ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បាននាំគ្នីគ្នា ២-៣នាក់ផឹកស៊ី នៅនឹងផ្ទះរបស់ខ្លួនអស់ ស្រា២លីត្ររហូតដល់ស្រវឹង និងលាយឡំជាមួយការប្រចណ្ឌប្រពន្ធផង ក៏កើតទៅជារឿងជម្លោះគ្នា រវាងប្តីប្រពន្ធ  ភ្លាមនោះបុរសជាប្តីបានយកគ្រាប់បែកមកគំរាម ខណៈនោះក៏មានការប្រវាយប្រតប់គ្នា ធ្វើឱ្យគ្រាប់បែកនោះបានផ្ទុះ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៥ វិច្ឆិកា ២០១៣ ស្ថិតនៅក្នុងភូមិគោកសំពណ៌ ឃុំលំទង ស្រុកអន្លង់វែង ។ ប្រភពបានឱ្យដឹងថា បុរសដែលស្លាប់ទាំង២នាក់ ១-ឈ្មោះហៃ រឿម អាយុ៣៩ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះ (ស្លាប់) និងឈ្មោះផួក ផា ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឪពុកមា (ស្លាប់) ចំណែកប្រពន្ធរបស់ជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាប្តីឈ្មោះហៃ រឿម នោះ ផឹកស្រារហូតដល់ស្រវឹងជាមួយមិត្តភក្តិ ហើយក៏មានជម្លោះជាមួយប្រពន្ធរហូតវាយតប់គ្នា បន្ទាប់មកគេឃើញនាងជាប្រពន្ធរត់ទៅផ្ទះឪពុកមាបាត់ មួយសន្ទុះស្រាប់តែបុរសជាប្តីដើរទៅតាមក្រោយ ដោយមានកាន់គ្រាប់បែកមួយគ្រាប់ផង ហើយស្រែកថា «កូនទើបកើតនោះ មិនមែនជាកូនអញទេ វាមានសហាយស្មន់ជាមួយប្រុសផ្សេង ត្រូវយកវាមកបោកសម្លាប់ចោល» ភ្លាមនោះឈ្មោះផួក ផា ដែលត្រូវជាឪពុកមា បានស្ទុះទៅប្រវាយប្រតប់គ្នា ក្នុងគោលបំណងយកគ្រាប់បែកវិញ ក៏បណ្តាលឱ្យផ្ទុះស្លាប់ទាំង២នាក់តែម្តង ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]