ភ្នំពេញ៖ ហេតុការណ៍ភរិយាដើមលែងលះគ្នា មិនទាន់ដាច់ស្រេច ទៅបង្កការអុកឡុក ពេលតួអង្គប្រុសជាវេជ្ជ បណ្ឌិត កំពុងរៀបការ ជាមួយនារីវ័យ១៦ឆ្នាំ ដ៏ស្រង់ផូរផង់ នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្ដបាត់ ដំបង កាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ បានក្លាយជាប្រធាន ដេញដោលគ្នា រវាងក្រុមមេធាវី តាមបណ្តាញសង្គម  ហ្វេសប៊ុក ដ៏ជក់ចិត្ត។ ក្រុមមេធាវី បានហៅសកម្មភាព របស់ភរិយាដើម និងសមត្ថកិច្ចថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសភាគីខាងប្រុស ជាពិសេសនារីវ័យក្មេង ដែលពុំបានដឹងរឿង ហើយក្រុមមេធាវី ក៏ចង់ឲ្យសមត្ថកិច្ចគួររកវិធី សម្របសម្រួលឲ្យពិធីមង្គលការបានបញ្ចប់ ព្រោះវាគ្រាន់តែជាពិធីតាមប្រពៃណី មិនទាន់ស្របតាមផ្លូវច្បាប់នៅ ឡើយនោះទេ។

អ្នកស្រី គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរស់នៅភូមិព្រែក តាឡុង សង្កាត់ចាក់ អង្រែ ក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅនេះ បានទៅបង្កការអុកឡុកពិធីមង្គលការប្តីរបស់ខ្លួន  ដែលលែងលះគ្នាមិនទាន់ស្រេច ជាមួយនារីវ័យក្មេងស្រស់ផូរផង់គួរជាទីប្រតិពទ្ធ ក្នុងស្រុករតនមណ្ឌល ធ្វើឲ្យ  ផ្អើលអស់ភ្ញៀវខាងប្រុស និងខាងស្រី។ មិនតែប៉ុណ្ណោះ សមត្ថកិច្ច ក៏បានទៅផ្អាកពិធីមង្គលការនោះផងដែរ ដើម្បី  រង់ចាំការដោះស្រាយរួចរាល់សិន។

តាមពិតទៅចំណងអាពាពិពាហ៍រវាងអ្នកស្រី គិត សិរីផល្លីកា និងលោកវេជ្ជបណ្ឌិត ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ បាន  ឈានដល់ផ្លូវបំបែក ដោយប្តឹងលែងលះគ្នានៅតុលាការរួចរាល់ទៅហើយ។ អ្វីដែលនៅសេសសល់ នៃសំណុំរឿង  លែងលះគ្នានេះ គឺថ្លៃអាហារកិច្ច នៃការចិញ្ចឹមកូនស្រីអាយុ ៤ឆ្នាំ បន្សល់ពីចំណងអាពាហ៍ពិពាហ៍ ហើយអ្នកស្រី  គិត សិរីផល្លីកា បានប្តឹងបន្តទៅសាលឧទ្ធរណ៍ ដើម្បីសូមបន្ថែមថ្លៃអាហារកិច្ច។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានបន្សល់នូវអាម៉ាស់មួយនៅក្នុងឆាកជីវិត ទាំងតួអង្គប្រុស និងតួអង់ស្រីវ័យក្មេង  ដែលមិនបានដឹងរឿងអ្វីទាល់តែសោះនោះ។ ជាពិសេសក្រុមគ្រួសារសាច់ញាតិខាងស្រី ដែលមានជីវភាពមធ្យម  និងមានមុខមានមាត់ក្នុងភូមិឋានរបស់ខ្លួនផងនោះ ត្រូវរងនូវពាក្យនិន្ទាពីអ្នកភូមិផងរបងជាមួយ។

ក្រោយព្រឹត្តិការណ៍នេះ ក្រោមមេធាវីមួយក្រុមនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានយកមកធ្វើជាប្រធានបទ  ដេញដោលគ្នា វែកញែករុកខុសត្រូវយ៉ាងហូរហែ។

លោកមេធាវី ស៊ន សុជាតិ បានសរសេរការយល់ឃើញនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា « ខ្ញុំគាំទ្រចំណាត់ការ របស់ប៉ូលិស ព្រោះថា ទី១. មិនដឹងថាបុរស និងនារី ដែលបង្កនោះ មានចំណងឣាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ឬ  គ្រាន់តែជាឣនីតិសង្វាស?។ ទី២. ទោះបីជាពួកគេមានចំណងឣាពាហ៍ពិពាហ៍ ហើយពុំទាន់មានសេចក្តីសម្រេច លែងលះគ្នាជាស្ថាពរក៏ដោយ ក៏មិនឣាចចាត់ទុកថា បុរសនោះបានប្រព្រឹត្តបទល្មើស [ឣំពើផិត ឬ ទ្វេពន្ធភាព] បាន ឡើយ ពីព្រោះនោះគ្រាន់តែជាការប្រារព្ធពិធីតាមប្រពៃណីតែប៉ុណ្ណោះ មិនទាន់មានការរួមសេវនកិច្ច និងមិនទាន់  មានចុះសំបុត្រឣាពាហ៍ពិពាហ៍ជាមួយនារីថ្មីនោះនៅឡើយទេ»។

លោកមេធាវី ស៊ន សុជាតិ បានបន្តថា «កន្លងមកខ្ញុំតែងឃើញសារព័ត៌មានចុះផ្សាយពីការបញ្ឈប់ ការរៀបចំពិធី នៅពាក់កណ្តាលទី និងនាំខ្លួនភាគីបុរសយកទៅសាកសួរ ដែលទង្វើបែបនេះ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស  និងសេរីភាពរបស់បុគ្គលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យខាតបង់ថវិកាចោលទទេ ដោយសារតែការខកខានក្នុងការ រៀបចំពិធីតាមប្រពៃណីនោះ សួរថាតើ ឣ្នកណា ទទួលខុសត្រូវ?»។

បន្ទាប់ពីការលើកឡើងរបស់លោកមេធាវី ស៊ន សុជាតិ ធ្វើឲ្យមេធាវីស្រីវ័យក្មេង កញ្ញា នូ ច័ន្ទសុជាតា តបវិញថា « ជាគោលការណ៍ ត្រូវតែសុំច្បាប់រៀបអាពាហ៍ពិពាហ៍ មន្រ្តីអត្រានុកូលដ្ឋាន ត្រូវសួរបញ្ជាក់ ពីទិន្ន័យលំអិតរបស់ភាគី ដើម្បីឈានដល់ការអនុញ្ញាត ឲរៀបការ! សំបុត្របញ្ជាក់ពីភាពនៅលីវ! ចំណុចនេះ អាពាហ៍ពិពាហ៍នេះត្រូវលុប ចោល ដោយសារវត្តមាន អាពាហ៍ពិពាហ៍មុន មិនទាន់រលាយ តែសួរថាភាគីថ្មី មិនទាន់បានសុំចុះបញ្ចីអាពាហ៍  ពិពាហ៍ផង តើគេប្តឹងលុបចោលដោយវិធីយ៉ាងណា?»។

ដោយឡែកលោកមេធាវី ជា សុខនួន បានថ្លែងថា ក្នុងសំណុំរឿងនេះ ខាងប្រុស គួរតែទទួលខុសត្រូវចំពោះបទ ល្មើសព្រហ្មទណ្ឌ ប្រសិនបើ គាត់ភូតកុហក់អាជ្ញាធរមូលដ្ឋានពីស្ថានភាពគ្រួសាររបស់គាត់ តាមមាត្រា ៦៣២ នៃ ក្រមព្រហ្មទណ្ឌ។ អាជ្ញាធរឃុំ ក៏ត្រូវតែទទួលខុសត្រូវផងដែរ ប្រសិនបើគាត់បានដឹងពីស្ថានភាពគ្រួសាររបស់បុរស  នោះថា នៅលីវ ឬពោះម៉ាយ ហើយត្រូវទាមទារឲ្យ បុរសរូបនេះ បង្ហាញលិខិតថា គាត់នៅទំនេរ ឬពោះម៉ាយ។  

ក្រោយពីការជជែកដេញដោល លោកមេធាវី ស៊ន សុជាតិ បានសំណូមពរដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បើ មានករណីស្រដៀងគ្នា នេះកើតឡើង គួរតែរង់ចាំរហូតដល់ពិធីចប់សព្វគ្រប់សិន សឹមកោះហៅបុគ្គលនោះទៅធ្វើ ការណែនាំ កុំទាន់ឲ្យរួមសេវនកិច្ច និង ចុះសំបុត្រ ឣាពាហ៍ពិពាហ៍ ដោយរង់ចាំចំណងឣាពាហ៍ពិពាហ៍ចាស់រលាយ សិន ដែលនេះ គឺជាភារកិច្ច របស់នគរបាល ក្នុងការបង្កាបទល្មើស។

មេធាវី ស៊ន សុជាតិ បានបញ្ជាក់ថា «ពិធីអាពាហ៍ពិពាហ៍គ្រាន់តែជាប្រពៃណី។ ពិធីមិនទាន់ត្រឹមត្រូវទៅតាមផ្លូវ  ច្បាប់នៅឡើយនោះទេ»៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]