ភ្នំពេញ ៖ រថយន្ដដឹកប្រេង របស់ ក្រុមហ៊ុនសូគីម៉ិច បានបុករះម៉ូតូ ២គ្រឿង និងរ៉ឺម៉ក ១គ្រឿង បណ្ដាលឱ្យមនុស្ស ៤ នាក់ របួសធ្ងន់ស្រាល ពេលកំពុងធ្វើដំណើរ ចុះពីលើស្ពានព្រះមុនីវង្សថ្មី ហើយដាច់ ហ្វ្រាំង កាលពីវេលាម៉ោង ១ និង៣០នាទី រសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខណ្ឌមានជ័យ ។

មន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដដឹកប្រេងរបស់ ក្រុមហ៊ុនសូគីម៉ិច ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ ស្លាកលេខ ភ្នំពេញ ៣បេ ៩១៥៣ បើក ដោយបុរសម្នាក់ ធ្វើដំណើរឆ្លងកាត់ស្ពាន ព្រះមុនីវង្សថ្មី ឆ្ពោះទៅតាមផ្លូវជាតិលេខ១ ប៉ុន្ដែពេលកំពុងធ្វើដំណើរ ចុះពីលើស្ពានបានជ្រុលចង្កូតបុកអ្នកជិះម៉ូតូ ៤នាក់ បណ្ដាល ឱ្យរងរបួសធ្ងន់ស្រាល និងបុកគូថរ៉ឺម៉កកង់ បី ១គ្រឿង បណ្ដាលឱ្យ រងការខូចខាតពីក្រោយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ទី១ ឈ្មោះ សៅ កី អាយុ ៥៥ឆ្នាំ ភេទប្រុស រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួសធ្ងន់ រីឯម៉ូតូសង់ស៊េរី ៩៨ រងការ ខូចខាត ទី២ ឈ្មោះ ផុន ជួងពិសិដ្ឋ  ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិសន្សំកុសល ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ រត់ម៉ូតូឌុប រងរបួសស្រាល ទី៣ បុរសជាប្ដី ដែលជាជិះម៉ូតូឌុប ឈ្មោះ តេង សុម៉ាណា អាយុ ៣៦ឆ្នាំ និងទី៤ ស្ដ្រីជាប្រពន្ធដែលជិះ ជាមួយគ្នា ឈ្មោះ យឹម ស្រីដែន អាយុ ២៨ ឆ្នាំ ។ ក្រោយកើតហេតុអ្នកបើករថយន្ដដឹក ប្រេង ឈ្មោះ សុខ សារ៉ូ អាយុ ៣១ឆ្នាំ រស់ នៅភូមិច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះ ទី២ ខណ្ឌឫស្សីកែវ ត្រូវបានចាប់ខ្លួន។ បច្ចុប្បន្នសមត្ថកិច្ច កំពុងដោះស្រាយ បញ្ហានេះ នៅកន្លែងកើតហេតុ ៕



















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]