រាជធានីភ្នំពេញ ៖ រថយន្ត ៣គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អពុំមានមនុស្សរងគ្រោះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ០៥នាទី យប់ថ្ងៃទី០៤ ធ្នូ ២០១៣ នៅចំណុចមុខផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉ូឡា ពណ៌ស ១គ្រឿង អត់ស្លាកលេខ បើកបរដោយយុវជនម្នាក់ស្រវឹងស្រាជោក ធ្វើដំណើរយ៉ាងលឿនតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខផ្សារទឹកថ្លារថយន្តកូរ៉ូឡា ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-7365 បើកបរដោយមន្រ្តីប៉ូលិសប៉ុស្តិ៍ទឹកថ្លាម្នាក់ បណ្តាលឲ្យខូចខាតចំហៀងឆ្វេងផ្នែកខាងក្រោយ ឯរថយន្តកូរ៉ឡាខ្ទេចមុខផ្នែកខាងស្តាំ។
បន្ទាប់មក រថយន្តកាមរីបាឡែន បានខ្ទាតទៅប៉ះជាមួយនិងរថយន្តឡិចស៊ីសRX300 ពណ៌ខ្មៅ ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2Q-6616 ដែលបើកស្របទិសគ្នា បណ្តាលឲ្យក្រពឹតគូទបន្តិចបន្តួច។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងនាំយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]