ភ្នំពេញ ៖ កាលវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅផ្ទះលេខ៦៩ ផ្លូវលេខ៤៣០ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន មានស្ដ្រីម្នាក់ បានដាក់ពាក្យ បណ្ដឹងទាមទារប្រាក់ ដែលបាត់បង់មកវិញ បន្ទាប់ពី ថៅកែស្ករស តាមរកឃើញ និងរឹបអូស យកវិញទទេ ខណ:ស្រ្តីរូប នេះ បានទិញស្ករសចំនួន២២បាវ ពីកម្មករ ២នាក់ ដែលលួចពីឃ្លាំង យកមកលក់ឱ្យ ។

ភាគីស្រ្តីដែលអះអាងថា ខ្លួនជាជនរងគ្រោះក្នុងករណីនេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ិត ណៃហេង អាយុ៣៩ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ និងភាគីម្ខាងទៀត ដែលអះអាងថា ជាថៅកែស្ករស ដែលកម្មករលួចយកមកលក់ មានឈ្មោះ ស៊ិន យូហួរ អាយុ៥៥ឆ្នាំ មានទីលំនៅជិតសាលាទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។

អ្នកស្រី អ៊ិត ណៃហេង បាននិយាយថា អ្នកស្រីបានទិញស្ករស ចំនួន២២បាវពីយុវជន២នាក់ ដោយមិនបាន ដឹងថា ពួកគេបានស្ករស មកពីណាទេ ក្នុង១បាវតម្លៃ២៥ដុល្លារ សរុបជាទឹកប្រាក់ចំនួន៥៥០ដុល្លារ ។ អ្នក ស្រីបន្ដថា បន្ទាប់ពីឱ្យលុយទៅ យុវជន២នាក់នោះរួចហើយ ស្រាប់តែស្ដ្រីឈ្មោះ ស៊ិន យូហួរ មកដល់ផ្ទះរបស់ គាត់ ហើយអះអាងថា ស្ករសដែលអ្នកស្រីបាន ទិញនេះ គឺកម្មករនៅឃ្លាំងរបស់គាត់លួចយកមកលក់ឱ្យទេ ហើយបានទាមទារយកស្ករសទាំងនោះទៅវិញ និងបានចោទអ្នកស្រីថា ទទួលផលចោរកម្ម ។

ប៉ុន្ដែអ្នកស្រីមិនព្រម ព្រោះគាត់បានចំណាយលុយអស់ជាង៥០០ដុល្លារ ទិញស្ករសទាំងនេះ មិនអាចខាត ទទេៗនោះឡើយ ហើយរូបគាត់ក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីឱ្យជួយ អន្ដរាគមន៍ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ក្នុងការជជែកតវ៉ាទាមទារនោះ អ្នកស្រី ស៊ិន យូហួរ បានយល់ព្រមសង លុយទៅអ្នកស្រី អ៊ិត ណៃហេង វិញ ប៉ុន្ដែមិនសងគ្រប់ចំនួនទេ ដោយឱ្យអ្នកស្រីបង់ខាតចំនួន១៥០ដុល្លារ ។ ចំណែក អ្នកស្រី អ៊ិត ណៃហេង មិនព្រមទេ នៅតែទាមទារប្រាក់គ្រប់ចំនួន៥០០ដុល្លារដដែល ហើយអ្នក ស្រីនិយាយថា បើមិនសងគ្រប់ចំនួនទេ គាត់មិនព្រមប្រគល់ស្ករសទៅឈ្មោះ ស៊ិន យូហួរ ទេ បើមិនដូច្នេះ ត្រូវនាំខ្លួនកម្មករ២នាក់ដែលលក់ស្ករស ឱ្យអ្នកមកសិន ទើបគាត់ប្រគល់ឱ្យ ។

ចំពោះករណីនេះ ទាំងអ្នកទិញ ទាំងថៅកែស្ករស ត្រូវរួមសហការគ្នា តាមរកអ្នកដែលយកស្ករស មកលក់ឲ្យ ឃើញ ទើបយើងអាចដឹងថា អ្នកណាជាមនុស្សបរិសុទ្ឋ ពោលគឺអ្នករកស៊ី តែងចង់ចំណេញ បើមានគេយក របស់មកលក់ឲ្យក្នុងតម្លៃថោក ដោយមាន រថយន្តដឹកត្រឹមត្រូវនោះ អ្នកទិញមិនបានដឹងថា ទំនិញជារបស់ចោរ លួចនោះទេ ។ ហេតុអីបានជា ថៅកែស្ករស ដឹងថា កម្មកររបស់ខ្លួន បានលួចស្ករស យកមកលក់ ឲ្យឈ្មោះ អ៊ិត ណៃហេងនេះ ? ហើយហេតុអ្វី បានជាថៅកែស្ករស តាមរកឃើញ ស្ករសរបស់ខ្លួន ដល់ក្នុងផ្ទះ របស់អ្នកទិញ ? ក្នុងរឿងនេះ តើថៅកែស្ករស មានពាក់ព័ន្ឋ អ្វីចំពោះកម្មករ ២នាក់ នោះ ? យើងខ្ញុំជាអ្នកយកព័ត៌មាន មិនអាចធ្វើ អត្ថាធិប្បាយបានទេ គឺមានតែសាមីទាំង ២នាក់នោះប៉ុណ្ណោះ ព្រោះថា ថៅកែស្កសរ ប្រាកដជាដឹងពីឈ្មោះ និងទីកន្លែងស្នាក់នៅរបស់កម្មករ ដែលលួចស្ករសនេះ ? ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]