ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ភ្លាមនៅ កន្លែងកើតហេតុ និងរងរបួស ធ្ងន់៣នាក់ កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២ ០១៣ នៅចំណុចលើស្ពាន ៧ មករា ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។

ប្រភពពីមន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាល ក្រាំងពង្រ ប្រចាំការល្បាតនៅកន្លែងកើតហេតុនោះ បានប្រាប់ឲ្យដឹង ថា ម៉ូតូទាំងពីរគ្រឿងនោះ ជិះបញ្រ្ចាសទិសគ្នា ។ ម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ពាក់ស្លាក លេខកណ្តាល1C-7757 ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវជាតិលេខ៣ បើកបរដោយឈ្មោះ លី សុវណ្ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើត នៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) រីឯ ប្រពន្ធរងរបួសធ្ងន់ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកស្កុបពីស្តេបពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AJ-6192 ធ្វើដំណើរពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣ដូចគ្នា បើកបរដោយឈ្មោះ ស៊ុន ម៉ាឡែន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរយោធា មានស្រុកកំណើតនៅភូមិគ្រោលគោ សង្កាត់ទឹកថ្លា ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥០៨ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រង របួសធ្ងន់)រួមនឹងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់ឈ្មោះរងរបួសធ្ងន់ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ។

មន្ត្រីប៉ុស្តិ៍រដ្ឋបាលដដែលបន្តថា មុនពេលកើតហេតុ គាត់បានឃើញម៉ូតូ២គ្រឿងនេះជិះ លឿនដូចគ្នា មិន ដឹងថា គេប្រញាប់ទៅណាទេ ម្យ៉ាងអាងតែផ្លូវស្ងាត់នាំគ្នាជិះលៀនផ្លូវកោងមិន បន្ថយល្បឿន ក៏ជ្រុលបុកគ្នា ពេញទំហឹងតែម្តង នៅចំកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ និងរបួសគ្រប់ៗគ្នា ។

ដោយឡែកសមត្ថកិច្ចនគរបាលចរាចរណ៍ ខណ្ឌក៏បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ក្រោយមកសមត្ថកិច្ចក៏បានប្រគល់ម៉ូតូរងគ្រោះទាំងពីរគ្រឿង ទៅឲ្យខាងជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញដោះស្រាយបន្ត ចំណែកសពសមត្ថកិច្ចក៏បានប្រគល់ ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]