កែប៖ បុណ្យសមុទ្រឆ្នាំ២០១៣ ក្រោមប្រធានបទ «ផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ ទីក្រុងបៃតង» នឹងប្រារព្ធឡើង  ចាប់ពីថ្ងៃទី០៥-០៨ ខែធ្នូ លើទឹកដីខេត្តកែប ភាគីនិរតី នៃប្រទេស ជាមួយការរំពឹងទុកថា ទាក់ទាញបានភ្ញៀវទេស  ចរច្រើនកុះករ ទៅទស្សនាកម្សាន្ត និងចូលរួមសប្បាយរីករាយជាមួយកម្មវិធី ដែលរៀបចំឡើងដោយក្រសួងទេស  ចរណ៍មួយនេះ។

ជាមួយការរំកិលកាន់តែខិតជិតមកដល់ នៃពិធីបុណ្យមួយឆ្នាំមានម្តងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ទីរ  ជំនាញមានភាពមមាញឹក ក្នុងការកែខៃ រៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងចាក់ខ្សាច់ពង្រីកនៅតាម មាត់ឆ្នេរកម្សាន្តឲ្យកាន់តែមានភាពទូលាយ ដើម្បីលើកកម្ពស់សោភ័ណភាពនៅតំបន់ឆ្នេរ និងក្នុងខេត្តទាំងមូលឲ្យ កាន់តែស្រស់ស្អាតទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងធ្វើដំណើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រ ខាងមុខនេះ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានថ្លែងថា រមណីដ្ឋានខេត្តកែប ឥឡូវត្រូវបានកែលម្អរ និង អភិវឌ្ឍន៍ ដោយមានភាពទាក់ទាញសម្រាប់វិស័យទេសចរណ៍ឲ្យមានសក្តានុពលខ្ពស់។ ចំពោះសោភ័ណភាព ដ៏ ត្រកាលប្រកបដោយការទាក់ទាញនេះដែរ មជ្ឈដ្ឋានទូទៅពិតជាមានការចាប់អារម្មណ៍ ព្រមទាំងកោតសសើរផង ដែរ។

លោក សោម ចិន្តា បានថ្លែងបន្តថា រយៈពេលប៉ុន្មានខែមុនពិធីបុណ្យសមុទ្រ អាជ្ញា ធរក៏ដូចជាស្ថាប័នពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប មានភាពសស្រាក់សស្រាំក្នុងភារកិច្ចឈូសឆាយចាក់ដីបន្ថែម ពង្រីកដងផ្លូវសំខាន់ៗ ក្នុងតំបន់ ហើយមាត់ឆ្នេរហែលទឹកមុខស្រីស ក៏ត្រូវបានចាក់បំពេញដោយខ្សាច់ពណ៌សម្បុរ ដ៏ភ្លឺចិញ្ចាចចិញ្ចែង ដូចពេជ្រចរណៃ ហើយឆ្នេរលេងទឹកកាលពីមុនមានសភាពរដឹករដុបនោះឥឡូវបានប្រែក្លាយជា  មាត់ឆ្នេរសម្រាប់កម្សាន្តយ៉ាងប្រណីត ហើយក៏អាចចុះងូតទឹកលេងដោយគ្មានការព្រួយបារម្ភនោះឡើយ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានបញ្ជាក់ថា ខ្សាច់ដែលចាក់នៅលើមាត់ឆ្នេរ គឺត្រូវធ្វើឡើង តាមកម្រិតកម្ពស់ ដោយចាក់ខ្សាច់ពណ៌ខ្មៅទ្រាប់បាត ទើបចាក់ខ្សាច់ពណ៌សពីលើមាត់ឆ្នេរប្រហែល ៣០ម៉ែត្រ  និងចូលក្នុងទឹកសមុទ្រ ២០ម៉ែត្រ សម្រាប់ឲ្យរលកសមុទ្របោកបក់ពង្រាបដោយខ្លួនឯង។

បើតាម លោក សោម ចិន្តា នៅតាមមាត់ឆ្នេរប្រហែល ៥០០ម៉ែត្រនេះ មន្រ្តីជំនាញចាក់ខ្សាច់បំពេញបានប្រវែង ៣៧០ម៉ែត្រហើយៗ កន្លែងសេសសល់វាមិននៅក្នុងគម្រោងនោះទេ ប៉ុន្តែទោះជាបែបណាទីតាំងមាត់ឆ្នេរនឹងត្រូវ តែធ្វើជាបន្តបន្ទាប់ទៀតក្នុងអំឡុងពេលខាងមុខ។

លោក សោម ចិន្តា បានបន្តទៀតថា ទន្ទឹមនឹងភាពលេចធ្លោនូវទិដ្ឋភាពដ៏ត្រកាលនេះរមណីយដ្ឋានខេត្តកែប ក៏បាន តាំងនូវសមិទ្ធផលជាច្រើនទៀត សម្រាប់ដាក់បង្អួតអ្នកទេសចរណ៍ ដូចជាវិមានឯករាជ្យ ការដាក់តាំងរូបសំណាក  នានា សម្រាប់សម្គាល់តំបន់ទេស ចរណ៍ស្ថិតតាមមាត់ឆ្នេរ ព្រមទាំងដងផ្លូវសំខាន់ៗជាច្រើន រួមមានរូបសំណាក ព្រះស្តេចកន រូបសម្គាល់ឆ្នេរស្អាតដាច់គេ រូបសំណាកព្រះឥសូរ រូបសំណាកព្រះវិស្នុ រូបសំណាកក្តាមជាដើម  ហើយពេលចុងក្រោយអាជ្ញាធរខេត្តកែបក៏បានតាំងបង្ហាញរូបសំណាកដ៏ថ្មី សន្លាងមួយទៀតសំរាប់បង្អួតអ្នក ទេសចរក្នុងថ្ងៃបុណ្យសមុទ្រ គឺរូបស្រីសួគ៌ (ព្រះនាងលក្ស្ញី)ស្ថិត មាត់ឆ្នេរជាប់ដងផ្លូវតែម្តង។

ប្រធានមន្ទីរទេសចរណ៍រូបនេះ បានថ្លែងការរំពឹងទុកថា ក្នុងពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ រហូត ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នឹងមានភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

ខេត្តកែប ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតី នៃរាជធានីភ្នំពេញ មានទឹកសមុទ្រខៀវស្រងាត់ ជាមួយនិងទីក្រុងបៃតង មានខ្សល់បរិសុទ្ឋ កោះ ភ្នំ ជំរាលជើងភ្នំលាតសន្ឋឹងភ្ជាប់ទៅសមុទ្រ ព្រៃប្រឹក្សា ឆ្នេរសមុទ្របត់បែនតាម លក្ខណៈធម្មជាតិ ម្រេច ស្រែអំបិល។

តំបន់ឆ្នេរខ្សាច់ ដែលអាចលេងទឹកបានរួមមាន៖ ឆ្នេរខ្សាច់កោះទន្សាយ ឆ្នេរខ្សាច់អង្កោល លាតសន្ឋឹងប្រមាណ ២ គីឡូម៉ែត្រ និងឆ្នេរខ្សាច់កែប ៥០០ម៉ែត្រ អាហារសមុទ្រមានឱជារស់ឆ្ងាញ់ (ក្តាមសេះ) បបែល បង្គារ ម៉ឹក អេកូ ទេសចរណ៍បាតសមុទ្រ ទេសចរព្រៃធម្មជាតិ តាមដងផ្លូវមានព្រៃប្រវែង ៨គីឡូម៉ែត្រ។

ក្រៅពីសក្តានុពលកើតចេញពីធម្មជាតិ ខេត្តមួយនេះ ក៏ត្រូវបានអាជ្ញាធរព្យាយាមកែច្នៃនូវសមិទ្ធិផលជាច្រើនផ្សេង  ទៀត ប្រយោជន៍ទាក់ទាញភ្ញៀវទេសចររួមមាន ផ្ទះសំណាក់ ៤៣កន្លែង សណ្ឋាគារ ៥កន្លែង Resort ១៩កន្លែង  មាន ៩៦៨បន្ទប់ បំពាក់ដោយអាងហែលទឹកតូច-ធំ។

ឆ្នេរខ្សាច់កែប ដែលកំពុងអភិវឌ្ឍ រួមមានការចាក់ខ្សាច់ប្រវែង ៣៧០ម៉ែត្រ ស្មើនិង ៣១.៩១៥ម៉ែត្រគូប (ខ្សាច់ពី កំពត ១១.២៣៥ម៉ែត្រគូប, ពីកំពង់សោម ២០.៦៨០ម៉ែត្រគូប ដែលមានតម្លៃក្នុងមួយម៉ែត្រគូប ៣២.០០០រៀល និង១០០.០០០រៀល) ការសង់លូជ្រុង ៤០០ម៉ែត្រ តាមបណ្តោយឆ្នេរ និងលូមូល ៦៣ម៉ែត្រ រឺហ្គា ២១កន្លែង ដើម្បីបញ្ចៀសទឹកហូរលើខ្សាច់។

សោភ័ណក្នុងខេត្តកែបទាំងមូល ក៏ត្រូវបានលំអរដោយវិមានឯករាជ្យ សួនច្បារ ផ្លូវថ្នល់ រូបសំណាកនានា ដើមឈើ អមសង្ខាងផ្លូវ ដូចជាដើមក្ងោក គគី ឈើទាល ត្របែកព្រៃ ដូងប្រេង ស្លាយក្យ ដើមឆត្រ័ លឿងរាជ...៕





























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]