នារាត្រីរំលងអាធ្រាតថ្ងៃពុធ ឈានចូលថ្ងៃព្រហសហ្បតិ៍ ម្សិលមិញនេះ មានការប្រកួតចំនួន ៩ ក្នុងក្របខ័ណ្ឌកំពូល Premier League របស់ចក្រភពអង់គ្លេស ដោយក្រុមបិសាចក្រហម Manchester United បរាជ័យយ៉ាងអាម៉ាស់មុខ ក្នុងទឹកដីខ្លួន ខណៈហង្សក្រហម Liverpool តោខៀវ Chelsea និងកាំភ្លើងធំ Arsenal សុទ្ធតែទទួលជ័យជម្នះ។

នេះជាការបរាជ័យលើកទី ៤ ហើយ របស់ ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក David Moyes។ អតីតគ្រូបង្វឹករបស់ Everton មួយនេះ បានបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមចាស់របស់ខ្លួន ជាមួយនឹងទស្សនិកជនប្រមាណ ៧០ ០០០នាក់។ ការប្រកួតអស់រយៈពេលជិតចប់ការប្រកួត ដោយក្រុមទាំងពីរសុទ្ធតែសម្រុកគ្នា ទៅវិញទៅមកយ៉ាងជក់ចិត្តដិតអារម្មណ៍ ដោយប៉ាន់ស្មានថាប្រហែលជាលទ្ធផលបញ្ចប់ទៅដោយការស្មើគ្នា ០ទល់នឹង០ ហើយ ប៉ុន្តែអ្វីៗបែរជាប្រែប្រួលទាំងអស់នៅពេលដែលកីឡាករ Lukaku បញ្ចូនបាល់យ៉ាងល្អ ចូលទៅតំបន់គ្រោះថ្នាក់របស់បិសាចក្រហម ហើយស៊ុតបញ្ចូលទីបានសម្រេចយ៉ាងស្អាត ដោយកីឡាករ Oviedo នៅនាទីទី ៨៦ ជួយអោយក្រុម Everton យកឈ្នះក្រុមបិសាចក្រហមក្រៅផ្ទះ ដោយលទ្ធផលបច្ចេកទេស ០ទល់នឹង១។ ភាពបរាជ័យមួយនេះ ពិតជាធ្វើអោយ David Moyes ពិបាកនឹងស្តារមុខមាត់របស់ខ្លួនណាស់ ព្រោះលោកបែរជាដឹកនាំក្រុមថ្មី ប្រកួតចាញ់ក្រុមចាស់ ក្នុងទឹកដីរបស់ខ្លួន យ៉ាងអាម៉ាស់មុខទៅវិញ។

 

ងាកទៅទឹកដី Anfield របស់ហង្សក្រហម Liverpool វិញ គឺបានទទួលជ័យជម្នះយ៉ាងត្រជះត្រចង់ ដោយផ្តួលក្រុមភ្ញៀវ Norwich ដោយលទ្ធផល ៥ទល់នឹង១។ ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរបស់ហង្សក្រហម Luis Suarez អាចរកគ្រាប់បាល់រហូតដល់ទៅ ៤ គ្រាប់ ពោលគឺនៅនាទីទី ១៥, ២៩, ៣៥, និង ៧៤ ដែលគ្រាប់បាល់បីគ្រាប់សុទ្ធតែស៊ុតបញ្ចូលទី ដោយប្រើប្រាស់បច្ចេកទេសស៊ុតយ៉ាងល្អឥតខ្ចោះ ខណៈមួយគ្រាប់ទៀតគឺរកបាន ដោយគ្រាប់បាល់ freekick ពីចម្ងាយ។ ក្រុមភ្ញៀវ Norwich មិនអាចត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលគ្មានគ្រាប់បាល់ស៊ុតចូលនោះទេ ពោលគឺនៅនាទីទី ៨៣ កីឡាករ Johnson បានទែតបញ្ចូលទី បានមួយគ្រាប់មកវិញ ប៉ុន្តែក្រុមម្ចាស់ផ្ទះនៅតែស្រេកឃ្លានជ័យជម្នះ ដោយនៅនាទីទី ៨៨ កីឡាករ Luis Suarez ដដែលបានបញ្ចូនបាល់យ៉ាងស្អាតទៅអោយ Sterling ពែនបញ្ចូលទី ជួយអោយហង្សក្រហមយកឈ្នះ Norwich ៥ទល់នឹង១ ចប់ការប្រកួត។

 

ចំណែកឯក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Hull City ២ទល់នឹង០ ក្នុងទឹកដី Emirate របស់ខ្លួន ខណៈតោខៀវ Chelsea និងក្រុមមេឃខៀវ Man CITY សុទ្ធតែទទួលជ័យជម្នះក្រៅទឹកដី។

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]