ភ្នំពេញ ៖ ស្ដ្រីពីរនាក់ម្ដាយនិងកូន ពេល កំពុងបើកម៉ូតូឌុបគ្នា ត្រឡប់មកពីទិញបង្កង នៅផ្សារ លុះពេលធ្វើដំណើរតាមផ្លូវលេខ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្រាប់តែ លេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មកឆក់ខ្សែក ពីម្ដាយដែលកំពុង ជិះពីក្រោយកូន ស្រាប់តែភ្លាមៗនោះ ជនរងគ្រោះទាំងពីរនាក់ បើកម៉ូតូដេញតាមចោរ ពេលទៅដល់ពេទ្យជប៉ុន បានជ្រុលទៅបុកម៉ូតូបុរសម្នាក់ បណ្ដាលឱ្យដួល សងគេ៣០ដុល្លារទៀត ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា នៅវេលាម៉ោង១១និង១៥នាទី ព្រឹកថ្ងៃ ទី២៨ ខែវិច្ឆិកា នេះ ពីរនាក់ម្ដាយនិងកូនស្រី ជិះម៉ូតូម៉ាកវ៉េវ ត្រូវចោរឆក់ខ្សែកបា្លទីន គិតជាលុយប្រមាណ៣០០ដុល្លារ ហើយត្រូវ អស់៣០ដុល្លារទៀត សងទៅបុរសរងគ្រោះ ដែលពួកគេទាំងពីរនាក់ជិះបុកពីក្រោយ ។

សាក្សីបន្ដថា ពេលចោរឆក់ខ្សែកភ្លាម ទាំងពីរនាក់ម្ដាយនិងកូន បានបើកតាម លុះ ដល់ពេទ្យជប៉ុន ឃើញបុរសខាងលើ ដោយគិតថា ជាចោរ ព្រោះតែពាក់អាវខៀវ ដូចគ្នា ក៏ជិះម៉ូតូទៅបុកពីក្រោយ បណ្ដាលឱ្យ ដួល ប៉ុន្ដែពេលមើលមុខ និងមើលម៉ូតូ គឺមិន មែនចោរនោះឡើយ ដោយសារតែក្រុមចោរ ជិះម៉ូតូម៉ាកសង់ប៊ិច រីឯបុរសរូបនេះ ជិះម៉ូតូម៉ាកវ៉េវ ។

ក្រោយដោះស្រាយគ្នា ដោយសងសំណង ៣០ដុល្លារទៅបុរសរូបនេះ ទាំងពីរនាក់ម្ដាយកូន ដែលគ្មាននរណាម្នាក់ ស្គាល់អត្ដសញ្ញាណ បានត្រឡប់ទៅផ្ទះវិញ ទាំងសោកស្ដាយ ទ្រព្យសម្បត្ដិ ។











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]