បាត់ដំបងៈ កម្លាំងនគរបាល ស្រុកឈូក ខេត្តកំពត សហការជាមួយ កម្លាំងនគរបាល បាត់ដំបង ធ្វើការឃាត់ខ្លួន បុរសម្នាក់ តាមបណ្តឹងម្តាយ ជនរងគ្រោះ បញ្ជូន មកស្នងការ ដ្ឋានបាត់ដំបង វិញកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ ពីបទពង្រត់ កូនក្រមុំគេ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅចំណុចភូមិ.ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្រ្តីនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជនខេត្ត បានឲ្យដឹង ថា ជនសង្ស័យ ដែលបានពង្រត់ កូនក្រមុំគេ មានឈ្មោះ និន ខ្នា ភេទ ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិ.ឃុំត្រពាំង៣ ស្រុកឈូក ខេត្តកំពត ។ បច្ចុប្បន្នមកស្នាក់នៅភូមិ.ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង ។ ចំណែកជន រងគ្រោះមានឈ្មោះ ឃ.ស.ខ អាយុ១៦ឆ្នាំ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។

មន្រ្តីរូបនេះបន្តថា ដោយយោងតាម ពាក្យបណ្តឹង របស់ម្តាយជនរងគ្រោះ និងកិច្ចសហការ ជាមួយកម្លាំងនគរបាលខេត្តកំពត រួចមកកម្លាំងនគរបាលស្រុកឈូក ខេត្តកំពត បានធ្វើការ ស្រាវ ជ្រាវ និងឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន កាលពីរសៀល ម៉ោង៣ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ខណៈជនសង្ស័យកំពុងរៀន បើកបររថយន្តឲ្យគេ រួចបញ្ជូនបន្តមក ស្នងការដ្ឋានខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៨ ខែឧសភា ដើម្បីសាកសួរចម្លើយ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំកូន ក្រមុំគេពីបាត់ដំបង ទៅរស់នៅ ស្រុកកំណើតខ្លួននៅខេត្តកំពត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ពិតប្រាកដមែន។ លុះ ដល់ថ្ងៃទី៧ ខែឧសភា ទើបពួកគេទាំង២នាក់ បានរួមដំណេកជា មួយគ្នាបាន២ដង លុះស្អែក ឡើងក៏ត្រូវ សមត្ថកិច្ចមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យបានឆ្លើយ ទៀតថា ពីមុនខ្លួន ធ្លាប់ មានប្រពន្ធជាស្រ្តីមេម៉ាយ នៅក្នុងភូមិកំពង់ព្រៀង នេះ បានរយៈពេល ជិត៤ឆ្នាំ មកហើយ។ លុះក្រោយមកខ្លួន ក៏បានលែងលះគ្នា ហើយក៏មានចិត្តស្រឡាញ់គ្នា ជាមួយនាង (ជនរង គ្រោះ) ជិត២ឆ្នាំមកដែរ។ លុះពេលបម្រុង ត្រឡប់ទៅនៅ ស្រុកកំណើត ជាមួយជីដូនវិញ នាងរងគ្រោះក៏បានត្រូវគ្នា ហើយក៏សម្រេចចិត្ត នាំគ្នាចាកចេញតែម្តង។ ពេលពួក ខ្លួនទៅ ដល់ខេត្តកំពត ហើយបាននាំគ្នាទៅប្រាប់ លោកមេភូមិ.លោកមេឃុំ បានជ្រាបដែរ ពីរឿងខ្លួនបាននាំគ្នាមក រស់នៅស្រុកកំណើតវិញ។

បច្ចុប្បន្ន មន្រ្តីការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ខេត្ត ដើម្បីចាត់ការតាមច្បាប់។ ព្រោះជនរងគ្រោះជាអនីតិជន និងជនសង្ស័យ បាននាំមនុស្ស ចេញដោយមិនស្របច្បាប់ទៀត៕

Photo by DAP-NEWS

ដោយ៖ DAP

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]