Shimizu Corporation ជាក្រុមហ៊ុន វិស្វកម្ម ដ៏ធំជាងគេ និង មានសក្តានុពលលើសគេមួយ របស់ប្រទេសជប៉ុន ដែលកំពុងតែធ្វើការ រៀបចំផែនការ ជាបណ្តើរៗហើយ សំរាប់គំរោងយក្ស របស់ខ្លួនមួយ ក្នុងការបញ្ជូនមនុស្សយន្តមួយក្រុម ទៅកាន់ភពព្រះច័ន្ទ ដើម្បីធ្វើការសាងសង់ អោយមានការបាញ់កាំរស្មីឡាស៊ែរ តម្រង់មកកាន់ភពផែនដី របស់យើងនេះ។

ក្រុមហ៊ុនខាងលើ មិនមានបំណងអាក្រក់ណាមួយ ដែលនាំអោយ មានផលប៉ះពាល់ ដល់ពិភពលោកនោះទេ តែពួកគេកំពុងរកវិធី ផ្តល់ដល់មនុស្ស នូវថាមពលប្រើប្រាស់ថ្មី ដ៏ល្អមួយទៀត និង ផលិតបានយ៉ាងឆាប់រហ័ស ថែមទៀតផង។

ប្រទេសជប៉ុន មានទំហំមិនសូវជាធំមែន តែប្រជាជនវិញ ពិតជាមានចំនួនយ៉ាងច្រើន ណែនណាន់ តាន់តាប់តែម្តង ហើយតម្រូវការ ប្រើប្រាស់ថាមពល ក៏មានអត្រា កាន់តែខ្ពស់ឡើង ផងដែរ។ ហេតុនេះហើយ ប្រទេសជប៉ុន បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការស្រាវជ្រាវរុករក ប្រភព ថាមពលផ្សេងៗ តាមដែលអាចធ្វើទៅបាន ដូចជាពេលថ្មីៗ កន្លងទៅនេះ មានលេចលឺនូវព័ត៌មាន អំពីភាពដែលអាចទៅរួចបាន ក្នុងការបំលែង សារ៉ាយម្យ៉ាង អាចក្លាយជាប្រេងឥន្ធនៈ សំរាប់ប្រើប្រាស់បាន។ ប៉ុន្តែ សំរាប់ពេលថ្មីៗនេះវិញ គំនិតថ្មីមួយទៀត ត្រូវបានផុសចេញមក ដែលនេះជាក្តីសង្ឃឹម សំរាប់មនុស្ស ក្នុងការអាចទៅទាញយកថាមពលបាន នៅឯទីអវកាសនេះឯង។

សព្វថ្ងៃនេះ ថាមពលព្រះអាទិត្យ (solar energy) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ថាមពល ដល់មនុស្សបានប្រើប្រាស់ ហើយបណ្តាប្រទេស ជាច្រើនលើពិភពលោក កំពុងតែប្រើប្រាស់ ប្រពន័្ធថាមពលព្រះអាទិត្យនេះ ប៉ុន្តែ ក្នុងនោះ ក៏មានផលលំបាក មួយចំនួន ផងដែរ ក្នុងការទាញយកថាមពលពីព្រះអាទិត្យ។ ព្រោះថា ដើម្បីអាចទាញយកថាមពលបាន ទាមទារអោយ ពន្លឺព្រះអាទិត្យ បាញ់មកចំ ទីតាំងដែលមានឧបករណ៍ចាំទទួលយក នៅកន្លែងរោងចក្រថាមពលនោះ ទើបអាចបំលែងចេញជាថាមពល ដែលអាច ប្រើប្រាស់បាន។ តែនៅពេលណា ដែលមានពពកមកបាំង រួមផ្សំនឹង ដំណើរវិលរបស់ភពផែនដីទៀតនោះ នាំឲ្យមានការលំបាក និងជាហេតុធ្វើអោយ ការប្រមូលថាមពល មានចំនួនកំណត់។

យ៉ាងណាមិញ នៅលើភពព្រះច័ន្ទឯណោះវិញ យើងមិនបាច់ខ្វល់ខ្វាយ បារម្ភពីបញ្ហាអាកាសធាតុ ដូចនៅភពផែនដីនោះទេ ទើបបានជាក្រុមហ៊ុន Shimizu របស់ជប៉ុន ចាត់ទុកទីនោះ ជាកន្លែងដ៏សាកសម សំរាប់ការសាងសង់ មជ្ឈមណ្ឌលថាមពលព្រះអាទិត្យ ដ៏ធំបំផុតមួយ។ គម្រោងការណ៍នេះ ត្រូវបានគេឲ្យអោយឈ្មោះថា Luna Ring ហើយបើតាមការគណនា ពីក្រុមហ៊ុន Shimizu បានឲ្យដឹងថា វាអាចមានសមត្ថភាព ក្នុងការផ្គត់ផ្គង់ថាមពល បានចំនួន ១៣,០០០ តេរ៉ាវ៉ាត់។

ក្រុមហ៊ុនយក្សមួយនេះ បានបន្ថែមឲ្យដឹងទៀតថា ថាមពលដែលទទួលបាន នឹងបំលែងទៅជា microwaves ឬក៏ laser beams បន្ទាប់មកនឹងបញ្ជូន សំដៅមកកាន់ភពផែនដីវិញ ដើម្បីយកវាមក បំលែងត្រឡប់មកជា ថាមពល ដែលមនុស្សអាចយក មកប្រើប្រាស់បាន។

គួរបញ្ជាក់ផងដែរថា គ្រាន់តែការចំណាយ នាំយកបន្ទះសូឡា (solar panel) មួយផ្ទាំង មានទង្ងន់ ៩គីឡូក្រាម ដែលទុកសំរាប់ ស្រូបយកថាមពលព្រះអាទិត្យនោះ ត្រូវចំណាយ ១លាន ដុល្លារអាមេរិកទៅហើយ។ ដូច្នេះ ដើម្បីគ្របដណ្តប់ដោយបន្ទះសូឡាទាំងនោះ អោយពាសពេញភពព្រះច័ន្ទ ដោយមានទទឹង ៤០០គីឡូម៉ែត្រ និង បណ្តោយ ១១,០០០ គីឡូម៉ែត្រ ដូចដែលបានលើកឡើង នៅក្នុងគំរោងមែននោះ ត្រូវចំណាយប្រាក់អស់ចំនួន ដល់ទៅ ១១៨,១៣១,៦៨៨,០០០,០០០,០០០,០០០ ដុល្លារអាមេរិក ឯណោះ៕

តើប្រិយមិត្តយល់ថាទៅរួចដែរទេ ចំពោះគម្រោងមួយនេះ?

(រូបភាពតំណាង)


(រូបភាពតំណាង)

(រូបភាពតំណាង)

 

ប្រភព៖ ជប៉ុន

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]