ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស សប្តាហ៍ទី ១៥ ចំនួន ២ ប្រកួតបានបញ្ចប់ហើយ កាលពីរាត្រីយប់ម្សិលមិញនេះ ដោយក្រុមកាំភ្លើងធំ Arsenal ខកចិត្តព្រោះបានត្រឹមស្មើ ១ទល់នឹង១ ជាមួយ Everton ក្នុងទឹកដី ខណៈ Fulham បានយកឈ្នះក្រុមភ្ញៀវ Aston Villa ២ទល់នឹង០។

Arsenal 1 – 1 Everton

ក្តីសង្ឃឹមថាអាចនាំមុខក្រុមលេង ២ ហង្សក្រហម Liverpool ៧ ពិន្ទុ ឈរនៅលើកំពូលតារាងរបស់ Arsenal ត្រូវបានរលាយ ដោយលទ្ធផលបានបញ្ចប់ទៅ ១ទល់នឹង១ ជាមួយ Everton។

ជាមួយនឹងទស្សនិកជនរហូតដល់ ៦០ ០០០នាក់ ក្រុម Arsenal បានបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Everton របស់លោក Martinez ដោយលទ្ធផលចប់តង់ទីមួយ គ្មានការស៊ុតបញ្ចូលទីរៀងៗខ្លួន។

ឈានចូលមកដល់តង់ទីពីរ ជិតចប់ការប្រកួត ក្រុមម្ចាស់ផ្ទះអាចរកគ្រាប់បាល់នាំមុខ ១ទល់នឹង០ នៅនាទីទី ៨០ ដោយការបញ្ចូនបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងស្អាតពីកីឡាករ Rosický ទែតបញ្ចូនដោយកីឡាករ Walcott និងបំប៉ោងសំណាញ់ទីដោយកីឡាករជម្រើសជាតិអាឡឺម៉ង់ Ozil ដែលទើបតែផ្ទេរមកពីក្រុមយក្សស Real Madrid។ ប៉ុន្តែការនាំមុខនេះគឺមិនបានយូរប៉ុន្មានទេ ពោលគឺ ៤ នាទីក្រោយមក ក្រុមភ្ញៀវ Everton បានសងសឹកភ្លាមៗ ដោយកីឡាករ Deulofeu ជួយអោយលទ្ធផលបញ្ចប់ការប្រកួតកាំភ្លើងធំ ១ Everton ១។

វីដេអូ៖ Highlight

 

Fulham 2 – 0 Aston Villa

បន្ទាប់ពីការប្រកួត បរាជ័យ ៤ ប្រកួតជាប់គ្នារួចមក ក្រុម Fulham ទីបំផុតអាចរកជ័យជម្នះរបស់ខ្លួនហើយ ដោយយកឈ្នះក្រុមភ្ញៀវ Aston Villa ២ទល់នឹង០ នៅកីឡាដ្ឋាន Craven Cottage របស់ខ្លួន កាលពីយប់ម្សិលមិញនេះ។

គ្រាប់បាល់ទាំងពីរគ្រាប់នេះ គឺសុទ្ធតែរកបាននៅតង់ទីមួយទាំងអស់ ដោយកីឡាករ Sidwell នៅនាទីទី ២១ និងកីឡាករ Berbatov នៅនាទីទី ៣០ ដោយបាល់ពិន័យ ១១ ម៉ែត្រ។

ក្រុមទាំងពីរសុទ្ធតែបានសម្រុកគ្នាទៅវិញទៅមក នៅតង់ទីពីរ ប៉ុន្តែមិនអាចរកគ្រាប់បាល់បន្ថែមបាននោះទេ ពោលគឺលទ្ធផលបញ្ចប់ទៅដោយ ក្រុមម្ចាស់ផ្ទះ Fulham យកឈ្នះ Aston Villa ដោយលទ្ធផល ២ទល់នឹង០។

វីដេអូ៖ Highlight

 

តារាងលទ្ធផលសប្តាហ៍ទី ១៥


តារាងចំណាត់ថ្នាក់

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]