ភ្នំពេញៈ បុណ្យសមុទ្រ លើកទី២ ដែលប្រើ រយៈពេល៣ថ្ងៃ (ថ្ងៃទី០៦-០៩ ធ្នូ) នៅខេត្តកែប ដើម្បី អបអរសាទរ តំបន់ឆ្នេរខ្សាច់កម្ពុជា ដែលបានក្លាយ ជាសមាជិកក្លឹប ឆ្នេរខ្សាច់ស្អាតជាងគេ នៅលើពិភពលោកនោះ បានចាប់ ផ្ដើមហើយនៅរសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយមានព្រឹត្តិការណ៍ធំៗចំនួន៣ ត្រូវប្រារព្ធ នៅក្នុង កម្មវិធីនេះ ក្នុងនោះរួមមាន កម្មវិធីតាំងពិព័រណ៍ផលិតផល-អាហារ, សិល្បៈ និងកម្មវិធីកីឡា ។

ជាពិសេសថ្ងៃដំបូងនៃការប្រារព្ធពិធីបុណ្យខាងលើ កម្មវិធីកីឡា ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ត្រូវបង្ហាញខ្លួន នៅលើឆ្នេរខ្សាច់ខេត្តកែប បានបញ្ចប់ ១ប្រភេទកីឡាហើយ គឺប្រភេទកីឡាបាល់ទះ នៅលើឆ្នេរខ្សាច់ ដែលមាន ៣ក្រុមចូលរួម ក្នុងនោះមានក្រុមខេត្តកែប, ខេត្តកំពត និងក្រុមខេត្តព្រះសីហនុ ។

ក្រោយពីធ្វើការប្រកួតវិលជុំដ៏ស្វិតស្វាញ ក្រុមព្រះសីហនុ គឺជាក្រុមដែលឆ្លងផុតវគ្គជម្រុះមុនគេ បន្ទាប់ពីទទួល បានជ័យជំនះ ២ប្រកួតជាប់គ្នា ដោយបានឈ្នះក្រុមខេត្តកំពត ២-០សិត(២១-១៤ និង២១-១៦) និងឈ្នះ ក្រុមខេត្ដកែប ២-០សិត(២១-១២ និង២១-១៨គ្រាប់) ខណៈខេត្តកំពត ឈ្នះខេត្តកែប ៤-១សិត ។
លទ្ធផល ក្រោយប្រកួត ក្រុមចំណាត់ថ្នាក់លេខ១ បានទៅក្រុមព្រះសីហនុ ខណៈចំណាត់ថ្នាក់លេខ២ បាន ទៅក្រុមខេត្តកំពត និងចំណាត់ ថ្នាក់លេខ៣ បានទៅក្រុមម្ចាស់ ផ្ទះខេត្ដកែប ។

នៅក្នុងឱកាសនោះលោក វ៉ាត់ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិអូឡំាពិកកម្ពុជា និងជាអនុរដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា «ពិធីបុណ្យសមុទ្រ លើកទី២ នៃឆ្នេរសមុទ្រស្អាតជាង គេនៅលើពិភពលោក ដែលបានធ្វើនៅខេត្តកែបនេះ ពិតជាប្លែកជាងឆ្នំាមុន ដោយមានកីឡាជាង ១០ ប្រភេទបានចូលរួម ខណៈកាលពីពិធីបុណ្យ លើកទី១ នៅកំពង់សោម ដែលពេលនោះមានកីឡាតែ ៦ ប្រភេទចូលរួម ប៉ុណ្ណោះ» ។

លោក វ៉ាត់ ចំរើន បានបន្ដទៀតថា ថ្ងៃដំបូងនៃការរៀបចំពិធី បុណ្យសមុទ្រនេះ គឺយើងចាប់ផ្ដើមនៅការ ប្រកួត កីឡាបាល់ទះឆ្នេរខ្សាច់មុនគេ ខណៈកម្មវិធីបន្ទាប់ គឺការតាំងពិព័រណ៍ និងសិល្បៈ ដែលចាប់ផ្ដើមនារាត្រីថ្ងៃទី០៦ ធ្នូនេះ ។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ទៀតថា នៅថ្ងៃបន្ដបន្ទាប់ នឹងមានការប្រកួតកីឡាជាច្រើន ព្រមទាំង កម្មវិធីកម្សាន្ដផ្សេងៗទៀត ត្រូវបង្ហាញខ្លួននៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាតរបស់កម្ពុជា (ឆ្នេរសិលាចាំប្ដីកែប) ដោយ មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាច្រើនអ្នកទៀត ។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូស្អែកនេះ នាវេលាម៉ោង ៦ល្ងាច នឹងមានការហែក្បួនព្យុហយាត្រាកីឡា និងក្បួនដង្ហែរបុណ្យសមុទ្រដ៏អស្ចារ្យ នៅក្នុងទីតាំងមាត់ឆ្នេរសមុទ្រខេត្តកែបតែម្ដង ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]