បើតាមអ្នកជំនាញផ្នែកសុវត្ថិភាព IT បានរកឃើញថា លេខសំងាត់ចំនួនពីរលាន នៃបណ្តាញទំនាក់ទំនងសង្គម និងគណនេយ្យអ៊ីម៊ែល ត្រូវបានលួច និងផ្សព្វផ្សាយនៅលើអនឡាញ ដោយក្រុម Hacker។

លេខសំងាត់ដែលបានបាត់ទាំងនោះ ត្រូវបានគេជឿជាក់ថា ក្រុម Hacker ប្រើប្រាស់កម្មវិធីមួយ ដែលមានឈ្មោះថា “Botnet” ដែលវាប្រើប្រាស់មេរោគ ឲ្យទៅចម្លងយកអក្សរ ដែលវាយចេញពី Keyboard។

គណនេយ្យ Facebook, Google, Yahoo, Twitter និង LinkedIn ត្រូវបាន Hack រីឯព័ត៌មានផ្សេងៗនៃគណនេយ្យទាំងនោះ ត្រូវបានផ្សព្វផ្សាយនៅលើអនឡាញ ដែលគេជឿជាក់ថា គឺជាទង្វើរបស់ក្រុម “Cyber Criminals”។ គួរបញ្ជាក់ផងដែរថា លេខសំងាត់ដែលត្រូវគេលួចទាំងនោះ រួមមានលេខសំងាត់របស់ Facebook ចំនួន ៣១៨,០០០ និង Google (រួមមាន Gmail, Google+, និង YouTube) ចំនួន ៧០,០០០ និង Yahoo ចំនួន ៦០,០០០។

លោក Graham Cluley អ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពអ៊ីនធឺណែត បានប្រាប់សារព័ត៌មាន BBC ថា “មនុស្សចំនួន ៣០ ទៅ ៤០ភាគរយ ប្រើប្រាស់លេខសំងាត់ដូចគ្នា នៅលើវេបសាយ ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងគ្នា។ នេះគឺជារឿងដែលយើងមិនគួរធ្វើ។”

យ៉ាងណាមិញ “១២៣៤៥៦” គឺជាលេខសំងាត់ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុត ខណៈលេខសំងាត់ “១២៣” និង “១១១១១១” ក៏ពេញនិយមដែរ។ យ៉ាងណាក៏ដោយ ព័ត៌មានដែលត្រូវគេ Hack ទាំងនោះ អាចត្រូវក្រុមឧក្រិដ្ឋជន យកទៅប្រើប្រាស់ ឬលក់។

ក្រុមហ៊ុន ADP, Twitter, Facebook និង LinkedIn ក៏បានធ្វើការប្រកាស ឲ្យអ្នកប្រើប្រាស់ដែលរងគ្រោះ ធ្វើការ Reset យកលេខសំងាត់ពួកគេមកវិញ៕



ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]