ភ្នំពេញៈ នេះមិនមែនជារឿងចម្លែកទេ ដែលព័ត៌មានលេចឮថា អ្នកសិល្បៈ មានគេចាំជួយទំនុកបម្រុង ពីក្រោយខ្នង ឲ្យរស់នៅ ក្នុងជីវភាពហ៊ឺហារ ស៊ីវិល័យ សម្បូរសប្បាយ ពោលស្ទើរតែក្លាយ ទៅជាព័ត៌មានធម្មតាទៅហើយ សម្រាប់អ្នកសិល្បៈគ្រប់រូប។ នៅពេលថ្មីៗនេះ ព័ត៌មាន លេចឮថ្មីមួយទៀតថា តារាកំប្លែង មេម៉ាយចាយរាងកូនមួយ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ក៏មានអ្នកសម្បូរលុយ ចំណាយទិញ ផ្ទះល្វែងល្អប្រណិតមួយ តម្លៃ រាប់ម៉ឺនដុល្លារឲ្យនាង ទុកជាកាដូសាងគ្រួសារផងដែរ ។

កន្លងមក តារាកំប្លែងនាង ខ្ញុង ធ្លាប់បានត្អូញត្អែរ ពីការលំបាកវេទនារបស់នាង ដែលរស់នៅជួលផ្ទះគេ និងមានក្តីស្រមៃចង់មានផ្ទះ ដែលជាកម្មសិទ្ធផ្ទាល់ខ្លួនសម្រាប់នាង រស់នៅជាមួយកូន។ ប៉ុន្តែក្តីស្រមៃនោះ នាងមិនទាន់ដឹងថា អាចក្លាយជាការពិតនៅពេលណាទេ ព្រោះថាពេលនេះ ចំណូលបានមកពីសិល្បៈ ត្រូវបែងចែកការចំណាយ ទាំងស្រុងក្នុងមួយខែៗ ស្ទើរគ្មានសល់ ដូចពាក្យ ចាស់ពោលថា “ទូកធំក្តោងធំ” ។ ប៉ុន្តែពេលនេះស្ងាត់ៗ ស្រាប់តែតារាស្រីរូបនេះ សម្រេចចិត្តរើ ឥវ៉ាន់ ទៅរស់នៅ លើផ្ទះល្វែងមួយកន្លែង នៅម្តុំបុរីពិភពថ្មី ក្បែរផ្ទះដៃគូសម្តែង នាយ ពាក់មី ដែលធ្វើឲ្យទស្សនិកជនមាន ចម្ងល់កាន់តែខ្លាំង ។

ជួបជាមួយ LookingTODAY ដោយផ្ទាល់ អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងថា ផ្ទះល្វែងដែលនាង រើទៅរស់នៅនោះមិនមែនជាផ្ទះជួលគេ ដូចមុនទេ វាគឺជាផ្ទះថ្មី ដែលទើបតែទិញ ហើយលុយទិញផ្ទះនេះ នាងគ្មានសមត្ថភាពក្នុងការទិញទេ គឺមានគេទិញឲ្យនាង ។ អ្នកដែលទិញផ្ទះ ឲ្យនាងនោះគេជាអ្នកមានលុយធ្លាប់ បានជួយនាងជាច្រើន ចាប់តាំងពីនាងចូលសិល្បៈ រហូតមកដល់ពេលនេះ គាត់ជាបងស្រីធម៌ របស់នាង។

តារាកំប្លែងសម្ដីហូរដូចទឹក រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ផ្ទះនេះបងស្រីធម៌របស់ខ្ញុំ គឺម្ចាស់ហាងសម្អាងការ សុខគាប៊ូតា ទើបតែទិញឲ្យ។ ខ្ញុំនៅមិនទាន់មានគម្រោងថា រៀបចំកម្មវិធីឡើងផ្ទះនេះ នៅពេលណាទេ គឺរង់ចាំបងស្រីគាត់ត្រឡប់មកពីអូស្ត្រាលីសិន បានរៀបចំពិធី ព្រោះខ្ញុំចង់រង់ចាំគាត់ ឲ្យគាត់ចូលរួមកម្មវិធីក្នុងថ្ងៃនោះ ។ ដូច្នេះខ្ញុំនៅមិនទាន់ច្បាស់ ពីគម្រោងធ្វើពិធីឡើង គេហដ្ឋានថ្មីនេះទេ ។ ម្យ៉ាងសម្រាប់រឿងតម្លៃផ្ទះថា ទិញអស់ប៉ុន្មានម៉ឺនដុល្លារនោះ ខ្ញុំមិនចង់និយាយទេ ព្រោះបើនិយាយគេថា ខ្ញុំអួត...”។

អ្នកនាង ខ្ញុង បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងសប្បាយចិត្ត ដែលពេលនេះ មានផ្ទះរស់នៅជាកម្មសិទ្ធិខ្លួនឯង ទោះជាពេល ទិញដាក់ឈ្មោះបងស្រីធម៌ក៏ដោយ ។ អ្វីដែលនាងមានរាល់ថ្ងៃនេះ ក៏ដោយសារតែមានការជួយជ្រោមជ្រែង ពីបងស្រីធម៌ គឺម្ចាស់ហាងសម្អាងការ សុខគាប៊ូតា នេះតែម្តង។ កាលពីមុនយើងធ្លាប់តែ ជួលផ្ទះគេរស់នៅ តែពេលនេះ បែរជាមានផ្ទះខ្លួនឯង នាងសប្បាយចិត្ត ដល់ថ្នាក់ឡើងទម្ងន់ ១០គីឡូរទៅហើយ ។ បើទោះជាពេលនេះ នាងមានគ្រប់យ៉ាងនៅជិតខ្លួនហើយក៏ដោយ សម្រាប់រឿងគូស្រករ នៅមិនទាន់ចាប់ផ្តើមគិតទេ ព្រោះថាកំពុងសប្បាយចិត្ត ចំពោះអ្វីដែលនាងមាន មិនចង់បានអ្វីលើសនេះ ជាពិសេស គឺរស់នៅជាកូនជាទីស្រឡាញ់ គ្រប់គ្រាន់ពេកហើយសម្រាប់ជីវិត៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី