្ញើសារមកជេរខ្ញុំ ថាខ្ញុំអញ្ចេះ ថាខ្ញុំអញ្ចុះ ខ្ញុំមិនយល់? ខ្ញុំគិតថា ខ្ញុំបានឈប់ទាក់ទង គាត់ទៀតហើយ តែគាត់វិញហាក់បីដូចជា នៅតែចង់តាមចងពារខ្ញុំមិនឈប់ ឬដឹងថាខ្ញុំកំពុងតែល្អូកល្អឺនជាមួយអ្នកថ្មី ដែលមានចរិកល្អជាងគាត់..? "។

និយាយមកដល់ ត្រង់នេះ នាង ប៉ែន វ៉ាន់សាវី បានបង្ហើបប្រាប់ថា បន្ទាប់ពីនាងបានបញ្ចប់ ទំនាក់ទំនងទាំងស្រុង ជាមួយលោក ឯក ស៊ីដេ រួចមក រហូតមកដល់ ពេលនេះ រូបនាងមានអ្នកស្រឡាញ់ ពេញចិត្តម្នាក់ទៀត ជាតារាចម្រៀងល្បីឈ្មោះ បង្គួរមួយរូប គឺលោក កែវ សុវណ្ណ ដែលហ៊ានចូលស្ដីនាង តាមផ្លូវច្បាប់ និងហ៊ានឲ្យថ្លែ បណ្ណាការ រហូតដល់ទៅ ២០ម៉ឺនដុល្លារ ប្រសិនបើនាង ឆ្លើយថា OK។ ស្រីស្រស់សម្ដីផ្អែម ប៉ែន វ៉ាន់សាវី បានថ្លែងបន្តទៀតថា "បើជ្រុលតែ ចប់គ្នាហើយ សូមកុំតាមចងពារគ្នាទៀត អ្នកដែលធ្វើខ្លួនឯងហើយ តែមិនដែលហ៊ានទទួលទេ ។ លោក ស៊ីដេ តើពេលណាទៅទើបអ្នកដឹងថា អាវីល្អ អាវីអាក្រក់ នោះហើយត្រូវចេះហ៊ាន ទទួលនូវការពិត ដែលខ្លួនបានធ្វើ ពីមុនខ្លះទៅ...ទើបមានក្ដីសុខ។ តើអ្នកដឹងទេ វីមិនដែលយកលុយ ទៅឲ្យអ្នកណាមួយទេ គឺគេទាំងអស់នោះ អាណិតស្រឡាញ់វី ដែលគេខឹងអ្នកធ្វើបាបវី ទើបគេមកជួយវី ។ ល្មមដឹងខ្លួនហើយណា បង ស៊ីដេ ធ្វើមនុស្សល្អនឹងគេខ្លះទៅ.."។

ងាកមកចាប់អារម្មណ៍ នឹងទំនាក់ទំនងថ្មី របស់នាង ប៉ែន វ៉ាន់សាវី ជាមួយលោក កែវ សុវណ្ណ ឯណេះវិញ ត្រូវបានប្រភពដដែល បង្ហើបប្រាប់ឲ្យដឹងថា កំពុងតែស្វែងយល់ ចិត្តគ្នាទៅវិញទៅមក បើទោះបីជាម្នាក់ រស់នៅបារាំង និងម្នាក់ទៀតរស់នៅ ប្រទេសខ្មែរក៏ដោយ គឺអ្នកទាំងពីរបានទាក់ទងគ្នា តាមរយៈសារ អេឡិចត្រូនិច និងតាមទូរស័ព្ទ ជារៀងរាល់ថ្ងៃ ។ ចំណុចនេះគេអាច ធ្វើការសន្និដ្ឋានបានថា ជាដំណឹងមួយដែល ធ្វើឲ្យលោក ឯក ស៊ីដេ មានអារម្មណ៍ ខឹងសម្បារ ឆេះងំក្នុងចិត្ត និងចេះតែផ្ញើសារ ជារឿយៗ ទៅកាន់នារីដែល លោកធ្លាប់ស្រឡាញ់ ពេញបេះដូង ដែលមិនគួរណារបូតចេញពី រូបលោកឡើយ ។

ពាក់ព័ន្ធនឹង ការចោទប្រកាន់ជាថ្មី ពីសំណាក់ នាង ប៉ែន វ៉ាន់សាវី ទៅលើតារាចម្រៀង ឯក ស៊ីដេ នៅពេលនេះ LookingTODAY បានធ្វើការទំនាក់ទំនង ទៅកាន់តារាចម្រៀងរូបនេះ កាលពីព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៣ នេះ ដោយលោក បានថ្លែងថា តាមការពិត គ្រាន់តែ ជាមិត្តភក្តិ ធ្លាប់រាប់អានគ្នាធម្មតាៗ ក្នុងហ្វេសប៊ុកប៉ុណ្ណោះ ។ លោកមិនចង់ខ្វល់ទេ ចង់គេនិយាយអីក៏និយាយទៅ លោកមិនយកពេលវេលា ឥតប្រយោជន៍ ទៅតតាំងជាមួយទេ ។ លោកគិតថា ពេលស្គាល់គ្នាដំបូង ប្រហែលជាអាច រាប់អានគ្នាបាន តែស្គាល់យូរៗទៅ ធ្វើចរិតមិនល្អ លោកក៏ផ្ដាច់ចោល តែម្ដងទៅ ទើបគេតាមបង្ខូចកេរ្តិ៍ឈ្មោះ ដល់សព្វថ្ងៃនេះ ។

លោកនិយាយថា "ពីដំបូងខ្ញុំរាប់អានគ្នា ក្នុងហ្វេសប៊ុក ដោយគេ(ប៉ែន វ៉ាន់សាវី)ជាអ្នក Add Friend មកខ្ញុំ ។ តែយូរៗទៅ បានសុំ ស្រឡាញ់ខ្ញុំ ផ្ញើសារមកខ្ញុំរហូត ដល់ពេលមិនបានសម្រេច ក៏ចាប់ផ្ដើមបង្ខូចកេរ្តិ៍ឈ្មោះ របស់ខ្ញុំ ជាហូរហែ រហូតមកដល់ពេលនេះ។ ខ្ញុំចង់ប្រាប់ថា នាងហ្នឹងចោទថា ម្ដងថាខ្ញុំសុំលុយ៥០០០ ដុល្លារ ម្ដងថា៦០០០ដុល្លារ នេះបញ្ជាក់ថា បង្ខូចឈ្មោះរបស់ខ្ញុំ សុទ្ធសាធ មិត្តភក្តិខ្ញុំ ទាំងអស់ក៏គេ បានដឹងដែរ ថាខ្ញុំជាមនុស្សចរិតយ៉ាងម៉េច ។ អ្នកស្គាល់ខ្ញុំគេដឹង ចិត្តខ្ញុំច្បាស់ ខ្ញុំមានមុខមាត់ប៉ុណ្ណឹង ខ្ញុំមិនទៅធ្វើរឿងឥតប្រយោជន៍បែបនេះទេ។ ខ្ញុំហាក់ដូចជាឆ្អើម នឹងនាងម្នាក់នោះ ខ្លាំងណាស់ ។ គេថា បើគេធ្វើអ្វីមួយ មិនបានសម្រេច គេនឹង តាមបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ"។

លោកឯក ស៊ីដេ បានថ្លែងបន្តថា នៅពេលលោកកំពុងច្រៀង លើទឹកដីអាមេរិក នាង វ៉ាន់សាវី បានព្យាយាមសុំអាសយដ្ឋាន របស់លោកម្ដងជាពីរដង តែលោកព្យាយាម មិនឲ្យ គឺលោកឲ្យដឹងតែហ្វេសប៊ុក ប៉ុណ្ណោះ តែរហូតមកដល់ពេលនេះ លោកបាន UnFriend Account Facebook របស់នាងចោលហើយ តែនាង វ៉ាន់ សាវី នៅតែប្រើ Account Facebook ផ្សេងផ្ញើសារមករូបលោកទៀត។ លោកគិតថា លោកមិនចង់ខ្វល់ទេ ចង់គេនិយាយអី ក៏និយាយទៅ លោកមិនយក ពេលវេលា ឥតប្រយោជន៍ ទៅតតាំងជាមួយទេ ព្រោះលោកត្រូវមានការងារ ធ្វើច្រើនណាស់ ជាពិសេសគឺការងារសិល្បៈ។

បើទោះបីជា លោក ឯក ស៊ីដេ ខំបកស្រាយយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកនិយមលេងហ្វេសប៊ុក មួយចំនួនបានដឹងរឿង របស់លោក គ្មានសល់ សូម្បីតែតារា ចម្រៀងប៉ុន្មាននាក់ នៅស្រុកខ្មែរ ក៏បានបញ្ចេញមតិរិះគន់លោក ឯក ស៊ីដេ ពីរឿងសុំលុយស្ត្រី នៅប្រទេស បារាំងនោះដែរ ហើយពេលមិនបានសម្រេច ក៏មានរឿងផ្ទុះឡើង។ មិនតែប៉ុណ្ណោះ លោក ឯក ស៊ីដេ ថែមទាំង បង្កើត Accuont ក្លែងក្លាយមួយចំនួន ដើម្បីរករឿងជេរ នាង ប៉ែន វ៉ាន់សាវី ក្នុងបំណង បំបាក់មុខនាងទៀតផង៕



























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]