រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលធ្លាប់សាងកេរ្តិ៍ឈ្មោះ ប្រចាំផលិតកម្មឆ្លងដែន និងរស្មីនាគមាស អ្នកនាងកែវ ច័ន្ទសម្ផស្ស ត្រូវម្តាយកត់សម្គាល់ថា នាងចេះតែខ្យល់ ស្លេកមុខមាត់ ចុះស្គម ធ្វើឱ្យគាត់មន្ទិលសង្ស័យថា នាងមានផ្ទៃពោះ ។

ក្នុងជំនួប កាលពីពេល ថ្មីៗនេះ ម្តាយរបស់តារាចម្រៀងកែវ ច័ន្ទសម្ផស្ស ដែលតែងតែជូនកូនទៅច្រៀងរហូតនោះ បានថ្លែងប្រាប់អ្នកយកព័ត៌មាន កោះសន្តិភាពទាំងទឹកមុខញញឹមថា គាត់កំពុងតែមានមន្ទិលថា សម្ផស្សកូនស្រីរបស់គាត់ចាញ់កូន ដោយសារតែនាងចេះតែមានទឹកមុខស្លេកស្លាំង ខ្យល់វិលមុខញឹកញាប់ និងចុះស្គមប្លែក មើលទៅដូចជាមនុស្សចាញ់កូន ។ ផ្ទុយទៅវិញ បន្ទាប់ពីយកនាងទៅឱ្យគ្រូពេទ្យពិនិត្យទឹកនោមរឿងមានកូន ឬអត់ គ្រូពេទ្យប្រាប់ថា នាងមិនមានកូនទេ តែគ្រុនពោះវៀនទៅវិញ ។ អ្នកផ្ទះជួយមើលថែនាងសម្ផស្សកាលពីប៉ុន្មានថ្ងៃមុន ធ្វើឱ្យនាងធូរស្បើយបន្តិចអាចឡើងច្រៀងបាន ទាំងមើលទៅរូបរាងនាងចុះស្គមបន្តិច ។

ទោះជាយ៉ាងណាក្តី អ្នកស្រីជាម្តាយមិនអស់ចិត្តទេដោយនិយាយថា «សម្ផស្សកូនខ្ញុំសង្ស័យតែមានកូនទេ ព្រោះនាងបាត់រដូវបីបួនថ្ងៃហើយបើតាមតែខ្ញុំតាមដានទៅ តែមកពី ថ្មីៗពេកទេដឹង ទើប អ្វីៗនៅតែស្រពេចស្រពិល ឬមកពីនាងគ្រុនពោះវៀនមែន មានតែរង់ចាំមើលទៅមុខទៀត ទើបដឹង» ។

ម្តាយអ្នកចម្រៀងកែវ ច័ន្ទសម្ផស្ស បានសម្តែងក្តីសាទរប្រសិនបើសម្ផស្សមានកូន ព្រោះនាងឈានដល់វ័យមានកូនចៅហើយ កុំឱ្យចាស់ជាងនេះ និងជាដំណឹងល្អប្រសើរសម្រាប់ក្រុមគ្រួសារទាំងសងខាង កាន់តែមានភាពរីករាយបន្ថែមទៀត ។ ប្រសិនជាសម្ផស្សមានកូនមែននោះ អ្នកស្រីជាម្តាយកាន់តែសប្បាយចិត្ត ។ គាត់មិនគិតថា ជាតារាមានកូនចៅត្រូវលាក់គេខ្លាចបាត់ប្រជាប្រិយភាពអីទេ សំខាន់គឺពឹងលើសមត្ថភាព ឱ្យតម្លៃលើទឹកដមសំឡេងពីមហាជន និងមិនគិតថា មានកូនលែងល្បីឡើយ ព្រោះមានអ្នកសិល្បៈខ្លះគេមានកូនពីរបី គេនៅតែល្បី រឿងអីលាក់មហាជននោះ ។

តាំងពីសម្ផស្សមានប្តី តែមិនបានបង្ហាញមុខមាត់ពិតឱ្យអ្នកគាំទ្រនាងដឹងជាទូទៅមក គេដឹងថា នាងមានផ្ទះនៅបន្ទាយមានជ័យ ដោយស្វាមីនាងមានដីចម្ការជាច្រើនហិកតា បង្កបង្កើនផលនៅទីនោះដាក់ទុនលើការដាំកៅស៊ូ ។

ក្រៅពីនោះ សម្ផស្សក៏មានដីធំល្មមមួយនៅម្តុំជម្ពូវ័ន សង់ផ្ទះជាង៨០បន្ទប់ សម្រាប់កម្មករកាត់ដេរជួល ដោយម្តាយនាង និងនាង ព្រមទាំងស្វាមីឱ្យគេមើលការខុសត្រូវ ។ ក្នុង១ខែយ៉ាងហោចណាស់សម្ផស្ស មានចំណូលជិតពីរពាន់ដុល្លារ ដើម្បីយកមកបណ្តាក់ទុនលើដីចម្ការនៅបន្ទាយមានជ័យ ដោយរំពឹងថា ប៉ុន្មានឆ្នាំទៀតនឹងបានផលពីចម្ការនោះ ។ មហាជនសម្តែងការត្រេកអរ ប្រសិនបើសម្ផស្សមានផ្ទៃពោះមែននោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]