ភ្នំពេញៈ ខណៈដែលតារាសម្តែង សម្បុរខ្មៅស្រអែម កញ្ញា សារាយ សក្ខណា កំពុងតែជាប់ដៃ រៀបចំកម្មវិធីមង្គលការ និងដឹកដៃគូដណ្តឹង ដើរចែកសំបុត្រអញ្ជើញភ្ញៀវ យ៉ាងគគ្រឹកគគ្រេង ពេញទីក្រុងភ្នំពេញ ព្រោះតែខ្លាចមិនទាន់ពេលវេលា ដោយសារតែនាង និងគូដណ្តឹងត្រូវចូលរោងការ នៅថ្ងៃទី១២ ខែធ្នូខាងមុននេះ ។ តែដោយឡែក តារាសម្តែង គឹម លីហ្សា ដែលកំពុងតែត្រៀម ចូលរោងការក្រោយ សក្ខណា ៦ថ្ងៃនោះ បែរជាមិនអើពើខ្វល់ខ្វាយ ឬក៏បញ្ចេញអាការៈជ្រួលច្របល់ រៀបចំពិធី និងដើរចែកសំបុត្រអញ្ជើញភ្ញៀវ ទាល់តែសោះ ។

ក្នុងមួយរយៈពេលនេះ រាល់ការអញ្ជើញចូលរួម កម្មវិធីជប់លៀង របស់អ្នកសិល្បៈម្តងៗ គេសង្កេតឃើញតារាសម្តែង កញ្ញា សារាយ សក្ខណា តែងតែបណ្តើរគូដណ្តឹង ទៅចូលរួមជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះគេក៏បានឃើញនាងយកធៀបការ ទៅ អញ្ជើញភ្ញៀវ ក្នុងកម្មវិធី ដែលនាងចូលរួម ព្រោះតែអនាគតកូនក្រមុំរូបនេះ ខ្លាចអញ្ជើញភ្ញៀវមិនទាន់ពេល ទើបខំប្រឹងសម្រុកដើរចែកទាំងថ្ងៃទាំងយប់បែបនេះ ។ ក្រៅពីដើរចែកធៀបការ នាងក៏បានចំណាយលុយខ្ទង់ម៉ឺនដុល្លារ កាត់រ៉ូប អាពាហ៍ពិពាហ៍ យ៉ាងស្រស់ស្អាត សម្រាប់ថ្ងៃរៀបការរួចរាល់អស់ហើយដែរ។

ដោយឡែកតារាសម្តែងសំឡេងស្រទន់ សាច់សរម៉ដ្ឋរលោង ប្រៀបដូចបណ្តូលចេក និងជានារីសម្បូរមន្តស្នេហ៍ កញ្ញា គឹម លីហ្សា ដែលទើបតែសម្រេច ទម្លាយជាសាធារណៈ ពីគម្រោងរៀបការរបស់នាង និងគូដណ្តឹងដែលជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលីថានាងត្រូវចូលរោងការនៅថ្ងៃទី១៨ ខែធ្នូ ក្រោយមង្គលការ សារាយ សក្ខណា ៦ថ្ងៃនោះ បែរជាមិនអើពើ បង្ហាញ សកម្មភាពណាមួយ ឬប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុក ពីការរៀបចំពិធីមង្គលការរបស់នាងទាល់តែសោះ ។

ជួបជាមួយ LookingTODAY នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣នេះ កញ្ញា គឹម លីហ្សា បាន ប្រាប់លាយឡំនឹងសំឡេងសើចតិចៗថា ធម្មតាទេ ថ្ងៃមង្គលការ មិនថានាង ឬក៏អ្នកណាទេ គឺតែងតែចង់រៀបចំឲ្យល្អ ហើយនាងក៏បានរៀបចំបណ្តើៗ ដែរ គ្រាន់តែនាងមិនចង់និយាយបង្ហាញជាសាធារណៈ ព្រោះនាងគិតថា ជារឿងធម្មតា ។

តារាសម្តែង និងជាតារាចម្រៀង គឹម លីហ្សា បានប្រាប់ឲ្យដឹងទៀតថា “រហូតមកដល់ពេលនេះ ខ្ញុំមិនទាន់បានយកធៀបការ ទៅអញ្ជើញភ្ញៀវ នៅឡើយទេ ព្រោះខ្ញុំគិតថា នៅសល់ ពេលជិត ២០ ថ្ងៃទៀតឯណោះ ។ ម្យ៉ាងធៀបការខ្ញុំ ធ្វើរួចនៅចុងខែនេះ ប្រហែលជាដើមខែក្រោយនេះ បានខ្ញុំដើរ ចែកធៀបជាមួយនឹងគូដណ្តឹងតែម្តង ព្រោះថាចំពេលគាត់ (គូដណ្តឹង) មកដល់ស្រុកខ្មែរផង ” ។

កញ្ញា គឹម លីហ្សា បានប្រាប់ឲ្យដឹងថា ពិធីមង្គលការនាង គឺធ្វើបែបសាមញ្ញៗ ព្រោះថានាង និងអនាគតស្វាមី មិនចង់ធ្វើអ្វីធំដុំប៉ុន្មានទេ គឺចង់ធ្វើបែបធម្មតាៗ ដោយនាងរៀបចំ អញ្ជើញភ្ញៀវត្រឹមតែ៧០តុ ហើយពិសាភោជនីយអាហារ ពេលល្ងាចនៅចេនឡា ។ ភ្ញៀវដែលនាង អញ្ជើញចូលរួមក្នុងពិធីជ័យមង្គលនោះ ភាគច្រើន គឺជាអ្នកសិល្បៈ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]