រាជធានីភ្នំពេញ ៖ ជនរងគ្រោះដែលស្លាប់ក្នុង ហេតុការណ៍ចោរប្លន់ម៉ូតូរបស់ តារាចម្រៀងរបស់ផលិតកម្មរ៉ក់ ត្រូវបានស្គាល់ពីអត្តសញ្ញាណហើយ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៦ ធ្នូ ២០១៣ នេះ បន្ទាប់ពីបងប្រុសរបស់ ជនរងគ្រោះស្វែងរកប្អូនដែលបាន បាត់ខ្លួនកាលពីយប់មិញ ។

ប្រភពពីបងប្រុសបានឱ្យដឹងថា ប្អូនប្រុសដែលស្លាប់នោះឈ្មោះ ត្រាន់ ពិសី អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទ កសិកម្មចម្ការដូង និងជាអ្នករត់តុនៅភោជនីយដ្ឋាន «ម្លប់ស្វាយវឌ្ឍនៈ» ស្នាក់នៅផ្ទះជួលលេខ២៣ ផ្លូវ២២៨ ភូមិទី៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិកលំចង់ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។ បច្ចុប្បន្នសពជនរងគ្រោះកំពុង តម្កល់នៅវត្តពោធិ៍ចិនតុង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ 

គួរបញ្ជាក់ផងដែរថា បុរសម្នាក់បានស្លាប់ភ្លាមៗក្នុង ហេតុការណ៍ប្លន់ ប្រដាប់អាវុធមួយ ខណៈដែលជនសង្ស័យ២នាក់ធ្វើ សកម្មភាពវាយប្លន់ម៉ូតូបានសម្រេច របស់តារាចម្រៀងមួយរូបរបស់ផលិតកម្មរ៉ក់ ហើយពេលនោះបុរសដែលស្លាប់បានស្រែកថា «ចោរៗ» ហើយជនសង្ស័យ ដែលបំរុងជិះគេចខ្លួននោះបាញ់២គ្រាប់ទៅលើ ជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមតែម្តង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ធ្នូ ២០១៣ ស្ថិតនៅចំណុចមុខផ្ទះជួល៨២B1 ផ្លូវ២៤៧ ក្នុងភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់គេនៅពុំ ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ចំណែកឯជនរងគ្រោះដែលគេស្គាល់ថា ជាតារាចម្រៀងឈ្មោះហឿ សុលីន ហៅយ៉ត ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ប្រភពបានបន្តថា ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃីកូ (ប្រភេទម៉ូតូធំ) និងមានកាំភ្លើងអាកាស្វាយបត់១ដើម លុះមកដល់ចំណុចកើតហេតុ ក៏បានវាយភ្ជង់ប្លន់ម៉ូតូម៉ាក SZ (ប្រភេទម៉ូតូធំដែរ) របស់ជនរងគ្រោះបានសម្រេច តែខណៈនោះបុរសដែល ស្លាប់បានស្រែកចោរៗ ធ្វើឱ្យជនសង្ស័យបាញ់សំដៅលើជនរងគ្រោះស្លាប់ភ្លាម ។







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]