ភ្នំពេញ៖ ទោះបីជាតារាសម្តែង សម្បុរស្រអែមស្រស់ល្បី ឈ្មោះ ពៅ លីដា បានឈានជើងចូលប្រឡូក ក្នុងសិល្បៈជាច្រើនឆ្នាំ កន្លងមកក្តី ក៏មហាជន និងអ្នកនៅក្នុងសិល្បៈមួយចំនួន នៅមិនទាន់ដឹងពីប្រវត្តិផ្ទាល់ខ្លួន របស់ ពៅ លីដា ច្បាស់លាស់ថា នាងមានប្តី និងមានកូននោះឡើយ ព្រោះគេមើលឃើញថា នាងនៅតែរក្សាសម្ផស្សស្រស់ស្អាត មិនចាញ់ក្រមុំៗ ព្រហ្មចារីយ៍ដទៃៗឡើយ ។

កន្លងមក គេនៅចាំបានថា ពៅ លីដា បានរងព្យុះព័ត៌មាន មួយចំនួនថា នាងមានទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយ លោក យូឌីស្កូ ។ លើសពីនេះ ទៅទៀត ក៏មានព័ត៌មានលេចឮទៀតថា នាងមានមន្រ្តីធំតាមស្នេហ៍ ។ ប៉ុន្តែជុំវិញនឹងព័ត៌មាន ទាំងអស់នេះ តារាសម្តែងទឹកមុខ ស្រគត់ស្រគំរូបនេះ បានចេញមុខបដិសេធភ្លាមៗ ដោយមិនបង្អង់យូរឡើយ ។

ដោយឡែកថ្មីៗនេះ ប្រភពច្បាស់ការមួយ ចេញពីប្រជាពលរដ្ឋម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ រស់នៅម្ដុំច្បារអំពៅ បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា តារាសម្តែង ពៅ លីដា មានគ្រួសាររួចទៅហើយ និងថែមទាំងមានកូនម្នាក់ទៀតផង ។ ប្រភពដដែល បានអះអាងបន្តថា ផ្ទះ របស់ ពៅ លីដា គឺនៅម្ដុំច្បាអំពៅ ដោយនាងរស់នៅជាមួយប្តី និងកូនជាទីស្រឡាញ់។

ពាក់ព័ន្ធនឹងការបង្ហើប ប្រាប់ពីរឿងរ៉ាវ ដ៏រសើប របស់ ពៅ លីដា ពីប្រភពខាងលើនេះ នៅរសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០១៣នេះ គេហទំព័រ LookingTODAY បានទាក់ទង សុំការបកស្រាយបំភ្លឺ ឲ្យច្បាស់ពីតារាសម្តែងរូបស្រស់ ពៅ លីដា តាមទូរស័ព្ទ ដោយនាងនិយាយ ក្នុងសម្ដីម៉ឺងម៉ាត់ថា" ខ្ញុំសូមជម្រាបបងប្អូន ទស្សនិកជនទាំងអស់ថា បើខ្ញុំមានប្ដី គឺខ្ញុំត្រូវតែរៀបការតាមច្បាប់ អត់ទាន់មានប្ដីសីអីទេ..។

ខ្ញុំរាល់ថ្ងៃមិនដែលបាន ចេញដើរទៅណាទេ ព្រោះម្ដាយខ្ញុំឈឺ ត្រូវនៅមើលថែគាត់រាល់ថ្ងៃ ក្រៅតែពីចេញទៅច្រៀង នៅស្ថានីយទូរទស្សន៍ម្ដងម្កាល រួចមកផ្ទះវិញ។ ឯកម្មវិធីមិត្តភក្ដិ ក៏ខ្ញុំឆ្លៀតពេលទៅចូលរួមធម្មតា ហើយត្រឡប់មកផ្ទះវិញ ខ្ញុំមិនដែលដើរចោលផ្ទះទេ..!"

តារាសម្ដែង ពៅ លីដា បានបន្តទៀតថា" ក្រុមគ្រសារខ្ញុំ មានកិត្តិយសប៉ុណ្ណឹងដែរ ខ្ញុំមិនទៅធ្វើរឿងបែបហ្នឹងទេ គេថាខ្ញុំរស់នៅម្ដុំច្បារអំពៅ ខ្ញុំសូមប្រាប់ថា ខ្ញុំគ្មានញាតិមិត្ត ឬបងប្អូនរស់នៅម្ដុំហ្នឹងឡើយ ខ្ញុំពិបាកចិត្តណាស់ ពេលឮព័ត៌មានរបៀបនេះ ធ្វើឲ្យកេរ្តិ៍ឈ្មោះខ្ញុំ អាចធ្លាក់កាន់តែខ្លាំង សូមបង..ជួយសម្រួលរឿងហ្នឹង ឲ្យបានច្បាស់ផង...មិនមែនជាការពិតទាល់តែសោះ..! "។

តាមរយៈការបកស្រាយ ខាងលើនេះ ប្រិយមិត្ត ក៏ដូចជាទស្សនិកជន ពិតជាមានការវិនិច្ឆ័យ ចំពោះព័ត៌មាន ដែលកំពុងតែបោកបក់យ៉ាងសន្ធាប់ មកលើនាង ពៅ លីដា ថាជាការពិត ឬយ៉ាងណា? ខណៈដែលតារារូបនេះ តែងតែទទួលរងនូវព័ត៌មានអាស្រូវ ជាបន្តបន្ទាប់ ហាក់មិនដែលបានស្វាង ម្ដងណាឡើយ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]