ភ្នំពេញ ៖ រថយន្ត និងម៉ូតូ បុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យគាបជាប់គ្នា ខណ:អ្នកបើករថយន្ត បត់ចូលផ្ទះ ក៏ជ្រុលម៉ូតូ ដែលកំពុងជិះ ក្នុងទិសដៅបញ្ច្រាសគ្នា រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៩៩ មុខហាងបុប្ផាជាយ ដែន ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។     

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉ូឡា មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2O-8443 ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ ៩៩ ក្នុងទិសដៅពី ជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ នេះ ស្រាប់តែបត់បម្រុងចូលផ្ទះ ក៏ត្រូវបុកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ បើកបរ ដោយយុវជនម្នាក់ធ្វើ ដំណើរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ជាមួយនឹងរថយន្ត បណ្តាលឲ្យម៉ូតូវ៉េវ ដែលកំពុងបោះពួយយ៉ាង លឿនដូចគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នានោះ ជ្រុលពីមុខយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យគាបជាប់គ្នា រងការខូចខាត យ៉ាងដំណំ តែសំណាងល្អ គ្មានមនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ។

សមត្ថកិច្ចនៅមិនអាចកំណត់ អត្តសញ្ញាណអ្នកបើកបរម៉ូតូ និងរថយន្តបង្កបាននៅឡើយទេ ប៉ុន្តែក្រោយកើតហេតុ នគរបាលចរាចរ ខណ្ឌចំការមន និងសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកអន្តរា គមន៍ និងធ្វើការសម្របសម្រួល រវាងភាគីទាំងពីរ ដោយតម្រូវវឲ្យម្ចាស់រថយន្តសងថ្លៃខូចខាតជូនម្ចាស់ម៉ូតូទាំងស្រុងតែម្តង ដោយមានការសម្របសម្រួល ពីសមត្ថកិច្ចបែបនេះ ភាគីទាំងពីរ ក៏ពេញចិត្តស្រុះស្រួលគ្នា បញ្ចប់នៅនឹងកន្លែងកើតហេតុ ដោយភាគីទាំងសងខាង បានត្រឹមតែអូសយានជំនិះរបស់ខ្លួន ទៅជួសជុលរៀងៗខ្លួន ដោយពុំមានភាគីណា សងភាគីណាឡើយ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]