ភ្នំពេញ ៖ ដោយសារតែការប្រើប្រាស់ ថ្នាំញៀន ក្នុងកំរិតមួយដ៏ខ្ពស់ បានបង្ខំឱ្យ បុរសម្នាក់លែងដឹងខុសត្រូវ លែងស្គាល់ឪពុក ម្ដាយនិងបងប្អូន ហើយថែមទាំងវាយ បំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះ រួចហើយដេញវាយម្ដាយ រហូតធ្វើឱ្យម្ដាយទ្រាំលែងបាន ក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយអន្ដរាគមន៍និងចាប់ខ្លួន កូនរមើលគុណ រូបនេះ ។

រឿងរ៉ាវដែលធ្វើឱ្យស្ដ្រីជាម្ដាយម្នាក់បង្ខំ ចិត្ដ បន្ទាប់ពីអត់ធ្មត់ជាយូរមកហើយ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន បានកើតឡើងកាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣១៣កែងផ្លូវលេខ៥១២ ផ្ទះលេខ៥៦ ក្រុមទី៧ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឱ្យដឹងថា កូនរមើលគុណ ដែលដេញ វាយម្ដាយនិងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុង ផ្ទះ ដោយសារអំណាចថ្នាំញៀន ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះសំ ដារ៉ាវតី អាយុ៣០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប រីឯ ស្ដ្រីជាម្ដាយដែលការឈឺចាប់បំផុតនៅពេល ឃើញរូបភាពនិងស្ថានភាពកូន ប្រុសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះមាស សាមុន អាយុ៥៥ឆ្នាំមុខរបរជាអ្នកលក់ចាប់ហួយនៅ ផ្ទះ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនបង្ក ដែលជាកូនរមើលគុណរូបនេះ គឺជា មុខសញ្ញាទើបចេញពីពន្ធនាគារ ហើយដោយសារការប្រើប្រាស់ថ្នាំញៀនហួស កំរិត បានធ្វើឱ្យជននេះឡប់សតិ លែងស្គាល់ខុសត្រូវ និងតែងតែបង្ករឿង ប្រើអំពើហិង្សាស្ទើរជារៀងរាល់ថ្ងៃ នៅក្នុង ផ្ទះ ហើយនៅល្ងាចថ្ងៃទី៧ ខែឧសភានោះ រូបគេ បានដេញវាយម្ដាយរបស់ខ្លួនឱ្យរង របួសទៀតផង ទើបទ្រាំលែងបាន ស្ដ្រីជាម្ដាយបានរត់មកប្ដឹងសមត្ថកិច្ចឱ្យជួយអន្ដរាគមន៍ ។

ទាក់ទិនបញ្ហា ដោយសារឥទ្ធិពលគ្រឿង ញៀននេះ អធិការនគរបាលខណ្ឌទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា ពិតជាមានរឿងរ៉ាវបែបនេះកើតឡើង ដែលកូនបានដេញវាយម្ដាយបង្កើតរបស់ខ្លួន និងអុកឡុកបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ ដោយសារ តែអំណាចថ្នាំញៀន ។

លោកហួត ចាន់យ៉ារ៉ាន់ បានឱ្យដឹងទៀត ថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ម្ដាយ សមត្ថកិច្ចរបស់លោកបានរៀបចំកសាងសំណុំរឿងទាំងនេះ បញ្ជូនទៅតុលាការ ខណៈដែលជនបង្កដែលមានរបួសដោយសារវាយខ្លួនឯង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្ដែត្រូវបានឃ្លាំមើលពីសំណាក់កម្លាំងសមត្ថកិច្ចរបស់លោក ។

លោកហួត ចាន់យ៉ារ៉ាន់ បានបន្ដថា កន្លងទៅ ត្រូវបានម្ដាយនិងសាច់ញាតិបងប្អូនបញ្ជូនទៅមណ្ឌលអប់រំកែប្រែ ដោយសារតែញៀនថ្នាំ ខ្លាំងពេក ប៉ុន្ដែមិនរៀងចាល ពោលនៅបន្ដធ្វើបាបម្ដាយនិងវាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ ។

គួរបញ្ជាក់ថា គ្រឿងញៀន ជាបញ្ហាដ៏ក្ដៅគគុកមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការទប់ស្កាត់ ដើម្បីលុបបំបាត់ ចៀសវាងការរីកសាយភាយ កាន់តែខ្លាំងឡើងនិងឆ្លងទៅប្រទេសផ្សេងទៀត ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]