ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកខ្លួន ស្ទើរងើបមុខមិនរួច បានបើករថយន្តមួយគ្រឿង ម៉ាកកូរ៉ូឡា ដោយបើកក្នុង ល្បឿនលឿន គ្មានការកំណត់ បានរេចង្កូតទៅ បុកដើមឈើមួយដើមធំ បាក់ត្រឹមគល់ ហើយបន្តល្បឿនទៅបុកទម្លុះ លំនៅឋានប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ផ្ទះត្រូវរងរបួស បាក់ភ្លៅ ខាងឆ្វេង និងរបស់របរមួយចំនួនធំនៅក្នុងផ្ទះ ត្រូវរងការខូចខាត ហេតុការណ៍នេះ បានកើតមានឡើង កាលពីវេលាម៉ោង ២៣និង ៣០នាទីយប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១២ ត្រង់ចំណុចផ្លូវចំការដូង ផ្ទះគ្មានលេខក្រុមទី ៦ ភូមិបាគូ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលបានចុះទៅត្រួតពិនិត្យ និងវាស់វែងដល់ចំណុចកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ ២L ៦១២៥ បើកបរដោយឈ្មោះ នៅ បូរី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ អឿ សំអឿន ភេទប្រុស  អាយុ ២៩ ឆ្នាំ មុខរបរ អ្នកលក់ដូរ ស្នាក់នៅផ្ទះគ្មាន លេខ ក្រុមទី ៦ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ ។

សាក្សីដែលបានឃើញ ហេតុការណ៍ខាងលើនេះបានបន្តថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កហេតុ ដែលបើកបរដោយបុរសស្រវឹងស្រាជោកខ្លួនម្នាក់ បើក ក្នុងល្បឿនយ៉ាងលឿន ពីជើងទៅត្បូង តាមបណ្តោយផ្លូវចំការដូង លុះមកដល់ចំណុចកើតហេតុ មិនដឹងថា បុរសម្នាក់នោះដេកលក់ ឬក៏មានរឿងអ្វីនោះទេ ស្រាប់តែ រេចង្កូតមកខាងស្តាំ ជ្រុលទៅបុកដើមឈើមួយដើម ដែលនៅលើចិញ្ចើមផ្លូវ បាក់អស់មួយដើមត្រឹមគល់តែម្តង ហើយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក បុរសម្នាក់ ដែលកំពុងរើរបស់របរចូលផ្ទះ បណ្តាលឲ្យបុរសរូបនោះ ហោះផ្លោងបោកផ្ទុប ទៅនឹងជញ្ជាំងបាក់ភ្លៅខាងឆ្វេង និងបែកក្បាល ហូរឈាមតាមច្រមុះ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ហើយក្នុងហេតុការណ៍នោះ រថយន្តក៏បានជ្រុល ទៅបុកផ្ទុបនិងទា្វរផ្ទះជនរងគ្រោះ បណ្តាលឲ្យគូថរថយន្តបង្កហេតុ រេខ្ទាតទៅ បុករបស់របរប្រើប្រាស់ បណ្តាលឲ្យខូចខាត់អស់មួយចំនួនធំ។

ក្រោយពីកើតហេតុ បុរសជាម្ចាស់រថយន្ត បានព្យាយាមចុះពីលើរថយន្តរបស់ខ្លួន ហើយរត់គេចខ្លួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅជិតចំណុចកើតហេតុ នាំគ្នា ជួយចាប់ទុក ដើម្បីឲ្យរូបគេដោះស្រាយសំណង ជូនជនរងគ្រោះ។ បន្ទាប់មក គេឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចហេតុ ហើយបាន ហៅរថយន្ត សាមុយមកដឹកជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយចំណែករថយន្តបង្កហេតុ រួមទាំងបុរសបើករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការ ជាមួយសមត្ថកិច្ចកុ្រង ស្ទូចរថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕

ដោយ ៖វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]