ភ្នំពេញ ៖ ជនសង្ស័យ២នាក់ របររកស៊ីឆក់ របស់ទ្រព្យអ្នកដំណើរ តាមដងផ្លូវ ត្រូវអស់លក្ខណ៍ ខណ: នគរបាល ប៉ុស្តិ៍ទូលទំពូងទី២ ឃាត់ខ្លួន ពេលដែល ពួកគេជិះ ម៉ូតូគុបជ្រុង មួយគ្រឿង ធ្វើសកម្មភាពឆកទូរស័ព្ទដៃ ពីនារីម្នាក់ ដែលកំពុងជិះម៉ូតូ អាយខុនមួយគ្រឿង តាមផ្លូវ តែមិនបានសម្រេច កាលពីវេលាម៉ោង២២និង៤០ នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្ដោយផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។

នាយនគរបាលប៉ុស្តិ៍ទួលទំពូង២ លោក អ៊ឹង ដារ៉ា បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ នុត សុភា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ១១១ ស្ថិតក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌដង្កោ និងម្នាក់ទៀត ឈ្មោះ ហេង គីម អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ២០៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកនារីរងគ្រោះ ឈ្មោះ អេង ម៉េងសៀង អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំកន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មាន ពីនារីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុនាង បានជិះម៉ូតូមួយគ្រឿងម៉ាក អាយ ខុនពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1BE-8111 ជិះចេញពីផ្សារទួលទំពូង តាមបណ្ដោយផ្លូវលេខ១៦៣ ពីជើងទៅត្បូង លុះមកដល់ កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក គុបជ្រុងពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AV-8295ជិះតាមនាងពីក្រោយរួចមកអែបជិត ហើយធ្វើសកម្មភាពឆក់់ទូរស័ព្ទ នាងម៉ាកសាំសុ៊ងណូតធូ តែមិនបានសម្រេច ត្រូវសមត្ថកិច្ច ព័ទ្ធចាប់ភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយក ជនសង្ស័យទាំង២នាក់ និងនារីរងគ្រោះ ទៅទីស្នាក់ការប៉ុស្តិ៍ទួលទំពូងទី២ដើម្បីសួរនាំ និងបញ្ចូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន កសាងសំណុំរឿង ផ្ដន្ទាទោលតាមនីតិវិធីច្បាប់ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]