ភ្នំពេញ៖ ថវិកាប្រមាណជិត ៤០លានរៀល ត្រូវជនមិនស្គាល់មុខវាយបំបែកកញ្ចក់ លួចយកទៅបានដោយសុវត្ថិភាព ខណ:ជនរងគ្រោះ ទើបបើកចេញពីធនាគារកាណាឌីយ៉ា យកមកទុកក្នុងរថយន្ត ហើយបើកទៅចតនៅមុខ ផ្សារឡាក់គី រួចចូលទៅក្នុងផ្សារ ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារក្រុមជនសង្ស័យ មិនស្គាល់មុខ ២នាក់ ជិះម៉ូតូមួយគ្រឿង មកឈប់ធ្វើសកម្មភាព វាយបំបែក កញ្ចក់រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-0778 លួចយកលុយក្នុងរថយន្តអស់ជិត ៤០លានរៀល កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់រថយន្តដែលចោរលួចយកលុយនេះ មានឈ្មោះ ញឹវ ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាអ្នកម៉ៅការ សំណង់ ស្នាក់នៅ ផ្លូវជាតិ៥ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

តាមការរៀបរាប់របស់ បុរសម្ចាស់លុយបានឲ្យដឹងថា គាត់បានចេញពីផ្ទះ ដើម្បីទៅបើកលុយក្នុងធនាគារកាណាឌីយ៉ា សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយបន្តបើករថយន្ត មកចតនៅចំណុច កើតហេតុខាងលើ ដោយទុកលុយក្នុងរថយន្ត ហើយចាក់សោរត្រឹមត្រូវ រួចក៏ដើរចូលទៅក្នុងផ្សារឡាក់គី ដើម្បីរកទិញទំនិញបន្តិចបន្តួច ។ ខណ:ចូលបាន ប្រមាណកន្លះម៉ោង ក៏ចេញមកវិញ ពេលមកដល់រថយន្ត ស្រាប់តែឃើញរថយន្តរបស់ខ្លួន បែកកញ្ចក់ទ្វារខាងមុខ ផ្នែកខាងឆ្វេង ភ្លាមៗនោះលោក បានស្ទុះទៅរកមើលថង់លុយ ដែលទុកក្នុង រថយន្តមិនឃើញ ទើបស្រែកឆោរឡោ ដឹងឮដល់សមត្ថកិច្ចមូលដ្ឋាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានហៅម្ចាស់ រថយន្តទៅដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាល ប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីងាយស្រួលដល់សមត្ថកិច្ច បើកការស្រាវជ្រាវ កំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

លោក ប៊ុនធឿន បានបញ្ជាក់ថា លុយដែលជនមិនស្គាល់មុខយកទៅបាត់នោះ ចំនួន ៣៨លាន ៦០ម៉ឺនរៀល ដែលជាលុយទើបបើកចេញ ពីធនាគារ ដើម្បីយកទៅសងថ្លៃគ្រឿងសំណង់ និងបើកលុយដល់កម្មករផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]