ព្រះសីហនុ៖ យុវជនម្នាក់ បានរអិលជើង ធ្លាក់ចូលទឹកសមុទ្រ ស្លាប់ខណៈដែលទៅស្ទូចត្រី កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ។

កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង២០នាទី មានការភ្ញាក់ផ្អើលឆោឡោមួយ កើតឡើងក្នុងកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខណៈដែលគេដឹងថា មានអ្នកស្ទូចត្រីម្នាក់ បានស្លាប់ក្នុងទឹកសមុទ្រ ។ បងប្អូនប្រុសរបស់ជនរងគ្រោះឈ្មោះ អ៊ូច សុវណ្ណផល អាយុ២៧ឆ្នាំ បានប្រាប់ ឱ្យដឹងថា រៀងរាល់យប់ រូបគេនិងជនរងគ្រោះ តែងតែទៅស្ទូចត្រីលេងជាធម្មតា ហើយកាលពីយប់ថ្ងៃកើតហេតុ រូបគេបានទៅស្ទូចត្រី ជាមួយនឹងជនរងគ្រោះដែរ តែពេលដែលទៅដល់កន្លែងស្ទូចត្រី រូបគេក៏ជាប់រវល់ ចេញមកក្រៅមួយភ្លេត លុះក្រោយមកក៏ត្រឡប់ មកកន្លែងស្ទូចត្រីវិញ រកជនរងគ្រោះមិនឃើញ ហើយក៏ត្រលប់មកផ្ទះវិញ ។ រហូតដល់ព្រឹកព្រលឹម នៅតែមិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ក៏ត្រឡប់ទៅរកម្តងទៀត ក៏ប្រទះឃើញសពជនរងគ្រោះ កំពុងអណ្តែតទឹកសមុទ្រក្បែរច្រាំង កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏បានស្រែកឆោឡោឡើងតែម្តងទៅ ។

លោកវរសេនីយ៍ឯក កុល ផាល្លី ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទូច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅក្រុមទី១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ក្រោយការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានរអិលជើង ហើយដួលបោកក្បាល ទៅនឹងថ្មច្រាំងសមុទ្រ បណ្តាលឱ្យស្លាប់ដោយខ្លួនឯង ។ បច្ចុប្បន្ននេះ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យប្រពៃណី រួចរាល់ហើយដែរ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]