ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្ត ព្រឹកថ្ងៃទី២៦ វិច្ឆិកា បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញខ្លួនជនសង្ស័យប្លន់ប្រដាប់ អាវុធម្នាក់ឈ្មោះ ជឹម ស្រា៊ន ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ដែលបានធ្វើសកម្មភាពប្លន់ផ្ទះមេចុងភៅនៅភូមិទី៥ ឃុំព្រែកតានង ស្រុកកោះសូទិន និងចាប់សមាជិកម្ចាស់ផ្ទះ ចងស្លាបសេក វាយទាត់ធាក់ ជំរិតរកគ្រឿងអលង្ការនិងប្រាក់ ។ តាមប្រភពថា អំពើប្លន់នេះមានគ្នា២នាក់ និងប្លន់បានលុយចំនួន២.៥០០ដុល្លារ ។ ចំណែកបក្សពួកម្នាក់ទៀត កំពុងរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ច កំពុងតាមស្វែងរកចាប់ខ្លួនផងដែរ ។

តាមលោកវរសេនីយ៍ត្រី មា៉ ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានប្រាប់ឱ្យដឹងថា ស្របពេលដែលស្ត្រីម្ចាស់ផ្ទះឈ្មោះ សូត្រ ចាន់ធូ អាយុ៤៩ឆ្នាំ ប្តីឈ្មោះ សីុន ហួរ អាយុ៦២ឆ្នាំ ព្រមទាំងកូនប្រសាប្រុសឈ្មោះ ម៉ម ពិសិដ្ឋ អាយុ៣៥ឆ្នាំ ស្ថិតនៅក្នុងផ្ទះល្វែងផ្ទាល់ដី នាវេលាម៉ោង៧យប់ ថ្ងៃទី២១ វិច្ឆិកា ពេលនោះទ្វារមិនទាន់នឹងបិទផង ស្រាប់តែមានចោរប្រដាប់អាវុធចំនួន២នាក់ បានចូលប្លន់យកទ្រព្យសម្បត្តិតាមច្រកទ្វារខាងក្រោយ ។ ចំណែកលោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត មានប្រសាសន៍ឱ្យដឹងដែរថា នៅក្នុងផ្ទះមានសមាជិកគ្រួសារចំនួន៥នាក់ មានក្មេងចាស់ប្រុសស្រីត្រូវបានចោរភ្ជង់ដោយកាំភ្លើងអាកា និងគំរាមបាញ់សម្លាប់ ។ លុះនៅពេលព្រឹកថ្ងៃទី២២ វិច្ឆិកា លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌ បានចាត់ឱ្យរូបលោក ដឹកនាំសហការីចុះសហការជាមួយនឹងនគរបាលស្រុកកោះសូទិន ធ្វើការស្រាវជ្រាវយា៉ងសកម្មបំផុត តាមរុករកមុខសញ្ញាក្រុមប្លន់ប្រដាប់អាវុធទាំងនោះ ។
រហូតដល់ រសៀលថ្ងៃទី២៣ វិច្ឆិកា ក៏បានដាក់ការសង្ស័យទៅលើជនឈ្មោះ ជឹម ស្រា៊ន ដោយបានហៅមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន តាមបច្ចេកទេសសួរចម្លើយ ឈ្មោះនេះបានឆ្លើយសារភាពថាខ្លួននិងបក្សពួកម្នាក់ទៀតពិតជាបាន ធ្វើសកម្មភាពប្លន់ផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ចាន់ធូ ខាងលើពិតប្រាកដមែន យកបានគ្រឿងអលង្កាមួយចំនួន ។

នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា សមត្ថកិច្ចបាននាំជនសង្ស័យម្នាក់នេះ ទៅរកវត្ថុតាងដែលប្លន់បានលាក់ទុកនៅក្នុងដីចំហៀងផ្ទះ ក្នុងនោះមានដូចជា ខ្សែដៃប្លាទីន១ខ្សែ ចិញ្ជៀនប្លាទីន១វង់ ក្រវិលប្លាទីន២វង់ ។ ជនរូបនេះ ជាអ្នករត់ម៉ូតូឌុបនៅរាជធានីភ្នំពេញ ហើយកន្លងមកធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការអប់រំផងដែរនៅមូល ដ្ឋានពីការបាញ់បោះសេរី ពេលមកលេងស្រុកកំណើតម្តងៗ ទើបក្លាយជាមុខសញ្ញាត្រូវប៉ូលិស  សង្ស័យ ។ ព្រឹកថ្ងៃទី២៦ វិច្ឆិកា បានធ្វើសន្និសីទកាសែតបង្ហាញមុខចោរប្លន់ និងបានប្រគល់វត្ថុតាងទាំងនេះទៅឱ្យជនរងគ្រោះវិញផងដែរ ។ ក្រៅពីនេះមានអាវធំ១ សម្រាប់ពាក់ធ្វើសកម្មភាពប្លន់ កាំបិតខ្វែវ១ ទូរស័ព្ទដៃមា៉កណូគា១គ្រឿង ជារបស់ជនសង្ស័យឈ្មោះ ស្រា៊ន ត្រូវបានដកហូតបញ្ជូនទៅសាលាដំបូងខេត្ត ។ រីឯកាំភ្លើងអាកាត្រូវបានបក្សពួកយកទៅបាត់កំពុងតាមស្វែងរក ចាប់ខ្លួន ព្រោះបានស្គាល់អត្តសញ្ញាណអស់ហើយ ។
តាមស្ត្រីម្ចាស់ ផ្ទះឈ្មោះ សូត្រ ចាន់ធូ អាយុ៤៩ឆ្នាំ បានឱ្យដឹងដែរថា នៅពេលប្លន់នោះ មនុស្សនៅក្នុងផ្ទះមានឈ្មោះ ម៉ក់ ពិសិដ្ឋ ជាកូនប្រសារ ឈ្មោះថា ចាន់ លី ជាកូនស្រី ឈ្មោះ ថា សុភ័ក្រ ជាកូនប្រុស ក្នុងពេលនោះស្រាប់តែមានចោរចំនួន២នាក់ចូលមកភ្ជង់ប្លន់ ក្នុងពេលនោះមានម្នាក់ពាក់អាវភ្លៀង ពាក់មា៉សកាន់កាំភ្លើងអាកា ស្វាយបត់១ដើមនៅក្នុងដៃ ។ ចំណែកចោរម្នាក់ទៀតមានមាឌធំសម្បុរស ពាក់អាវច្រើនជាន់ មានកាន់កាំបិតខ្វែវ១ បានចាប់កូនប្រសាឈ្មោះ ពិសិដ្ឋ ចងស្លាបសេក ដោះយកចិញ្ចៀនដាំត្បូង១វង់ ព្រមទាំងខ្សែដៃ១ខ្សែ ។ ពេលចោរដោះយកគ្រឿងអលង្កាអស់ ពួកចោរបានគំរាមឱ្យរកលុយឱ្យពួកវាចំនួន១.០០០ដុល្លារ ។

រូបគាត់បានតបទៅចោរវិញថា គ្មានទេលុយច្រើនបែបនេះ ។ បន្ទាប់មកចោរបានទាត់កូនស្រីគាត់ឈ្មោះថា ចាន់លី ចំនួន២ជើង បណ្តាលឱ្យដួលដេកទៅលើឥដ្ឋ ហើយចោរដោះយកក្រវិល១គូរ ចិញ្ជៀន១វង់ទៀត ។ មិនតែប៉ុណ្ណោះចោរបានយកកាបូបលុយកូនឈ្មោះ សុភ័ក្រ បានប្រាក់ចំនួន២០ដុល្លារ លុយខ្មែរចំនួន១៥.០០០រៀល ទូរស័ព្ទដៃ១គ្រឿង ។ មិនអស់ចិត្ត ចោរបានទៅរើកកាយរករបស់ទ្រព្យសម្បត្តិផ្សេងៗទៀត រួចបានចេញតាមទ្វារក្រោយគេចខ្លួនបាត់ស្រមោលទៅ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]