ខេត្តកំពង់ចាម ៖ ដីចម្ការមួយកន្លែងមានទំហំ ១៣០អា ស្ថិតនៅភូមិត្រពាំងជុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ត្រូវបានកូនស្រីបង្កើតឈ្មោះ ស្រេង សុភុន អាយុ៤៩ឆ្នាំ ប្តឹងទាមទារយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីឪពុកបង្កើតឈ្មោះ ឡាយ ស្រេង អាយុ៨៩ឆ្នាំ និងថែមទាំងប្តឹង មកសាលាដំបូងខេត្តរហូតដល់តុលាការកំពូល ។ នៅទីបំផុតយុត្តិធម៌ដ៏សមស្របបំផុត បានប្រគល់មកឱ្យលោកតាវិញ ។ ទោះជាបែបនេះក្តី កូនស្រីដែលចាញ់ក្តីរូបនេះ នៅតែបន្តដាំដំឡូងមីលើដីនោះដដែល រហូតមកដល់ព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០១៣ លោកតាបានធ្វើដំណើរ មកកាន់សាលាដំបូងខេត្តដើម្បីឱ្យជួយអន្តរាគមន៍ ពីបញ្ហានេះ ។

លោកតា ឡាយ ស្រេង មានប្រសាសន៍ឱ្យដឹងថា ដីចម្ការរបស់គាត់ខាងលើបានឱ្យទៅកូនស្រីឈ្មោះ សុភុន ដាំដំឡូងមី គ្រាន់នឹងបានកម្រៃឈ្នួលគិតជាស្រូវកន្លះដឹកសម្រាប់យកមកផ្គត់ ផ្គង់ជីវភាព២នាក់តាយាយ។ តែក្រោយមករយៈពេល៣ឆ្នាំនេះកូនស្រីមិនបានឱ្យថ្លៃឈ្នួលអ្វីនោះ ទេគឺទទេស្អាត តើខ្ញុំបានអីហូប២នាក់យាយ។ លុះពេលដែលលោកតាទាមទារយកដីវិញ បែរជាកូនស្រីមិនព្រមឱ្យ ថែមទាំងប្តឹងមកសាលាដំបូងខេត្តទាមទារយកដីចម្ការនោះធ្វើជា កម្មសិទ្ធិរបស់ខ្លួនថែមទៀត ។ គួររំលឹកថា កាលពីថ្ងៃទី១៥ កក្កដា ២០១៣ នៅសាលជំនុំជម្រះសាលាដំបូងខេត្ត បានបើកសវនាការ ដោយមានសមាសភាព លោកជា វណ្ណៈ ចៅក្រមជំនុំជម្រះ លោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកហេង សម្ផស្ស ក្រឡាបញ្ជី លោកតែ ស៊ាងរ៉ានីន មេធាវីការពារឱ្យដើមបណ្តឹងរដ្ឋប្បវេណី ។ ក្នុងពេលនោះឈ្មោះ ស្រេង សុភុន បានឆ្លើយថា ឈ្មោះ ឡាយ ស្រេង គឺជាឪពុកបង្កើតរបស់ខ្លួន។ ដីនោះជាដីរបស់នាងដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៥ មកម៉្លេះ ហើយការកាន់កាប់នេះមិនមានអ្នកណាមកតវ៉ានោះទេ ។ ដីនោះមានទំហំ១៣០អាស្ថិតនៅភូមិត្រពាំងជុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ស្ត្រីជាកូននិយាយថា ដីនេះនាងមិនប្រគល់ទៅឱ្យឪពុកវិញទេ ដោយហេតុថាខ្លួនបានបង្កបង្កើនផលតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ ។

នាងបានរៀបរាប់ទៀតថា ក្រោយមកឪពុកឈ្មោះ ឡាយ ស្រេង បានប្តឹងមកសាលាដំបូងខេត្ត ហើយតុលាការបានកាត់ក្តីឱ្យនាងជាអ្នកចាញ់ក្តី តែនាងកើតទុក្ខមិនសុខចិត្ត ក៏បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ក៏ចាញ់ក្តីទៀត និងបានប្តឹងតុលាការកំពូលបន្តទៀត ។ តែលទ្ធផលតុលាការបានសម្រេចប្រគល់ដីចម្ការនេះទៅឱ្យឪពុកវិញ ដដែល ។ លោកតាឡាយ ស្រេង បាននិយាយថា នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា រូបគាត់បានធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីឱ្យជួយ អន្តរាគមន៍ដល់រូបគាត់ ហើយត្រូវមន្ត្រីនគរបាលម្នាក់ដឹកលោកតាតាមរថយន្តមកកាន់សាលាដំបូង ខេត្ត ធ្វើយ៉ាងណាជួយអនុវត្តសាលក្រមស្ថាពររបស់តុលាការកំពូល យកដីចម្ការពីកូនស្រីរបស់គាត់មកវិញសម្រាប់ទុកចិញ្ចឹមជីវិតពីរ នាក់តាយាយ ។ លោកតា ឡាយ ស្រេង មានកូនប្រុសស្រី ទាំងអស់៦នាក់ តែម្នាក់បានស្លាប់ទៅហើយ នៅតែ៥នាក់ទេ ហើយកូនស្រីដែលប្តឹងទារដីចម្ការនោះគឺជាកូនទី៥ ។ បច្ចុប្បន្នលោកតា និងយាយកំពុងរស់នៅជាមួយចៅ២នាក់នៅភូមិត្រពាំងគូ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]