ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ក្នុងនោះ ម្នាក់ជាអ្នកកាន់ឃ្លាំង និង៣នាក់ទៀត ជា កម្មករលីសែង របស់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ ឌ្សគ្ស ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សី កែវ ចាប់ខ្លួនក្រោយពីខាងក្រុមហ៊ុនប្ដឹងជនសង្ស័យទាំង ៤នាក់ឃុបឃិតគ្នាលួចស៊ីម៉ងត៍ របស់ក្រុមហ៊ុន អស់ជាង ៣០តោន ខណៈ ដែលជនសង្ស័យទាំង ៣នាក់ បានសារភាព ថា ពួកគេបានលួចត្រឹម ៣តោនប៉ុណ្ណោះ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹង ថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ ក្រុមហ៊ុន កម្លាំងនគរបាលបានឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យទាំង ៣នាក់ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅផ្លូវលំ ក្រុមទី ៥ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ ថា ជនសង្ស័យទី១ ឈ្មោះ មុំ ចន្ថា អាយុ ៣២ឆ្នាំ តួនាទីជាអ្នកកាន់ឃ្លាំងឱ្យក្រុមហ៊ុន ស្នាក់នៅក្នុងក្រុមទី៥ ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ទី២ ឈ្មោះ មុំ ច័ន្ទតារា អាយុ ២២ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅ ជាមួយជនសង្ស័យទី១ ឈ្មោះ ជឹម ចក់ អាយុ ២៣ឆ្នាំ និងទី៤ ឈ្មោះ ច័ន្ទ សាម៉ាត អាយុ ២៣ឆ្នាំ មុខរបរ ជាកម្មករលីសែង ។

បើតាមសមត្ថកិច្ច បានឱ្យដឹងទៀតថា ជនសង្ស័យទាំង ៤នាក់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លង ទៅ បាននាំគ្នាឃុបឃិតលួចយកស៊ីម៉ងត៍ នៅក្នុងឃ្លាំងរបស់ក្រុមហ៊ុន ។ ក្រោយពី មានករណីលួចយកស៊ីម៉ងត៍របស់ខ្លួន ខាង ក្រុមហ៊ុនដែលអះអាងថា បាត់ស៊ីម៉ងត៍ជាង ៣០តោននោះ បានដាក់ពាក្យបណ្ដឹងទៅ សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បើកការស្រាវ ជ្រាវ ឈានទៅដល់ការចាប់ខ្លួនពួកគេទាំង ៤នាក់ ។ យ៉ាងណាក៏ដោយនៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ បានសារ ភាពថា ពួកគេពិតជាលួចស៊ីម៉ងត៍មែន ប៉ុន្ដែ លួចត្រឹម ៣តោនប៉ុណ្ណោះ មិនដូចការអះអាងពីភាគីជនរងគ្រោះនោះឡើយ ។ បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]