រាជធានីភ្នំពេញ ៖ គូស្នេហ៍ ១គូ ជិះរថយន្តម៉ាកមីស៊ូប៊ីស៊ី ១គ្រឿង ធ្វើដំណើរយ៉ាងលឿនតាម បណ្តោយផ្លូវជាតិលេខ២ ខណៈដែលមកដល់ ចំណុចមុខសាកលវិទ្យាល័យ IIC ក៏បានបើកគេចម៉ូតូ ១គ្រឿង រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ ផ្ងារជើងច្រងាង ប៉ុន្តែ សំណាងដែលពុំមានរងគ្រោះថ្នាក់ដល់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៧ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចមុខសាកលវិទ្យាល័យ IIC ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកមីស៊ូប៊ីស៊ី ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-8175 បើកបរដោយយុវជនម្នាក់ រួមដំណើរជាមួយនារីជាគូស្នេហ៍ ធ្វើដំណើរយ៉ាងលឿនក្នុងទិស ដៅពីត្បូងទៅជើង ពីក្រុងតាខ្មៅ ឆ្ពោះទៅក្រុងភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុ បានគេចម៉ូតូ ១គ្រឿង ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុ គេឃើញគូស្នេហ៍ ១គូនោះ លូនចេញពីក្នុងរថយន្ត រួចឡើងជិះម៉ូតូឌុបគេចទៅបាត់ ចំណែករថយន្ត ដែលរងការខូចខាត សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើង គោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]