ភ្នំពេញ  ៖ នារីវ័យក្មេងពីរនាក់ អាយុ ១៨ឆ្នាំដូចគ្នា បានដឹកដៃទៅលោតទឹក សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដែល ម្នាក់តូចចិត្ដនិងក្រុមក្មេងស្ទាវ ចាប់រំលោភ និងម្នាក់ទៀតតូចចិត្ដនិងឪពុកម្ដាយមិនឱ្យ ចូលផ្ទះ ។

ចំពោះហេតុការណ៍ខាងលើនេះ សមត្ថកិច្ចប្រចាំគោលដៅ ស្ពានជ្រោយចង្វារ បាន ចុះអន្ដរាគមន៍ជួយសង្គ្រោះបានម្នាក់ ប៉ុន្ដែ ម្នាក់ទៀតរកសពមិនទាន់ ឃើញនៅឡើយ ទេ គិតត្រឹមវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២នេះ ។

ហេតុការណ៍លោតទឹកសម្លាប់ខ្លួន របស់ នារីវ័យក្មេងទាំងពីរនាក់ ដែលមិនស្គាល់គ្នា សោះពីមុនមក បានកើតឡើងកាលពីវេលា ម៉ោង៩និង៥០នាទី ព្រឹកថ្ងៃទី៨ ខែឧសភា នៅចំណុចកណ្ដាលនៃស្ពានជ្រោយចង្វារ បន្ទាប់ពីពួកគេ បានបរាជ័យធ្វើអត្ដឃាត បែបនេះ កាលពីវេលាម៉ោង៧ព្រឹក ដោយ សារតែសមត្ថកិច្ច ជួយឃាត់ទាន់ពេលវេលា ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ជនរងគ្រោះដែលនៅរស់ រានមានជីវិត បន្ទាប់ពីសមត្ថកិច្ចស្រង់បាន នោះ មានឈ្មោះត ស៊ីណាត អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅឃុំពរម៉េង ស្រុកឈូក ខេត្ដកំពត រីឯជនរងគ្រោះម្នាក់ទៀត ដែល រកសពមិនទាន់ឃើញមានឈ្មោះ អាណា អាយុ១៨ឆ្នាំ មកពីខេត្ដតាកែវ ។

យោងតាមសាក្សីនិងប្រភពព័ត៌មាននៅ កន្លែងកើតហេតុ  បានឱ្យដឹងថា ជនរងគ្រោះ ត ស៊ីណាត ដាច់ចិត្ដមកលោតទឹកសម្លាប់ខ្លួន ដោយសារតែខូចចិត្ដ ចំពោះក្រុមក្មេងស្ទាវ មួយក្រុមធ្វើសកម្មភាពចាប់រំលោភរូបនាង កាលពីយប់មិញ ខណៈដែលជនរងគ្រោះ អាណា តូចចិត្ដនឹងឪពុកម្ដាយមិនឱ្យចូលផ្ទះ។

ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះត ស៊ីណា បានមកយំសោកបោកខ្លួន នៅចំណុចស្ពានជ្រោយចង្វារ វេលាម៉ោង៧ព្រឹក លុះបន្ដិចក្រោយមក ស្រាប់តែជនរងគ្រោះ អាណា ដែលប្រុងមកលោតទឹកដែរនោះ បានសួរនាំ ក៏សម្រេចដឹកដៃគ្នាទៅលោតទឹកសម្លាប់ខ្លួន ប៉ុន្ដែត្រូវសមត្ថកិច្ចដឹងទាន់ក៏ដេញ ពីកន្លែង កើតហេតុនោះ ។ ប្រភពបានបន្ដថា ដោយសារតែមិនអស់ចិត្ដ ពួកគេទាំងពីរក៏បានដឹកដៃគ្នាម្ដងទៀតទៅលោតទឹក ដោយបោះស្បែកជើងទៅមុន រួច ហើយលោត តាមក្រោយ ។ ភ្លាមៗនោះ សមត្ថកិច្ចប្រចាំគោលដៅស្ពាន  បានជួយអន្ដរាគមន៍ ប៉ុន្ដែត្រឹមតែសង្គ្រោះបានម្នាក់ប៉ុណ្ណោះ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]