ភ្នំពេញ៖ មហោស្រពភាពយន្ត អាស៊ីប៉ាស៊ីហ្វិក លើកទី៥៦ ត្រូវបានរៀបចំដោយសហព័ន្ធ នៃផលិតករភាពយន្ត នៅក្នុងតំបន់អាស៊ី ប៉ាស៊ី ហ្វិក (FPA) នឹងប្រារព្ធឡើង នៅទីក្រុងម៉ាកាវ ប្រទេសចិន ចាប់ពី ថ្ងៃទី 13 ខែធ្នូ ដល់ ទី15 ខែធ្នូ ឆ្នាំ 2013 នៅសណ្ឋាគារ Venetian ទីក្រុងម៉ាកាវ។ គណៈប្រតិភូកម្ពុជា នឹងចូលរួមជាតំណាង នឹងដើរលើកំរាលព្រំក្រហម នៅមហោស្រពភាពយន្ត អាស៊ីប៉ាស៊ីហ្វិក ហើយឆ្នាំនេះ គឺជាលើកដំបូងហើយ ដែលកម្ពុជាបានចូលរូមកម្មវិធីនេះ ចាប់តាំងពី ឆ្នាំ1975 មក។ គណៈប្រតិភូ តំណាងឲ្យ ប្រទេសកម្ពុជាមានដូចជា អ្នកស្រី ឌី សាវ៉េត និង ព្រះនាង នរោត្តម សូម៉ា ដែលជាអ្នកមានឈ្មោះល្បី និងមានប្រជាប្រិយភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ឌី សាវ៉េត គឺជាតារាសម្ដែងដ៏ល្បី នៃព្រះរាជាណាចក្រកម្ពុជា និងជាបវរកញ្ញាកម្ពុជា លើកដំបូងបង្អស់ ក្នុងឆ្នាំ 1959 ។ លោកស្រីបានចូលរួម សម្ដែងក្នុងខ្សែភាយន្ត ជាច្រើន នៅក្នុងទសវត្សឆ្នាំ 1960 នឹងត្រូវបានចូលរួមសម្ដែង ក្នុងខ្សែភាពយន្ត នៅទីក្រុងហុងកុង និងតៃវ៉ាន់ ក្នុងអំឡុងឆ្នាំ 1970 ផងដែរ។ លោកស្រី ឌី សាវ៉េត បានវិលត្រឡប់មកដល់ ប្រទេសកម្ពុជា ពីប្រទេសបារាំង ក្នុងឆ្នាំ 1993 និងបានបន្តក្ដីស្រឡាញ់ របស់លោកស្រី នៃការសម្ដែងភាពយន្ត។ ក្នុងឆ្នាំ 2011 លោកស្រីបានបង្ហាញខ្លួន នៅក្នុងភាពយន្ត ឯកសារមួយឈ្មោះ "Golden Slumbers" ផលិតដោយ ផលិតករខ្សែភាពយន្ត ឈ្មោះ ដាវី ឈូ និងនៅក្នុង 2012 លោកស្រីបានសម្ដែងនៅលើឆាក ជាលើកដំបូងនៅក្នុង ល្ខោនសម័យមួយហៅ ថា "ប្រទេសកម្ពុជា ខ្ញុំនៅទីនេះ" ដោយ លោក Jean–Baptiste Phou។ នៅឆ្នាំ 2013 លោកស្រី ឌី សាវ៉េត បានសម្ដែងក្នុង ខ្សែភាពយន្ដខ្មែរមួយ ឈ្មោះថា "កំពូលសិស្ស" ផលិតដោយ ផ្រាមដាយណាស់ធីអេនធឺធេនមឹនគ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមផលិតដែល មកពីទីក្រុងហុងកុង ប្រទេសម៉ាឡេស៊ី និងកម្ពុជា។

ព្រះនាង នរោត្តម សូម៉ា ជាសាច់សាលោហិតផ្ទាល់ របស់ព្រះបាទនរោត្តម និងក្មួយស្រីរបស់ព្រះមហាវិរក្សត្រ ព្រះបាទនរោត្តមសីហនុ។ ព្រះនាង បានធំធាត់ នៅសហរដ្ឋ អាមេរិក ដែលជាក្រុមដំបូងនៃអ្នកភៀសខ្លួន នៅក្នុងទីក្រុងឡងប៊ិច ។ ក្នុងឆ្នាំ 1975 ព្រះនាងបានទទួល វិញ្ញាបត្របរិញ្ញាបត្រ ផ្នែកសារព័ត៌មាន និងបានបញ្ចប់ កម្មវិធីអនុបណ្ឌិត ផ្នែកទំនាក់ទំនងទូទៅ នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា រដ្ឋ Fresno ។ ព្រះនាង នរោត្តម សូម៉ា បានផ្លាស់ប្តូរ មករស់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ 2010 ដើម្បីថែទាំជំងឺ ព្រះបិតា ដែលបានសម្រេចចិត្ត វិលត្រឡប់មក ប្រទេសកម្ពុជាវិញ ដើម្បីសោយទិវង្គត ក្នុងមាតុប្រទេស របស់ព្រះអង្គ។

ក្នុងអំឡុងពេលនេះ ព្រះនាង បានបង្កើតកម្មវិធីជជែកកម្សាន្ត តាមវិទ្យុជាភាសាអង់គ្លេសដំបូងបង្អស់ និងព្រះនាងមានចំណែក ផ្ទាល់ខ្លួន របស់ព្រះនាងនៅក្នុង កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាផ្នែកមួយដែលមានអ្នកអាន ច្រើនបំផុត នៅក្នុង ឆ្នាំ 2012 និង បានទទួលពានកិត្តិយសខ្ពស់បំផុត ក្រុមក្លឹប Rotary នៅរាជធានីភ្នំពេញ "ពានរង្វាន់ សន្តិភាព នារីដែលមានភាពជាអ្នកដឹកនាំ" នៅក្នុង ឆ្នាំ 2013។ ព្រះនាងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដ ហូលីវូដ ដ៏ល្បីមួយក្រោមចំណង ជើងថា ”Madea Goes To Jail” ដែលជាចាក់បញ្ចាំងក្នុង ទូរទស្សន៍ របស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ 2011 និង ចាក់បញ្ចាំងក្នុង ទូរទស្សន៍កម្ពុជាក្នុងឆ្នាំ 2012 ។

លោក Allan Cheung នាយកប្រតិបត្តិអាស៊ីប៉ាស៊ីហ្វិក មហោស្រពភាពយន្ត ប្រចាំប្រទេសកម្ពុជា និងជាសមាជិកអនុគមន៍ នៃសមាគម ផលិតករភាពយន្តកម្ពុជា បានថ្លែងថា “នេះគឺជាលើកដំបូងហើយ ដែលប្រតិភូកម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម នៅក្នុងមហោស្រព ភាពយន្ត អាស៊ីប៉ាស៊ីហ្វិក។ សមាគមន៏បានជ្រើស អ្នកស្រី ឌី សាវ៉េត និង ព្រះនាង នរោត្តម សូម៉ា ជាតំណាងឲ្យប្រទេសកម្ពុជា ដោយសារតែការរួមចំណែករបស់ពួកគេ ក្នុងវិស័យភាពយន្ត និងអារម្មណ៍ នៃរចនាបថ និងម៉ូដ របស់ពួកគាត់ទាំងពីរនេះ គឺជាគំរូដ៏ល្អ សម្រាប់យុវជន កម្ពុជាបច្ចុប្បន្ននេះ"។

លោក Allan Cheung បានបន្ថែមទៀតថា "ខ្ញុំ គិតថានេះ គឺជាឱកាសមាស សម្រាប់ពួកយើង ដើម្បីលើកកម្ពស់ ឧស្សាហកម្ម ភាពយន្ត របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិ ហើយបង្ហាញប្រទេសកម្ពុជា នៅលើផែនទីម្ដងទៀត "។

សមាគម ផលិតករភាពយន្ត កម្ពុជា (AFC) គឺជាអង្គការនៃអ្នកជំនាញ វិស័យផលិតប្រព័ន្ធផ្សព្វផ្សាយ ដែលរួមទាំងជនជាតិខ្មែរ និងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជា ។ ចក្ខុវិស័យរបស់ AFC គឺដើម្បីពង្រឹង និងផ្តល់ជំនួយដល់ អ្នកផលិតខ្សែភាពយន្ត និងអ្នកបង្កើត មាតិកាទូរទស្សន៍ នៅក្នុងប្រទេសកម្ពុជា ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]