រាជ​ធានីភ្នំពេញ ៖ ​ នារីម្នាក់​ដែល​រង​​គ្រោះ​ដោយ​សារ​ពួក​ស្ទាវ​​ស្ទាក់​ផ្លូវ​​ចាប់​រំលោភ​​ បូក​នឹង​ត្រូវ​​បង​ស្រី​បណ្តេញ​​ចេញពី​ផ្ទះ ហើយ​តូច​ចិត្ត​ពន់​ពេក​ប្រមាណ​ច្រាន​ជំហាន​ឈាន​ឡើង​លើ​ស្ពាន​ជ្រោយ​ចង្វា​​ លោត​ចូល​​ទឹក​ទន្លេ​​សាប​​សម្លាប់​​ខ្លួន​ជា​មួយ​នារី​ម្នាក់​ទៀត​ដែល​មាន​ វិបត្តិ​​ដូច​គ្នា​​នោះ ឥឡូវ​ត្រូវ​បាន​​គេ​ប្រទះឃើញ​​សព​អណ្តែត​​ទឹក​ហើយ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់ ​ផ្អើល​​កាល​ពី​​វេលា​ម៉ោង៥​និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី​១០ ​ឧសភា ២០១២ ។

សព​នារី​មាន​វិបត្តិ​​បាន​រសាត់​ទៅ​ទើរ​ជាប់​គុម្ព​​ ត្រែង​​ម្តុំ​ច្រាំង​​ទន្លេ​ណាហ្គាចាស់ ស្ថិតក្នុង​សង្កាត់​ជ័យ​ជម្នះ ​ខណ្ឌដូនពេញ ​ហើយ​ពេល​នេះ​​ប៉ូលិស​មូល​ដ្ឋាន​កំពុង​ចាត់​ចែង​យក​ឡើង​មក​លើ​គោក​ ដើម្បី​​ធ្វើ​កោសល្យ​វិច័យ ។

គួររំលឹក​ថា ស្ត្រី​២​នាក់​​បាន​ជួប​គ្នា​​នៅ​លើ​ស្ពាន​​ជ្រោយ​ចង្វា​ ​ហើយ​និយាយ​ត្រូវ​រ៉ូវ​គ្នា ក៏​​ចាប់​ដៃ​គ្នា​លោត​សម្លាប់​ខ្លួ​ន​ទាំង​២​នាក់ពី​លើ​ស្ពាន​ជ្រោយ​ចង្វា ប៉ុន្តែ​​ស្ត្រី​ម្នាក់​​​លិច​បាត់​រក​សព​​​ពុំ​ឃើញ​ និង​ស្រ្តី​ម្នាក់​ទៀត​​ត្រូវ​ប៉ូលិស​ចេញ​ទូក​ទៅ​ជួយ​ស្រង់​​សង្គ្រោះ​​ទាន់ ​​ពេល ។ ស្រ្តី​​ដែល​សង្គ្រោះទាន់​នោះ​​​ គឺ​ជា​ស្ត្រី​មាន​​វិបត្តិ​ស្នេហា​ដែល​​បាន​​ស្រឡាញ់​សង្សារ​​ម្នាក​់​យ៉ាង​ ស្មោះ​ស័្មគ្រ រហូត​​ប្រគល់​ខ្លួន​ប្រាណ​ ហើយ​បែ​រជា​ត្រូវ​សង្សារ​​សុំ​រាប់​អាន​គ្នា​​ជា​បង​ប្អូន​ទៅ​វិញ ។ នាង​​ម្នាក់​នេះ​​បាន​លោត​ទឹក​សម្លាប់​ខ្លួន​​ម្តង​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​ ២១ មេសា តែ​ត្រូវ​គេ​ជួយ​​ស្រង់​ទាន់ និង​លើក​នេះ​​ត្រូវ​សង្គ្រោះ​​បាន​ទៀត ។

ហេតុការណ៍​​លោត​ទឹក​​​នេះ ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩និង​៥០​នាទីព្រឹក​ថ្ងៃ​ទី​៨ ឧសភា ២០១២ នៅ​​លើ​ស្ពាន​ជ្រោយ​ចង្វា ​ក្នុង​សង្កាត់​​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ​ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​​​ដោយ​អ្នក​ដំណើរ​នាំ​គ្នា​ឈប់​ មើល​ ធ្វើ​ឱ្យ​​កក​ស្ទះ​​ចរាចរណ៍​​​ ។
ស្ត្រី​ដែល​ប៉ូលិស​ស្រង់​ទាន់​ ឈ្មោះ ស ស៊ីណា ​អាយុ​១៨​ឆ្នាំ ​មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំង​​បឹង ស្រុក​ឈូក ខេត្ត​កំពត ។ ចំណែក​ស្ត្រី​​មាន​វិបត្តិ​​ម្នាក់​ទៀត​​ ដែល​​លិច​បាត់ក្នុង​​ទន្លេ​ឈ្មោះ​​ណា អាយុ​១៩​ឆ្នាំ ​ជាកម្ម​ការិនី​រោង​ចក្រ មាន​ទី​លំនៅ​ក្នុង​ខេត្ត​តា​កែវ បច្ចុប្បន្ន​មក​ស្នាក់​នៅ​ជា​មួយ​បងស្រី​នៅ​ភ្នំពេញ ។ បន្ទាប់​ពី​ជួប​ជជែក​គ្នា​​ពីវិបត្តិ​ផ្សេងៗ នាង​ស ស៊ីណា បាន​លួង​លោម​ស្ត្រី​​នោះ​កុំ​ឱ្យ​គិត​ខ្លី​ ហើយ​នាំ​គ្នា​ចុះ​ពី​លើ​ស្ពាន​​ទៅ​ទូរ​ស័ព្ទ​​នៅ​គល់​ស្ពានផ្នែក​​ខាង​កើត​ ទៅ​បង​ស្រី​របស់​នាង​ម្តង​ទៀត តែ​​បង​ស្រី​​នៅ​តែ​បដិសេធ​មិន​ឱ្យនាង​​ត្រឡប់​​ទៅ​ផ្ទះវិញ​​ដដែល ។ ដូច្នេះ​ហើយ​ពួក​នាង​​​នាំ​គ្នា​ដើរ​ឡើង​ទៅ​​លើ​ស្ពាន​វិញ​ ហើយ​​សម្រេច​ចិត្ត​​លោត​ទឹក​សម្លាប់​ខ្លួន​តែ​​ម្តង ។

នាង​ស៊ីណា​បន្ត​ទៀតថា មូល​ហេតុ​​ដែល​នាង​​លោត​ទឹក​សម្លាប់​​ខ្លួន​ដោយ​សារ​​ត្រូវ​ម្តាយ​​ឪពុក​​ កាត់​កាល់​​ចោល​បន្ទាប់​ពី​នាង​​ស្រឡាញ់​​​ឈ្មោះ​បាន​ និង​បាន​ជ្រុល​​ជ្រួសខុស​ប្រពៃ​ណី  រីឯនាង​ណាវិញ គឺតូចចិត្តនឹង​យុវជន២នាក់ ចាប់រំលោភ​​ ហើយ​ត្រូវបងស្រីបណ្តេញ​ចេញ​ពីផ្ទះ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]