រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តដឹកឥដ្ឋ ១គ្រឿង បើកគេចរថយន្តនៅខាងមុខ ក៏រេចង្កូតទៅបុកម៉ូតូ ៤គ្រឿង ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៥ និង ៣០នាទី រសៀលថ្ងៃទី០៦ ធ្នូ ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចមុខគ្លីនិកសើស្បែក និងកាមរោគ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ។

នារីរងគ្រោះដល់បាត់បង់ជីវិតមានឈ្មោះ គង់ ស្រីនិច អាយុ ១៧ឆ្នាំ រស់នៅសង្កាត់កោះដាច់ ខណ្ឌឫស្សីកែវ និងអ្នករងរបួសធ្ងន់ស្រាល ៣នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេត្រូវបាន បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ឡឹង ចន្ថា ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅទីតាំងឡឥដ្ឋក្នុងភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តពុយហ្ស៊ូ ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-1666 ជិះគ្នាប្រុសស្រី ៥នាក់ ដឹកឥដ្ឋនៅចោមចៅ ពេលត្រលប់មកវិញធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅមុខកំពូល ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកឥដ្ឋនេះ បានគេចរថយន្ត ១គ្រឿង ទៀតដែលនៅពីមុខ ក៏រេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកម៉ូតូ ៤គ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយកិនម៉ូតូ ២គ្រឿង គាបជាប់ក្រោមរថយន្ត បណ្តាលឲ្យនារីវ័យក្មេងម្នាក់ស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី ៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ រថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ជំនាញធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តបង្ក ទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]