កីឡាករប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវ បានក្លាយជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBO ដែលនៅទំនេរ បន្ទាប់ពីបានយកឈ្នះកីឡាករ អាមេរិកប៊្រែនដុន រីយ៉ូសដោយពិន្ទុជាឯកច្ឆ័ន្ទ នៅក្នុងការប្រកួតនៅសង្វៀន Cotai Arena ក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃអាទិត្យទី២៤ វិច្ឆិកា ។

ជាលទ្ធផលសរុបនៃការប្រកួតពេញ១២ទឹក ប៉ាក់គីអាវយកឈ្នះរីយ៉ូសក្នុងលទ្ធផល ១២០ ទល់ ១០៨ , ១១៩ ទល់ ១០៩ និង ១១៨ ទល់ ១១០ ។ គួរកត់សម្គាល់ថា នៅក្នុងការប្រកួតលើកនេះ ប៉ាក់គីអាវហាក់ធ្វើបានល្អច្រើនជាង២លើកកន្លងទៅដោយគេបានគ្រប់គ្រងការប្រកួតស្ទើរគ្រប់ទឹក ។ ការប្តូរកណ្តាប់ដៃគ្នាដែលពញ្ញាក់ស្មារតីអ្នកទស្សនាគឺកើតមានក្នុងទឹកទី១និងទី២ តែទោះជាយ៉ាងណា ប៉ាក់គីអាវមានប្រៀបជាងរីយ៉ូស ។ ចូលដល់ទឹកទី៣ ប៉ាក់គីអាវ នៅតែបន្តគ្រប់គ្រងការប្រកួតដដែល ជាមួយនឹងកណ្តាប់ដៃវាយចេញធ្ងន់ៗខណៈដែលរីយ៉ូសគ្មានអ្វីតបតក្រៅពីឃុំការពារមុខ ។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍មួយទៀតគឺកើតមានក្នុងទឹកទី៧ ខណៈកណ្តាប់ដៃដ៏ធ្ងន់របស់ប៉ាក់គីអាវ បានធ្វើឱ្យដាច់ចិញ្ចើមឆ្វេងរបស់រីយ៉ូស ។ សម្រាប់រីយ៉ូស ទោះជារងរបួសក្តី ប៉ុន្តែទឹកចិត្តរបស់គេហាក់មិនថមថយនោះទេ ។ គេបានរក្សាការដើរចូលទៅរកប៉ាក់គីអាវជានិច្ច ។ គេសង្កេតឃើញថា ការ ប្រកួតលើកនេះ រីយ៉ូសហាក់គ្មានបច្ចេកទេសណាមួយដើម្បីឆ្លើយតបនឹងល្បឿនគេច និងវាយយ៉ាងរហ័សរបស់ប៉ាក់គីអាវឡើយ ។ សម្រាប់ប៉ាក់គីអាវ នេះគឺជាជ័យជម្នះលើកទី១ហើយចាប់តាំងពីការបរាជ័យ២លើកផ្ទួនៗគ្នាក្រោមកណ្តាប់ដៃកីឡាករធីម៉ូធី ប៊្រែតលីនិងកីឡាករម៉ានូអែល ម៉ាកហ្គេស ។ គេបានថ្លែងថា ៖ «ទើបតែស្គាល់រសជាតិចាញ់ដោយសន្លប់ ហើយមកប្រកួតដូចជានៅក្មេងគឺជាអ្វីដែលខ្ញុំព្យាយាមធ្វើនៅក្នុងការប្រកួតនេះ ។ ខ្ញុំប្រុងប្រយ័ត្នខ្ពស់បំផុត ។ រីយ៉ូសជាគូប្រកួតស្វិតស្វាញបំផុតដែលខ្ញុំទើបតែជួបក្នុងអាជីព ។ គេរងកណ្តាប់ដៃយ៉ាងច្រើន ប៉ុន្តែនៅតែអាចទ្រាំទ្របាន »។

យោងតាមលោកបប់ អារ៉ាំ អ្នករៀបចំការប្រកួតបានឱ្យដឹងថា ជ័យជម្នះលើកនេះប៉ាក់គីអាវទទួលបានទឹកប្រាក់ ១៨លានដុល្លារអាមេរិក បូករួមនឹងទឹកប្រាក់លក់ការផ្សាយផ្សេងៗ ដូច្នេះ កីឡាករហ្វ៊ីលីពីនរូបនេះ អាចទទួលបាន៣០លានដុល្លារ ។ ដោយឡែក សម្រាប់កីឡាកររីយ៉ូស ការប្រកួតលើកនេះគេទទួលបានទឹកប្រាក់តម្លៃខ្លួន ៤លានដុល្លារប៉ុណ្ណោះ ៕



 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]