ខេត្តឧត្តរមានជ័យ៖ ការប្រកួតកីឡាប្រដាល់សេរី លក្ខណៈមិត្តភាពអន្តរជាតិ រវាងខ្មែរ-ថៃ ដែលបានប្រព្រឹត្តទៅ ចាប់ពីម៉ោង៨ និង៣០នាទីយប់ថ្ងៃទី ២៦ វិច្ឆិកា ២០១៣ នៅភូមិអូរចិញ្ចៀន ឃុំ-ស្រុក អន្លង់វែង បានផ្អាកនៅម៉ោង១០យប់ ត្រឹមគូពិសេសខ្មែរ-ថៃ ដោយសារកីឡាករខ្មែរ ធ្វើពហិការមិនចូលប្រកួត ព្រោះតែគណៈកម្មការ រៀបចំការប្រកួតមិនយកចិត្តទុកដាក់ សូម្បីតែបាយទឹក និងកន្លែងស្នាក់នៅ តែបែរជាយកចិត្តទុកដាក់តែកីឡាករថៃ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៣នេះទៀតថា បន្ទាប់ពីកីឡាករខ្មែរឡើងរថយន្តទំាងយប់ចេញពីកន្លែងការប្រកួតនោះរួចមក ធ្វើឲ្យអ្នកទស្សនាការប្រកួតជាច្រើនរយនាក់ ផ្ទុះកំហឹងនិងសុំដូរសំបុត្រយកលុយវិញ (តម្លៃសំបុត្រ៦០០០រៀល-តែសម្រាប់អ្នកទិញមានកៅអីអង្គុយ ៧០០០រៀល) តែអ្នកខ្លះដូរបានពាក់កណ្តាល ខ្លះអត់ ក៏បានយកកៅអីទៅផ្ទះ ។

យ៉ាងណាក៏ដោយជម្លោះនេះ ពុំកើតមានអំពើហិង្សានោះទេ ។ សេចក្តីរាយការណ៏បានបន្តថា ខាងគណៈកម្មការរៀបចំការប្រកួតមិនត្រឹមតែមិនយកចិត្តទុកដាក់កីឡាករខ្មែរ ប៉ុណ្ណោះនោះទេ សូម្បីតែសង្វៀនប្រដាល់ក៏ពុំមានសុវត្ថិភាព ( ធ្លុះធ្លាយ ) បណ្តាលឲ្យកីឡាករមួយចំនួនដែលប្រកួតមុនគូពិសេស មុតដែកគោលនោះថែមទៀត ។

នៅព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ កោះសន្តិភាពមិនទាន់អាចរកការសុំបភ្លឺបាននៅឡើយទេ ពីខាងគណៈកម្មការរៀបចំការប្រកួតខាងលើ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]