រាជធានីភ្នំពេញ ៖ បន្ទាប់ពីបុរសម្នាក់បង្ហោះព័ត៌មាន បង្កការភ្ញាក់ផ្អើលដល់មហាជនថា តារាចម្រៀងចាស់វស្សានាងពេជ្រ សោភា ត្រូវគេបណ្តេញចេញពីផលិតកម្មហង្សមាស ដោយសារតែនាងមាននិន្នាការ នយោបាយនោះ តារាចម្រៀងដែលមានប្រភព ចេញពីក្មេងលក់ទឹកអំពៅរូបនេះបានឆ្លើយតប និងបកអាក្រាតបុរសនោះវិញ ។ មុននឹងឆ្លើយតបស្ទើរក្លាយជាជម្លោះ យ៉ាងក្តៅគគុកនេះ បុរសម្នាក់បានប្រើប្រាស់ គណនេយ្យហ្វេសប៊ុករបស់ខ្លួន បង្ហោះព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលអះអាងថា ពេជ្រ សោភា ត្រូវគេបណ្តេញចេញ ពីហង្សមាសហើយ ដោយសារនាងប្រកាន់និន្នាការនយោបាយ ។

បុរសរូបនោះសរសេរថា «មាត់និយាយថា មិនប្រកាន់និន្នាការនយោបាយ» តែតារាចម្រៀងពេជ្រ សោភា ត្រូវផលិតកម្មរស្មីហង្សមាស បណ្តេញចេញហើយ ! ពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ ។ ខ្ញុំសូមប្រកាសថា ខ្ញុំឈប់គាំទ្រផលិតកម្ម រស្មីហង្សមាសទៀតហើយ ចាប់ពីពេលនេះទៅ ។ មុននឹងឈានដល់ការបង្ហោះព័ត៌មាននោះ ពេជ្រ សោភា ត្រូវសារព័ត៌មាននៅក្នុងស្រុកមួយចុះផ្សាយដោយដាក់ចំណងជើង ធំៗថា ទំនងជាមាននិន្នាការទៅរកបក្សសង្គ្រោះជាតិ បន្ទាប់ពីនាងបានសហការជាមួយតារាមួយ រូបដែលចេញមុខយ៉ាងពេញទំហឹងគាំទ្របក្សប្រឆាំង ក្នុងន័យកៀងគរស្វែងរកជំនួយជួយ ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា ។ 
អត្ថបទមួយនោះធ្វើឱ្យពេជ្រ សោភា ស្រក់ទឹកភ្នែក និងបានឆ្លើយតបវិញតាម រយៈវីដេអូឃ្លីបបង្ហោះតាមហ្វេសប៊ុករ បស់នាងពីអាមេរិក ក្នុងពេលដែលនាងកំពុងតែ ច្រៀងនៅទីនោះ ។ ពេជ្រ សោភា អះអាងថា ការស្វែងរកជំនួយ គឺធ្វើឡើងដោយចេញពីចិត្តរបស់នាងផ្ទាល់ និងមិនប្រកាន់និន្នាការនយោបាយខាងណាឡើយ ។ ជំនួយដែលនាងរកបាន នាងនឹងប្រគល់ដោយផ្ទាល់ ដៃដល់ប្រជាពលរដ្ឋដែលរង គ្រោះដោយទឹកជំនន់នៅក្នុងឆ្នាំនេះ ។ រឿងហេតុនោះហើយ ដែលធ្វើឱ្យបុរសម្នាក់នោះសរសេរ បង្អើលដល់ស្រទាប់មហាជនថា តារាចម្រៀងពេជ្រ សោភា ត្រូវគេបណ្តេញចេញពីផលិតកម្មហង្សមាស ដោយមាននិន្នាការនយោបាយ ។ ដោយសារឃើញគេសរសេរបែបនោះ ពេជ្រ សោភា ក្តៅស្លឹកត្រចៀក ក៏បកអាក្រាតបុរសរូបនោះវិញ ។ ពេជ្រ សោភា ប្រើប្រាស់គណនេយ្យហ្វេសប៊ុករបស់នាង សរសេរបកអាក្រាតបុរសរូបនោះវិញថា «ចង់ដឹងអ្នកសរសេរជាអ្នកណាទេ? អ្នកសរសេរនោះមិនទាន់ សងលុយម្តាយខ្ញុំ និងបងស្រីខ្ញុំ មិនទាន់សងគ្រប់ទេ ។ បើយកល្អ មកសងប្រាក់គ្រួសារខ្ញុំសិនទៅ ។ ខ្ញុំជួយអ្នកណាម្នាក់ ខ្ញុំមិនដែលគិតថា ចង់បានការតបស្នងវិញទេ តែអ្នកកាសែតម្នាក់នេះ ធ្លាក់សុំជ្រកកោននៅក្នុងផ្ទះរបស់ខ្ញុំ ដើម្បីបន្តការសិក្សា ក្រោយពេលរៀនចប់ មានចំណេះដឹងគួរសម បែរជាសរសេរព័ត៌មាន មិនពិតពីនាងខ្ញុំពេជ្រ សោភា ដែលធ្លាប់ជាអ្នកមានគុណរបស់គេទៅ
វិញ» ។

ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលថា ពេជ្រ សោភា ត្រូវបណ្តេញចេញពីផលិតកម្មហង្សមាសនោះ អ្នកចាត់ការទូទៅរបស់ផលិតកម្មនេះលោក អុិន ទីតូ បានសម្តែងការភ្ញាក់ផ្អើល និងបដិសេធចោលការចោទនាងពេជ្រ សោភា បែបនោះ ។ អ្នកចាត់ការវ័យក្មេងរូបនេះ អះអាងប្រាប់កោះសន្តិភាព តាមទូរស័ព្ទកាលពីពេល ថ្មីៗនេះថា ពេជ្រ សោភា មិនត្រូវក្រុមហ៊ុនបញ្ឈប់ការងារឡើយ គឺនាងនៅតែច្រៀងនៅក្នុងផលិតកម្មលោកដដែល ។ លោកបានសម្តែងការភ្ញាក់ផ្អើលពេលឮព័ត៌មាននេះ ហើយលោកក៏ចង់ដឹងច្បាស់ដែរថា ព័ត៌មាននេះចេញពីប្រភពណា ហើយគេបង្កើតព័ត៌មាននេះក្នុងគោលបំណងអ្វី ខណៈពេលដែលក្រុមហ៊ុនរបស់លោកកំពុង តែត្រៀមចេញបទចម្រៀង ថ្មីៗបន្ថែមទៀត សម្រាប់តារាចម្រៀងពេជ្រ សោភា ក៏ដូចជាតារាចម្រៀង ទាំងអស់នៅក្នុងផលិតកម្មហង្សមាស ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា