រាជធានីភ្នំពេញ ៖ ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបឱ្យដឹងកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០១៣ថា តារាសម្តែងចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆានី បានព្រមព្រៀងសរសេរលិខិតមួយច្បាប់ ដាក់ទៅប្រធានតុលាការ ដើម្បីស្នើសុំឱ្យតុលាការ ប្រកាសសាលក្រមលែងលះរបស់ពួកគេជាផ្លូវ ការ ខណៈពេលដែលពួកគេទាំងពីរ បានសម្រេចយល់ស្របដូចគ្នានៃការលែងលះ នេះ ។

ប្រភពដដែលបញ្ជាក់ថា លិខិតមួយនោះបានធ្លាក់ដល់ដៃប្រធានតុលាការហើយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ប្រធានតុលាការនឹងចាត់ការរឿងនេះនៅពេលណាទេ ប៉ុន្តែបើយោងតាមច្បាប់ ប្រសិនបើមានការព្រមព្រៀងទាំងសងខាង ឱ្យប្រកាសសាលក្រមជាស្ថាពរ នោះ ខាងតុលាការនឹងចាត់ការទៅតាមការស្នើសុំ ។ ក្តីក្តាំនៃការលែងលះរបស់អ្នកនាងចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆានី ត្រូវសាលាដំបូងរាជធានីភ្នំពេញ ជំនុំជម្រះហើយកាលពីពេល ថ្មីៗនេះ បន្ទាប់ពីអ្នកទាំងពីរបានព្រមព្រៀងគ្នាកាត់ផ្តាច់ចំណងអាពាហ៍ ពិពាហ៍របស់ពួកគេទៅតាមផ្លូវច្បាប់ ។

បើទោះបីជាសាលក្រមនោះមិនត្រូវបានតុលាការ បញ្ចេញឱ្យដឹងក៏ដោយ ប៉ុន្តែបើយោងតាមប្រភពពីតុលាការបង្ហើបឱ្យដឹងថា សាលក្រមនោះ បានសម្រេច៣ចំណុច ធំៗ ១-តម្រូវឱ្យលោកយុត្ថារ៉ា ឆានី និងនាងចន ច័ន្ទលក្ខិណា លែងលះគ្នាទៅតាមច្បាប់ ។ ២-ប្រគល់កូនស្រីដែលជាចំណងដៃអាពាហ៍ពិពាហ៍តែមួយគត់ក្រោយរួមរស់ ជាមួយគ្នាអស់រយៈពេលជាង១០ឆ្នាំ ទៅឱ្យឪពុកជាអ្នកគ្រប់គ្រង និងថែរក្សា និង៣-បែងចែកទ្រព្យសម្បត្តិជាពីរស្មីគ្នា ។

បើទោះបីជាមានការសម្រេចរបស់តុលាការបែបនោះ ហើយក៏ដោយ ក៏តុលាការបានទុកសាលក្រមមួយនោះរយៈពេលមួយខែ ដើម្បីចូលជាធរមានក្នុងករណីដែលភាគីទាំងសងខាងមិនបានប្តឹងទាស់ ទេ ។ ប្រសិនបើភាគីទាំងពីរពិតជាបានព្រមព្រៀងគ្នាដាក់លិខិតស្នើសុំ ឱ្យតុលាការប្រកាសសាលក្រមនៃការលែងលះជាស្ថាពរពិតមែននោះ រឿងមួយនេះលាតត្រដាងយ៉ាងច្បាស់ថា ចំណងស្នេហ៍យូរឆ្នាំ និងមានកូនស្រីម្នាក់រវាងលោកយុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា ឈានដល់ផ្លូវបំបែក ដោយមិនអាចវិលថយក្រោយបានឡើយ ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះតារាសម្តែងលោកយុត្ថា រ៉ា ឆានី មិនបានអត្ថាធិប្បាយអ្វីឡើយ ក្នុងពេលដែលកោះសន្តិភាពព្យាយាមទាក់ទងសុំការបកស្រាយពីលោកតាម ទូរស័ព្ទ ដោយលោកនិយាយដោយខ្លីថា លោកមានការរវល់ រួចហើយក៏បានកាត់ផ្តាច់ទូរស័ព្ទចោល ។
ចំណែកអ្នកនាងចន ច័ន្ទលក្ខិណា ក៏មិនអធិប្បាយអំពីរឿងរ៉ាវនេះដែរ ក្នុងជំនួបផ្ទាល់មួយក្នុងពេលដែលនាងសម្តែងនៅស្ថានីយទូរទស្សន៍ អប្សរា កាលពីចុងសប្តាហ៍មុន ដោយនាងគ្រាន់តែនិយាយដោយខ្លីថា នាងសុំមិននិយាយរឿងមួយនេះ ក្រោយមកបានទម្លាក់មុខចុះដើរចេញពីការសាកសួរ ។ ព័ត៌មាននៃការលែងលះរបស់អ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មួយនេះ មានការចាប់អារម្មណ៍ខ្លាំងសម្រាប់មហាជន ។
អ្នក សិល្បៈ ធ្លាប់បានបង្ហើបឱ្យដឹងដោយភ្ជាប់ភាពរង្គោះរង្គើរហូតដល់ការលែង លះរវាងលោកយុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា ទៅនឹងមន្ត្រីយោធាថ្នាក់ខ្ពស់មួយរូប ដែលជាបុរសពោះម៉ាយ ។ ករណីនេះធ្វើឱ្យចន ច័ន្ទលក្ខិណា សម្រេចដាក់ពាក្យបណ្តឹងលែងលះជាមួយស្វាមី ប៉ុន្តែបញ្ហានេះ អ្នកនាងចន ច័ន្ទលក្ខិណា ធ្លាប់បានបដិសេធចោល និងបញ្ជាក់ថា ចំណងអាពាហ៍ពិពាហ៍របស់នាងមិនអាចវិលថយក្រោយបានឡើយ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]