ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ស្រវឺងស្រាជោក ជាំបើករថយន្តឡង់រ៉ូវែរ ១គ្រឿង បែកកង់មុខក្រោយរេចង្កូតបុក ជនបរទេសម្នាក់ ដែលកំពុងជិះកង់បណ្តាលឲ្យរបួសធ្ងន់ និងបុករះម៉ូតូហុងដាឌ្រីម ២គ្រឿងទៀត បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសស្រាល នៅចំណុចមុខសណ្ឋាគារគ្រីនផាក ស្ថិតក្នុងភូមិរំចេក៤ ហើយបន្តទៅបុកម៉ូតូ ២គ្រឿង ផ្សេងទៀត បណ្តាលឲ្យរបួសធ្ងន់ ២នាក់ ស្រាល១ នៅតាមផ្លូវសួនច្បារ ឯកឧត្តម ស ខេង។

បន្ទាប់មក ជនបង្កបានបើករថយន្តរត់គេចខ្លួនធ្វើ ឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពេញក្រុងបាត់ដំបង លុះមកដល់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ទើបសមត្ថកិច្ចឃាត់បានរថយន្ត រួមទាំងអ្នកបើកបរ ពេលបញ្ជូនទៅការិយាល័យចរាចរណ៍ក្រុង ស្រាប់តែមានអ្នកធំម្នាក់អន្តរាគមន៍ឲ្យ ដោះលែងអ្នកបើកបរនោះតែម្តង។

ហេតុការណ៍បើករថយន្តបុករះនេះ បានកើតឡើងកាល ពីវេលាម៉ោង ៥ និង ២០នាទី រសៀលថ្ងៃទី០៤ ធ្នូ ២០១៣ ផ្តើមចេញពីចំណុចមុខ សណ្ឋាគារគ្រីនផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ រហូតដល់ចំណុចផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកបើកបររថយន្ត ឡង់រ៉ូវែរពណ៌ស សេរីឆ្នាំ២០០៧ អត់ពន្ធស្របច្បាប់ទេ ហើយបានបែកកង់ខាង ឆ្វេងមុខក្រោយ មានឈ្មោះ ម៉ក់ សុពណ៌ ភេទប្រុស អាយុ ២៧ឆ្នាំ ស្រវឹងស្រាជោក មានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនរងគ្រោះទី១ ជិះកង់មានឈ្មោះ All eovae ភេទស្រី អាយុ ២៨ឆ្នាំ ជាជនជាតិបារាំង របួសបាក់ឆ្អឹងកង ជើងឆ្វេង និងជាំហើមក្រោមភ្នែកស្តាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិបែកចានថ្មី (ក្បែរវិមានសព) សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ អ្នករងគ្រោះជិះម៉ូតូ ២គ្រឿង នៅចំណុចកើតហេតុសណ្ឋាគារគ្រីនផាក រងរបួសស្រាលមិនស្គាល់អត្តសញ្ញាណទេ ព្រោះប្រញាប់យកទៅព្យាបាល នៅមន្ទីរពេទខេត្ត។

ជនរងគ្រោះទី២ និងទី៣ ជិះម៉ូតូឌុបគ្នាម្តាយកូនមានឈ្មោះ ហេង ឆីឃាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកូនរងរបួសស្រាល និងឈ្មោះ លឹម គឺមអេង អាយុ ៦២ឆ្នាំ ជាម្តាយរងរបួសធ្ងន់ ទាំង ២នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០០៤ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ទី៤ ឈ្មោះ ចាន់ ម៉ារី ភេទប្រុស អាយុ ១៧ឆ្នាំ របួសជើងឆ្វេងធ្ងន់ ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៩ មានទីលំនៅភូមិអណ្តូងទឹកចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ក្រោយពេលកើតហេតុ វត្ថុតាង និងជនបង្ក បាននាំទៅការិយាល័យចរាចរណ៍ខេត្ត ប៉ុន្តែ អ្នកបើកបររថយន្តត្រូវបានអ្នកធំម្នាក់ អន្តរាគមន៍ឲ្យដោះលែងទាំងយប់។ ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីសមត្ថកិច្ចចរាចរណ៍ណាម្នាក់បានឡើយ ព្រោះអស់លោកថា មិនអាចបកស្រាយបាន។ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា រឿងគ្រោះថ្នាក់ចរាចរណ៍ បើអ្នកបើកបរអត់លុយ គឺចាប់បញ្ជូន តែបើអ្នកមានលុយមិនបាច់សួរចម្លើយផង ក៏ដោះលែងឲ្យមានសេរីភាពហើយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]