ខេត្តកំពត ៖ បុរសជាកូនប្រសាម្នាក់ បានរត់ចេញពីផ្ទះទាំងកណ្តាលអធ្រាត្រ កាលពីយប់ថ្ងៃទី២៤ វិច្ឆិកា ដោយសារតែឪពុកក្មេក បានគំរាមកាប់សម្លាប់ ព្រោះតែកើតរោគប្រចណ្ឌ ជាមួយប្រពន្ធដែលមានអាយុ ៦០ឆ្នាំទៅហើយនោះ ។ បើតាមការរៀបរាប់ របស់បុរសជាកូនប្រសា ដែលឪពុកក្មេកដេញកាប់រឿង ប្រចណ្ឌជាមួយម្តាយក្មេកនោះ បាននិយាយប្រាប់ថា ខ្លួនឈ្មោះ ឃាម កុសល អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានមកយកប្រពន្ធឈ្មោះ ជួន ធា នៅភូមិចម្លងជ្រៃ ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។

បុរសជាកូនប្រសាបាននិយាយប្រាប់បន្តថា ខ្លួនបានស្រឡាញ់គ្នាជាមួយប្រពន្ធពេលជួបគ្នានៅស្រុកថៃ ហើយក៏យកគ្នាធ្វើជាប្តីប្រពន្ធដោយមិនបានរៀបការអ្វីទេ គឺស្រឡាញ់ចិត្តនិងចិត្ត និងបានកូនស្រីម្នាក់ ។ រីឯនាងជាប្រពន្ធគឺជាស្ត្រីមេម៉ាយ។ ឈ្មោះ ឃាម កុសល និយាយថា បន្ទាប់ពីចាប់ដៃគ្នាកសាងសុភមង្គលគឺបានកូនស្រីមួយ ក៏យកមកផ្ញើផ្ទះម្តាយក្មេក ។ ឆ្លៀតឱកាសមកពីស្រុកថៃដើម្បីចូលរួមមង្គលការបងប្អូននៅស្រុក កំណើត ដោយសារតែនឹករលឹកកូនស្រីពេក ខ្លួនក៏មកពីខេត្តកំពង់ចាមក្នុងបំណងមកលេងនឹងកូនស្រីនៅខេត្ត កំពត ។ គាត់រៀបរាប់ថា ស្រាប់តែនៅយប់ថ្ងៃទី២៣ វិច្ឆិកា ខ្លួនក៏បានឡើងទៅដេកជាមួយកូនស្រីនៅលើផ្ទះ រួមជាមួយម្តាយក្មេកឈ្មោះ ស៊ិន ផាន អាយុ៦០ឆ្នាំ និងក្មេងៗ២-៣នាក់ទៀត ស្រាប់តែឪពុកក្មេកឈ្មោះ ជួន អឿន អាយុ៦២ឆ្នាំ ដែលដេកនៅក្រោមផ្ទះចាប់ផ្តើមនិយាយរករឿងអ្នកដេកនៅលើផ្ទះ ដោយនិយាយពីការប្រចណ្ឌម្តាយក្មេកនឹងខ្លួន ដោយសារតែឮសំឡេងរួមរ័កគ្នានៅលើផ្ទះ តែនោះជាការចោទប្រកាន់មិនសមហេតុផលនោះទេ ។ ពេលនោះម្តាយក្មេកបានប្រាប់ខ្លួនជាកូនប្រសាថា «ឪឯងប្រចណ្ឌម៉ែជាមួយឯង ហើយ រត់ចេញពីផ្ទះសិនទៅ ព្រោះឪឯងគេយកកាំបិតមករកកាប់ហើយ» ។ ដោយសារតែភ័យខ្លាចឪពុកក្មេកកាប់ ខ្លួនក៏រត់ចេញជាមួយម្តាយក្មេកដែលមានវ័យ៦០ឆ្នាំទាំងកណ្តាលយប់ ។ កូនប្រសាប្រុសរូបនេះបាននិយាយថា ខ្លួនគ្មានបំណងអ្វីមកលើម្តាយក្មេកដូចឪពុកក្មេកបានចោទប្រកាន់ នោះទេ ហើយនៅពេលខ្លួនទៅដេកនៅផ្ទះអ្នកភូមិ ឪពុកក្មេកតាមរករឿងទៀត និងព្រមានចង់កាប់ម្ចាស់ផ្ទះទៀតផង ។ លុះព្រឹកឡើងនៅថ្ងៃទី២៤ វិច្ឆិកា នគរបាលបុ៉ស្តិ៍បានចុះមកដកហូតកាំបិតពីបុរសជាឪពុកក្មេក ព្រមទាំងហៅទៅអប់រំ ។

ចំណែកស្ត្រីជាម្តាយបាននិយាយថា «ពេញមួយយប់មិនបានដេកទេ ព្រោះខ្លាចប្តីកាប់សម្លាប់រឿងប្រចណ្ឌជាមួយកូនប្រសា» ។ ស្ត្រីចំណាស់រូបនោះបានសំណូមពរឱ្យនគរបាលដាក់ទណ្ឌកម្មតាជាប្តី ព្រោះថាការប្រចណ្ឌមកលើកូនប្រសាខ្លួនឯងបែបនេះ វាហួសហេតុពេកហើយ ។ យុវជនម្នាក់ឈ្មោះ ជួន អយ ត្រូវជាកូនបង្កើត ក៏មិនគាំទ្រចំពោះទង្វើឪពុកដែលប្រចណ្ឌម្តាយខ្លួននិងកូនប្រសាដែរ ដោយឱ្យនគរបាលឃុំខ្លួនឪពុកដើម្បីព្រមាន និងអប់រំ ព្រោះការប្រចណ្ឌនេះវាហួសហេតុ ហើយថែមទាំងយកកាំបិតដេញកាប់គេឯងទៀត ។ យុវជន ជួន អយ និយាយបន្តទៀតថា ចុះបើនគរបាលគ្រាន់តែហៅទៅអប់រំ បើថ្ងៃក្រោយទៅកើតមានបញ្ហាកាប់ចាក់ តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងរឿងគ្រួសារខ្លួននេះ ។ អ្នកភូមិចម្លងជ្រៃនិយាយថា បុរសចំណាស់ឈ្មោះ អឿន នេះជាមនុស្សខូច ព្រោះធ្លាប់ប្រចណ្ឌគ្រប់តែកូនប្រសាប្រុស ។ មន្ត្រីនគរបាលបុ៉ស្តិ៍ក៏បានឱ្យដឹងដែរថា បុរសឈ្មោះ អឿន ត្រូវបាននគរបាលហៅមកអប់រំណែនាំ និងឱ្យត្រឡប់ទៅផ្ទះវិញហើយ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]