ភ្នំពេញៈ បច្ចុប្បន្ននេះដើម្បីឲ្យ មនុស្សដែលធ្វើចរាចរ នៅតាមដងផ្លូវ ត្រូវគោរពច្បាប់ បញ្ជៀសគ្រោះថ្នាក់ ចរាចរ ដែលធ្វើឲ្យបាត់បង់ជីវិត របួស និងខូចខាត ទ្រព្យសម្បត្តិនោះ មិនថារដ្ឋាភិបាល អង្គការនានា ឬចលនាមហាជន នោះទេ បាននាំគ្នាតាក់តែង ច្បាប់ដើម្បីឲ្យអ្នកធ្វើដំណើរ គោរពក៏ដូចជាការ ឃោសនា អប់រំធ្វើយ៉ាងណា ឲ្យអ្នក ធ្វើដំណើរមានការយល់ដឹង ពីច្បាប់ចរាចរនិងផលប៉ះពាល់ ដោយសារការ មិនគោរពច្បាប់ចរាចរ ផងដែរ ។

ថ្មីៗនេះយោងតាមការអះអាង របស់មន្ត្រីរាជរដ្ឋាភិបាល បានឲ្យដឹងថា ដើម្បីឲ្យអ្នកធ្វើដំណើរងាក មកគោរពច្បាប់ កាត់បន្ថយគ្រោះថ្នាក់ចរាចរ ដល់បាត់បង់អាយុជីវិត រាជរដ្ឋាភិបាលសម្រេចធ្វើការកែច្បាប់ ចរាចរ ត្រង់ចំណុច ពិន័យសម្រាប់អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ពី៣០០០រៀលទៅ១៥០០០រៀលវិញ ។ ការកែច្បាប់ចរាចរត្រង់ ចំណុចពិន័យពី ៣០០០រៀលទៅ១៥០០០រៀលនេះ ត្រូវបានមន្ត្រីរូបនោះពន្យល់ថា ដោយសារពិន័យ៣០០០រៀល គឺមានទំហំទឹកប្រាក់តិចតួចពេក អ្នកបើកបរអត់ពាក់មួកសុវត្ថិភាព អត់រៀងចាល ព្រោះគាត់អាងថា បង់ប្រាក់ពិន័យ តែ៣០០០រៀលតែបើ ពិន័យ១៥០០០រៀល ពួកគាត់អាចនាំគ្នា ពាក់មួកសុវត្ថិភាពគ្រប់គ្នា ព្រោះជាចំនួនទឹកប្រាក់ ច្រើន ។

មតិមួយចំនួនបានលើកឡើងថា ការកែច្បាប់ចរាចរផ្លូវគោក ពីការពិន័យអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ពី៣០០០ រៀលទៅ១៥០០០រៀល នេះគឺជាការត្រឹមត្រូវហើយដើម្បីអូសទាញ មនុស្សឲ្យគោរពច្បាប់ ។ តែរដ្ឋាភិបាលមិនគួរ មើលឃើញ កំហុសតែមួយជ្រុង រួចហើយនាំគ្នាកែតែមួយជ្រុងនោះទេ រដ្ឋាភិបាលគួរ ពិនិត្យមើល កំហុសទាំងមូល ឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយកែច្បាប់ចរាចរ ឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយដាក់ឲ្យអនុវត្តឲ្យមាន ប្រសិទ្ធិភាពទៀត ទើបគ្រោះថ្នាក់ចរាចរត្រូវបានកាត់បន្ថយបាន ដោយ ប្រសិទ្ធិភាព។

តាមពិតការបើកបរម៉ូតូអត់ពាក់មួកសុវត្ថិភាព ហើយបង្កគ្រោះថ្នាក់ចរាចរធ្វើឲ្យជីវិតមនុស្ស ស្លាប់ របួសនិងខូចខាត ទ្រព្យសម្បត្តិ វាមិនមែនជាអទិភាពមួយ នៃបទល្មើសចរាចរនោះទេ គឺនៅមានចំណុចជាច្រើនទៀតជាអតិភាព ។

ឧទាហរណ៍បុគ្គល “ក” គាត់បើកម៉ូតូអត់ពាក់មួកសុវត្ថិភាព រួចហើយបើកទៅបុករបាំង ពុះចែកទ្រូងផ្លូវឬបុក ដើមឈើ ដួលបោកក្បាលស្លាប់ ផលប៉ះពាល់ផ្ទាល់គឺ ប៉ះពាល់តែជនបង្កគ្រោះថ្នាក់ដែល មិនគោរពច្បាប់ ចរាចរ និងបន្ទាប់មកក្រុមគ្រួសារ របស់ជនរងគ្រោះ រូបនោះតែប៉ុណ្ណោះ ។ ប៉ុន្តែបើបុគ្គល “ខ” គាត់ស្រវឹងស្រាដាប ហើយ នៅតែមានៈ ធ្វើការបើកបរហើយទៅបុកអ្នកបើកម៉ូតូស្លាប់ម្នាក់ ហើយ ភាពស្រវឹងរបស់គាត់នៅតែមានៈ បើករត់ ទៅបុកអ្នកអង្គុយ នៅតាមចិញ្ចើមថ្នល់ ស្លាប់ម្នាក់របួស ២នាក់ទៀត។ បុគ្គល “គ” គាត់បើករថយន្តតាក់ស៊ី ផ្ទុក អ្នកដំណើរនៅខាងមុខ៤នាក់ ទាំងអ្នកបើកបរ ចង្អៀតណែនប៉េស ធ្វើឲ្យអ្នកបើកបរពិបាកកាច់ចង្កូត ពិបាក ដាក់លេខ ឬជាន់ហ្វ្រាំង ។ បុគ្គល “ឃ” គាត់បើករថយន្តដឹកទំនិញ ធុនធំ យ៉ាងកញ្ចាស់ សំបកកង់អស់ក្រឡា ហ្វ្រាំងឬចង្កូតម្តងស៊ី ម្តងមិនស៊ី ហើយដោយសារតែខ្វះបច្ចេកទេសនៃយានយន្តនិងការបើកបរ បែបនេះធ្វើឲ្យ ពេលបើកបរនៅតាមដងផ្លូវ រថយន្តតាក់ស៊ី កាច់ចង្កូតមិនទាន់ រថយន្តដឹកទំនិញ ជាន់ហ្វ្រាំងមិនស៊ី បានជ្រុលចង្កូត ទៅបុកអ្នកដំណើរ ផ្សេងទៀត ស្លាប់និងរបួសម្តងបួនប្រាំនាក់ ដូចថ្មីៗនេះករណីរថយន្តដឹកទំនិញ បើកចុះស្ពាន ព្រះមុនីវង្ស កាច់ចង្កូតមិនស៊ី បានបើកបុកអ្នកដំណើរ ស្លាប់និងរបួសម្តងបីបួននាក់ គេសួរថាតើបទល្មើស ណា មួយដែល បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាង ? ករណីអ្នកល្មើសច្បាប់ចរាចរ មិនពាក់មួកសុវត្ថិភាពឬមួយ ក៏អ្នកល្មើស ច្បាប់ចរាចរ បើកបរទាំងស្រវឹងឬល្មើសច្បាប់ចរាចរ បើកបរមិនមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់? ។

តាមពិតការលើកឡើងនេះមិនមែនមានន័យថា ចង់ឲ្យអនុវត្តចំណុចមួយ មិនអនុវត្តចំណុចមួយទៀត នោះទេ ។ ច្បាប់ដែលចូលជាធរមានហើយ ត្រូវតែអនុវត្តដោយស្មើភាពនិងព្រមៗគ្នាទាំងអស់ ។ ប៉ុន្តែ សម្រាប់សង្គមយើង នាពេលបច្ចុប្បន្ននេះ តាមការសង្កេតជាក់ស្តែង បទល្មើសចរាចរដែលបង្កឡើង ដោយការមិនពាក់មួកសុវត្ថិភាព គឺមិនទាន់ធ្ងន់ធ្ងរដូចករណីអ្នកស្រវឹងបើកបរ និងការបើកបរដោយ មធ្យោបាយ ធ្វើដំណើរមិនគ្រប់លក្ខណៈ បច្ចេកទេសនោះទេ ។ ដូច្នេះបើចាប់អារម្មណ៍ រឿងអ្នកល្មើសច្បាប់ ចរាចរ បើកបរមិនពាក់មួកសុវត្ថិភាព គេគួរតែ នាំគ្នាចាប់អារម្មណ៍ រឿងអ្នកស្រវឹងបើកបរនិង អ្នកបើកបរ មធ្យោបាយមិនគ្រប់លក្ខណៈបច្ចេកទេសផង ហើយតែច្បាប់ ដាក់ទោស ឲ្យបានធ្ងន់ធ្ងរដោយមិនលើកលែង ថែមទៀតនោះ ទើបគ្រោះថ្នាក់ចរាចរត្រូវបាន កាត់បន្ថយយ៉ាងពិតប្រាកដ ។

សូមកុំភ្លេចថា ចប្ចុប្បន្ននេះមានអ្នកបើកបរមិនតិចទេ ដោយគ្រាន់តែទើបនឹងរៀនចេះបើក (រៀនអត់សាលា) ចាប់ផ្តើមឡើងកាន់ដៃចង្កូតម៉ូតូ រថយន្ត បើកបរនៅតាមដងផ្លូវ សាធារណៈតែម្តង ដោយអ្នកខ្លះអាយុមិនគ្រប់ អ្នកខ្លះមិនទាន់ចេះយល់ដឹង ពីស្លាកបញ្ជា ឬបា្រប់ពីការធ្វើចរាចរ យ៉ាងម៉េចផង ដឹងតែលើកដៃឬកាច់ស៊ីញ៉ូភ្លាម បត់ភ្លែត ចាំបទអីដល់ថ្ងៃស្អែកនោះ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]