រាជធានីភ្នំពេញ ៖ នាងខាត់ សុឃីម មកទល់ពេលនេះ សម្រាលកូនស្រីបានរយៈពេល ជិត២ខែហើយ ។ កូនស្រីនោះជាចំណងដៃអាពាហ៍ពិពាហ៍ ជាមួយលោក អ៊ិន សុបញ្ញា ហៅផាណូ ។ ដោយសារតែមិនអាចដំអក់នៅផ្ទះបាន តារាចម្រៀងខាត់ សុឃីម ទោះជានៅសរសៃខ្ចីយ៉ាងណាក្តី ក៏ព្យាយាមចេញច្រៀងគ្រប់ច្រកល្ហក ។ ពេលនេះទោះជាអាចច្រៀង បានទាំងទឹកមុខញញឹមញញែមមែន ប៉ុន្តែខាត់ សុឃីម ផ្ទាល់បារម្ភចំពោះសុខភាពរបស់នាង គឺនាងខ្លាច  ទាស់ ។

នាង ខាត់ សុឃីម បានបង្ហាញវត្តមាននៅលើវេទិកាតន្ត្រីនានាឡើងវិញហើយបន្ទាប់ពី សម្ងំពពោះកូនស្រីមួយរយៈមក ។ គិតមកដល់ពេលនេះ កូនស្រីរបស់តារាចម្រៀងបែបក្រមិចក្រមើមរូបនេះ មានអាយុជិត២ខែហើយ ។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះ គឺនាងខាត់ សុឃីម គ្រាន់តែសម្រាលកូនរួចភ្លាម ឆ្លៀតឡើងឆាកច្រៀង រាំ និងដើរច្រៀងភ្លេងការយ៉ាងមមាញឹក ទាំងខ្លួននៅសរសៃខ្ចី ខណៈដែលស្ត្រីមានកូនខ្ចីទូទៅត្រូវសម្រាកមើលថែទាំខ្លួនឱ្យរឹង ដៃជើងល្អ ។ ហេតុផលនេះត្រូវនាងខាត់ សុឃីម យល់ថា ធ្វើម៉េចបើក្រុមគ្រួសាររបស់នាងមានសមាជិកច្រើន ដែលត្រូវការចាយវាយប្រចាំថ្ងៃ បើសិនជានាងមិនចេញរកប្រាក់ ក្រុមគ្រួសារច្បាស់ជាដាច់បាយមិនខាន ទើបនាងប្រឹងទាំងសរសៃខ្ចី ។
សុឃីម និយាយថា ដោយយល់ថា ការបំបៅកូនដោយទឹកដោះម្តាយជារឿងមួយល្អ កូនឆាប់លូតលាស់ នាងមិនហ៊ានបណ្តោយឱ្យកូននៅម្នាក់ឯងយូរទេ ទោះជាមានអ្នកមើលថែក៏ដោយ ពោលគឺនាងតែងតែយកកូនស្រីនាងទៅជាមួយជានិច្ច គ្រាន់បានប្រលែងលេងបង្កើតភាពស្និទ្ធស្នាល និងងាយស្រួលផ្តល់ទឹកដោះឱ្យកូន ។ នាងចង់ផ្តល់ទឹកដោះឱ្យកូនឱ្យបានយូរ មុននឹងប្រើទឹកដោះគោជាជំនួយនោះ ។

នាងខាត់ សុឃីម និយាយថា នាងទើបតែសម្រាលកូន ថ្មីៗនេះ តែបែរជាច្រៀងភ្លេងការផង ឡើងច្រៀងតាមទូរទស្សន៍ផងពេញទំហឹង ដោយមានពេលខ្លះនាងអត់ងងុយក៏មានដែរ ។ ប៉ុន្តែនាងសរសើរខ្លួនឯង អត់មានបញ្ហាសុខភាពធ្វើទុក្ខត្រូវដេកព្យាបាលទេ គឺអាចចេញទៅធ្វើការដូចគេឯងបានដែរ ។ រឿងដែលនាងចេះតែព្រួយក្នុងចិត្តនោះ គឺនាងខ្លាចតែទៅមុខទៀតសុខភាពលែងអំណោយផល បែរជាធ្វើទុក្ខ។ នាងចេះតែខ្លាចពេលដែលខំពេកទៅបែរជានាំឱ្យដួលគ្រេងច្បាស់ជា ប៉ះពាល់ធំណាស់ចំពោះគ្រួសារ ។ ដូច្នេះហើយទើបនាងចេះតែការពារច្រើនចំពោះសុខភាពដូចជាទៅណាមក ណា ពេលទៅសម្តែង ឬច្រៀងភ្លេងការ នាងមិនដែលបើករថយន្តម្នាក់ឯងទេ គឺឱ្យប្តីជាអ្នកបើក ។ មានតែនៅលើរថយន្តហ្នឹងហើយដែលអាចឱ្យនាងសម្រាកបានខ្លះ ។ បើមិនបានសម្រាកខ្លះទេ គ្មានកម្លាំងច្រៀងឡើយ ។

នាងខាត់ សុឃីម មិនទាន់អះអាងថា នឹងយកកូនបន្ថែមទៀតនៅឆ្នាំណាទេ ដោយសារតែនាងចង់បានកូនតែ២នាក់ប៉ុណ្ណោះ ។ សុឃីម និយាយថា «រឿងកូនចៅបន្ថែមទៀតនោះប្រហែលជាទុកពេលយូរជាងនេះទៀត ពេលនេះមានកូន២នាក់ គឺល្មមហើយ ។ បើថ្ងៃក្រោយគិតថា ចង់មានកូនបន្ថែមទៀតនោះ ចាំពិភាក្សាគ្នាសិន សំខាន់ទុកពេលរកលុយដើម្បីត្រួសត្រាយអនាគតកូនឱ្យបានល្អ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម