ភ្នំពេញ៖ ក្រោយពីតារាសម្តែង និងជាតារាម៉ូដ កញ្ញា ស៊ិន រតនា បានភ្ជាប់ចំណង ស្នេហាជាមួយ បុរសម្នាក់ជា អាណិកជនខ្មែរ រស់នៅប្រទេសបារាំង អស់រយៈពេល ប្រមាណជាង៧ ឆ្នាំរួចមក ពេលនេះអ្នកទាំងពីរ មានគម្រោងរៀបចំ ពីធីភ្ជាប់ពាក្យជាមួយគ្នា ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ពោលគឺក្នុងរដូវរំហើយ នាខែកក្ដិកធ្លាក់ខ្យល់ រំភើយនេះ។ កញ្ញា ស៊ិន រតនា ចាប់តាំងពីចូលប្រឡូក នៅក្នុងវិស័យសិល្បៈមក ត្រូវបានមហាជនមើលឃើញថា នាងគឺជាតារា មានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការសម្តែង ឈុតខារ៉ាអូខេ ស្ពតពាណិជ្ជកម្ម និងការសម្តែង ជាខ្សែភាពយន្តជាដើម។

ខណៈការងារសិល្បៈ របស់តារាស្រីរូបនេះ កំពុងតែដំណើរការបោះជំហាន ឆ្ពោះទៅមុខជាលំដាប់ ក្នុងអំឡុងពេល ជាងពីរឆ្នាំមកនេះ ស៊ិន រតនា ក៏ជោគជ័យ ជាមួយនឹង ជីវិតស្នេហាក្រៅឆាក ជាមួយបុរស ឯនាយសមុទ្រ។ មិនតែប៉ុណ្ណោះ មកដល់ពេលនេះត្រូវបានប្រភពទម្លាយថា ចំណងស្នេហ៍ រវាងអ្នកទាំងពីរ ក៏កំពុងតែឈានដល់ ចំណងអាពាហ៍ពិពាហ៍ នៃថ្នាលជិវិតសុភមង្គល នាពេលដ៏ខ្លី ខាងមុខនេះ។

អ្នកជិតខាង ជាមួយតារាសម្តែងស្រី ស៊ិន រតនា បានបង្ហើបប្រាប់ឲ្យដឹងពីគម្រោង នៃការភ្ជាប់ពាក្យ របស់គូស្នេហ៍ ទាំងពីរនេះថា នាង រតនា និងបុរសដែលកំពុងតែ រស់នៅឯនាយសមុទ្រម្នាក់នេះ គ្រោងរៀបចំពិធី ភ្ជាប់ពាក្យជាមួយគ្នា ជាផ្លូវការក្នុងអំឡុង ដើមខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ។ ចំណែកឯ ថ្ងៃចូលរោងជ័យ បន្លឺឃ្មោះការ នៃអាពាហ៍ពិពាហ៍ ត្រូវប្រភពខាងលើ និយាយ ដោយសន្និដ្ឋានថា អាចប្រារព្ធឡើង នៅពាក់កណ្តាលឆ្នាំ២០១៤។

ប្រភពបានបន្តថា សម្រាប់ពិធីភ្ជាប់ពាក្យ របស់តារាម៉ូដែល រាងខ្ពស់ថ្ពាល់ខួច មានមន្តស្នេហ៍ឆ្លងទ្វីប កញ្ញា ស៊ិន រតនា ប្រហែល ជាមិនធ្វើដោយ បើកចំហនោះទេ គ្រាន់តែធ្វើឡើង មានការចូលរួមដឹងឮ ពីចាស់ទុំទាំងសងខាង ប្រហែល១០ទៅ២០នាក់ ប៉ុណ្ណោះ ហើយគូស្នេហ៍អ្នកទាំងពីរ ក៏ននឹងបំពាក់ចិញ្ចៀនបញ្ចាំចិត្ត ឲ្យគ្នាទៅវិញទៅមក ដើម្បីតំណាង ជាសក្ខីភាព ឆ្ពោះទៅរកថ្ងៃរៀបមង្គលការដ៏ឆាប់នេះ។

គេហទំព័រ LookingTODAY កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ មិនទាន់អាចស្វែងរកការបកស្រាយ ពីកញ្ញា ស៊ិន រតនា ជុំវិញរឿងនេះឲ្យ បានដឹងច្បាស់ នៅឡើយទេ។ សូមបញ្ជាក់ថា កញ្ញា ស៊ិន រតនា បន្ទាប់ពីឈានជើងចូល ក្នុងវិស័យសិល្បៈ មួយរយៈនេះមក នាងបានខិតខំកសាង កេរ្តិ៍ឈ្មោះឲ្យមានភាពល្បី ដោយការបញ្ចេញ សមត្ថភាព តាមរយៈការសម្តែងជាខ្សែភាពយន្ត ក៏ដូចជាការថតសម្តែង ជាខារ៉ាអូខេ រហូតដល់មានឱកាស ទាញបានប្រជាប្រិយភាព យ៉ាងច្រើន គួរសមពីទស្សនិកជន។ កញ្ញា ស៊ិន រតនា នៅតែបានទទួលបាន ការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់តារាសិល្បៈ និងមជ្ឈដ្ឋានភាគច្រើន គ្រប់ពេលនាងចេញ បង្ហាញមុខតាមកម្មវិធីនានា៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]