ភ្នំពេញ ៖ យុវជនម្នាក់ តែងតែមករង់ចាំ ទទួលប្អូនស្រីចេញពីធ្វើការ រោងចក្រជារៀងរាល់ថ្ងៃ ខ្លាចក្រែងជន មិនល្អយាយី លើប្អូនស្រីរបស់ខ្លួន ប៉ុន្តែអ្វីដែលគេគិតនោះ ស្រាប់តែឃើញផ្ទាល់ភ្នែក ខណៈដែលប្អូនស្រី របស់គេ ចេញពីធ្វើការរោងចក្រនោះ ស្រាប់តែមានស្ទាវម្នាក់ ដើរទៅបុកប្អូនស្រីរបស់គេក្នុង គោលបំណង មិនល្អ ទើបគេដើរទៅសួរនាំ មិនទាន់បានសួរនាំផង ស្រាប់តែ ក្រុមពាលទាំងនោះ ព្រួតគ្នាវាយ បណ្តាលឲ្យ រងរបួសធ្ងន់សន្លប់ឈឹង ។

ហេតុការណ៍នេះ កើតឡើង វេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ នៅតាមផ្លូវក្នុងបុរី សែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ប្អូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា បងប្អូនប្រុសនាងឈ្មោះ យ័ន្ត ធារ៉ា អាយុ២៥ឆ្នាំ មានមុខរបរ ជា កម្មករសំណង់ ស្នាក់នៅ បន្ទប់ផ្ទះជួល ២ នាក់បងប្អូន ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបូសស្បែង ឃុំជ្រលង ស្រុកបារាយ ខេត្តកំពង់ធំ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយខាងមុខរោងចក្រ រង់ចាំប្អូនស្រីធ្វើការថែមម៉ោង បន្តិចក្រោយមក ស្រាប់តែមានយុវជនមួយក្រុម មានគ្នាប្រមាណជាង ១០ នាក់ បានដើរមកឈរនៅខាងមុខរោងចក្រនោះដែរ លុះដល់ ពេលប្អូនស្រីរបស់ជនរងគ្រោះ ចេញពីធ្វើការ មកដល់ខាងក្រៅស្រាប់តែមានយុវជនម្នាក់ ក្នុងចំណោមបក្ខពួកជាង ១០នាក់នោះ ដើរសំដៅទៅរកប្អូនស្រី ជនរងគ្រោះ ហើយថែមទាំងដើរបំបុកស្មានាងទៀត ជនរងគ្រោះឃើញបែបនេះ ក៏ដើរចូលទៅបម្រុងសួរនាំ ប៉ុន្តែមិនទាន់បានសួរផង ស្រាប់តែក្រុមទាំងនោះ ព្រួតគ្នាវាយ ដោយយកដុំឥដ្ឋអុកលើក្បាល និងមុខ បណ្តាលឲ្យយុវជននោះ រងរបួសបែកក្បាល ហូរឈាមស្រោចខ្លួនជោក និង ហើមមុខពោរដេកសន្លប់ឈឹង នៅកន្លែងកើតហេតុ ចំណែកឯក្រុមទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

សាក្សីបានបន្តទៀតថា ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់ជួយធ្វើអន្តរាគមន៍ ប៉ុន្តែ ពុំបង្រ្កាបជនពាល ទាំងនោះ បានទេ រួចហើយក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីជួយសង្គ្រោះអាយុជីវិត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]